(កំពង់ចាម)៖ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានអញ្ជើញដឹកនាំ កិច្ចប្រជុំណែនាំ ស្ដីពីការប្រមូលតម្រូវការអាទិភាពរបស់មូលដ្ឋានសម្រាប់ការ កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤-២០២៦ និងផ្សព្វផ្សាយសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៣-២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម ដោយមានការចូលរួម ពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងលោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក និងតំណាងអង្គការសង្គមស៊ីវិល។

ក្នុងឱកាសបើកកិច្ចប្រជុំ អភិបាលខេត្តកំពង់ចាម បានសំដែងនូវការកោតសរសើរដ៏ស្មោះ ចំពោះថ្នាក់ដឹកនាំ មន្ទីរអង្គភាព មន្ត្រីពាក់ព័ន្ធ និងតំណាងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចូលរួមដំណើរការកសាង កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) កន្លងមក សម្រេចបានជោគជ័យ និងបានបោះពុម្ភផ្សព្វផ្សាយនាពេលនេះ។

លោកអភិបាលខេត្តបានបន្តថា កិច្ចប្រជុំនៅថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់ ពីព្រោះបានបង្ហាញពីការអនុវត្ដនូវតួនាទី និងភារកិច្ច ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ។ រដ្ឋបាលខេត្តបានអនុវត្តច្បាប់ គោលនយោបាយរបស់រាជរដ្ឋាភិបាល និងតាមរយៈនៃការខិតខំរួមគ្នាក្នុងការអភិវឌ្ឍន៍ដើម្បីធានាបាននូវសន្តិសុខនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុខុមាលភាពសង្គម ហើយជីវភាពប្រជាពលរដ្ឋកាន់តែសម្បូរសប្បាយ និងរីកចម្រើនជាលំដាប់។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា បានជំរុញដំណើរការកំណែទម្រង់ដ៏ស៊ីជម្រៅ និងទូលំទូលាយរួមមាន៖ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការតម្លើងប្រាក់បៀវត្សជូនដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធនៅដើមឆ្នាំ២០២៣នេះ ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់ដីធ្លី ជលផល ការគ្រប់គ្រងព្រៃឈើ ធនធានធម្មជាតិ និងបរិស្ថាន ដើម្បីធានាអភិបាលកិច្ចល្អ និងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព។

នៅក្នុងកំណែទម្រង់រដ្ឋបាលសាធារណ: រាជរដ្ឋាភិបាលចាត់ទុកថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានសារៈសំខាន់ចំពោះការកែលម្អគុណភាពសេវាសាធារណៈគឺ ការអភិវឌ្ឍមូលដ្ឋានដោយមានការចូលរួមយ៉ាងសកម្ម នៅក្នុងការធ្វើសេចក្ដីសម្រេចចិត្ដនៅមូលដ្ឋាន និងការផ្ដល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័ននៅថ្នាក់ជាតិកាន់តែរហ័ស និងមានប្រសិទ្ធភាព និងការបង្កើននូវលទ្ធភាព នៃការកៀរគរប្រភពធនធាននៅ មូលដ្ឋានសម្រាប់ផ្ដល់សេវា និងការអភិវឌ្ឍបន្ថែមទៀត។

ការវិវត្តនៃកិច្ចដំណើរការ កំណែទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការប្រកបដោយការជឿជាក់យ៉ាងខ្លាំងចំពោះតួនាទីដ៏មានសារៈសំខាន់ របស់ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច នៅតាមមូលដ្ឋាន សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងចូលរួមចំណែកការបន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាពផងដែរ។

ផ្អែកតាមផែនការអភិវឌ្ឍន៍របស់ខ្លួន រដ្ឋបាលឃុំ សង្កាត់បានរៀបចំ និងអនុវត្តនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចដូចជា ការសាងសង់ផ្លូវលំ ផ្លូវបេតុង ស្ពាន អណ្តូងទឹក ប្រឡាយទឹក អគារសាលារៀន និងគម្រោងផ្សេងៗទៀត ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការផ្សព្វផ្សាយព័ត៌មានអំពីបញ្ហាសុខភាព និងអនាម័យតាមជនបទ ការផ្សព្វផ្សាយចំណេះដឹងអំពីបញ្ហាយេនឌ័រ ការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ ដោយប្រើប្រាស់មូលនិធិឃុំ សង្កាត់ និងកៀរគរធនធាន ដែលបានពីប្រភពផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពនានារបស់ប្រជាជននៅតាមមូលដ្ឋាន ដែលសកម្មភាពទាំងនេះបានបង្ហាញឲ្យឃើញថាកំណែទម្រង់នៅថ្នាក់ឃុំ សង្កាត់ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងប្រជាធិបតេយ្យនៅមូលដ្ឋាន លើកកម្ពស់ការផ្តល់សេវាសាធារណៈ តាមរយៈការបង្កើតឲ្យមានយន្តការច្រក នៅតាមរដ្ឋបាលឃុំ សង្កាត់ ដែលជាការចូលរួមចំណែកយ៉ាងមានប្រសិទ្ធភាព ក្នុងការលើស្ទួយជីវភាពរស់នៅរបស់ប្រជាជននៅមូលដ្ឋាន៕