(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ មានប្រារព្ធពិធីអបអរសាទរទិវាគយអន្តរជាតិ ក្រោមអធិបតីភាពរបស់បណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករ និងតំណាងក្រុមធុរជនល្អបំផុត។

ការប្រារព្ធពិធីទិវាគយអន្តរជាតិសម្រាប់ឆ្នាំនេះ គឺធ្វើឡើងក្រោមប្រធានបទ «គាំទ្រអ្នកជំនាន់ក្រោយ៖ ដើម្បីជំរុញលើកកម្ពស់វប្បធម៌ នៃការចែករំលែកចំណេះដឹង និងមោទកភាពវិជ្ជាជីវៈគយ» (Nurturing the Next Generation: Promoting a Culture of Knowledge-sharing and Professional Pride in Customs)។

បណ្ឌិត គុណ ញឹម បានលើកឡើងថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី២៦ ខែមករា រដ្ឋបាលគយនៃប្រទេសជាសមាជិកអង្គការគយពិភពលោក ដែលបច្ចុប្បន្នមានចំនួន ១៨៤ប្រទេស រៀបចំពិធីដើម្បីអបអរសារទរ និងរំលឹកដល់ការបង្កើតក្រុមប្រឹក្សាសហប្រតិបត្តិការគយ ដែលបច្ចុប្បន្នមានឈ្មោះថា អង្គការគយពិភពលោក (WCO)។

លោកបន្តថា ទិវាគយអន្តរជាតិឆ្នាំនេះ ចំពេលដែលអង្គការគយពិភពលោកប្រារព្ធខួបលើកទី៧០ឆ្នាំផងដែរ។ ប្រធានបទឆ្នាំនេះ បានរៀបចំឡើងស្របតាមកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលគយ ដើម្បីរំលេចបង្ហាញថាធនធានមនុស្ស និងជាពិសេសអ្នកជំនាន់ក្រោយ ជាសសរទ្រូងនៃដំណើរការកំណែទម្រង់ ដើម្បីសម្រេចបាននូវបេសកកម្ម និងចក្ខុវិស័យរបស់រដ្ឋបាលគយ នីមួយៗ ក៏ដូចជាជួយបង្កើនប្រសិទ្ធភាព ស័ក្តសិទ្ធិភាព និងពង្រឹងសមត្ថភាពរបស់រដ្ឋបាលគយ ក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងរួមចំណែកបង្កឱ្យមានបរិយាកាសធុរកិច្ចល្អប្រសើរ, ការបង្កើនប្រសិទ្ធភាព ក្នុងការប្រមូលចំណូលពន្ធអាករ ប្រកបដោយសមធម៌ និងតម្លាភាព, ការបង្កើនប្រសិទ្ធភាពក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការចូលរួមចំណែកការពារសង្គមបរិស្ថាន និងសុខុមាលភាពរបស់ប្រទេស។

លោកបន្តថា «យើងទទួលស្គាល់ថា មន្រ្តីវ័យក្មេងមានសក្តានុពល ក្នុងការបំពេញការងារប្រចាំថ្ងៃ និងចូលរួមសម្រេចបាននូវបេសកកម្ម និងចក្ខុវិស័យរបស់រដ្ឋបាលគយ ប៉ុន្តែគាត់ក៏ត្រូវការចាំបាច់ទទួលបានការចែករំលែកចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេស និងរបៀបរបបធ្វើការពីអ្នកជំនាន់មុន ដូចពាក្យស្លោក «ទូកទៅ កំពង់នៅ»

ដើម្បីលើកតម្កើងការកសាងធនធានមនុស្ស នៅក្នុងយុទ្ធសាស្រ្តកំណែទម្រង់និងទំនើបកម្មគយឆ្នាំ២០១៩-២០២៣ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានដាក់ចេញនូវគោលដៅមួយយ៉ាងច្បាស់លាល់ សម្រាប់អនុវត្ត គឺគោលដៅយុទ្ធសាស្រ្តទី៥ ការគ្រប់គ្រងធនធានមនុស្ស និងការអភិវឌ្ឍស្ថាប័ន ដែលរួមមានសកម្មភាព៖ ១. ការរៀបចំធនធានមនុស្ស តាមរចនាសម្ព័ន្ធអង្គការលេខ ២. ការអភិវឌ្ឍធនធានមនុស្ស ៣. ការលើកកម្ពស់ប្រសិទ្ធភាពការងារ និងសុចរិតភាព ៤.ការរៀបចំបង្កើតសាលាជាតិគយ និង៥. ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងបំពាក់មធ្យោបាយបំពេញការងារ។

ក្នុងឆ្នាំ២០២២កន្លងមកនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរៀបចំ និងសម្របសម្រួលចាត់មន្រ្តីចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាក្នុងប្រទេសសរុបចំនួន ១១៣វគ្គ និងក្រៅប្រទេសសរុបចំនួន ៤១វគ្គ ជូនដល់មន្រ្តីគយនិងរដ្ឋាករ មន្ត្រីជាប់កិច្ចសន្យា ជើងសាគយ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ព្រមទាំងបានធ្វើជាម្ចាស់ផ្ទះ រៀបចំសិក្ខាសាលា និងកិច្ចប្រជុំថ្នាក់ជាតិ និងតំបន់មួយចំនួនទៀត។ លើសពីនេះទៀត អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានរៀបចំការប្រឡងជ្រើសរើសមន្រ្តីគយថ្មីចំនួន៥០រូបផងដែរ។

ដើម្បីអបអរសារទរក្នុងពិធីដ៏មានអត្ថន័យនេះ បណ្ឌិត គុណ ញឹម បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ប្រគល់វិញ្ញាបនបត្រទទួលស្គាល់ស្នាដៃ របស់អង្គការគយពិភពលោក (WCO Certificates of Merit) ជូនមន្រ្តីគយនិងរដ្ឋាករ មន្រ្តីគយនិងរដ្ឋាករចូលនិវត្តន៍ និងក្រុមហ៊ុនធុរជនល្អបំផុតចំនួន៧៦នាក់ ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាព កិច្ចសម្រួលពាណិជ្ជកម្មពង្រឹងអនុលោមភាព និងបំពេញកាតព្វកិច្ចពន្ធនិងអាករ និងបណ្ណសរសើរក្រោមគម្រោងកម្មវិធីត្រួតពិនិត្យកុងតែន័រ (UNODC-WCO Container Control Programme) ជូនមន្រ្តីគយនិងរដ្ឋាករ ដែលមានស្នាដៃចំនួន ០៦រូប។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ពិធីអបអរសាទរទិវាគយអន្តរជាតិ នឹងធ្វើឲ្យមានចំណាប់អារម្មណ៍ ក្នុងការបន្តការគាំទ្រដល់ផែនការកំណែទម្រង់ និងទំនើបកម្មគយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជាការចូលរួមជំរុញ លើកកម្ពស់វប្បធម៌ នៃការចែករំលែកចំណេះដឹង និងមោទកភាពវិជ្ជាជីវៈគយបន្ថែមទៀត៕