(ភ្នំពេញ)៖ ការលើកកម្ពស់ការសិក្សាពេញមួយជីវិតនៅលើសុវត្ថិភាព និងសុខភាពការងារអាចជួយកម្មករនិយោជិត និងនិយោជកឱ្យស្វែងយល់ និងសម្របខ្លួនទៅនឹងហានិភ័យដែលកំពុងកើតមាន ក៏ដូចជាហានិភ័យទាក់ទង នឹងការងារជាប់លាប់ ដូច្នេះការកែលម្អសុវត្ថិភាព និងសុខភាពការងារពេញមួយជីវិតការងារ គឺជាការងារចាំបាច់។

នេះជាការលើកឡើងរបស់លោក ចាប ឫទ្ធី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលា ត្រីភាគី ការរៀបចំផែនការមេលើកទី៣ ស្ដីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ រៀបចំធ្វើឡើងនៅសណ្ឋាគារសាន់វ៉េ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

លោករដ្ឋលេខាធិការបញ្ជាក់ថា យោងតាមអង្គការអន្តរជាតិខាងការងារ (ILO) បានឲ្យដឹងថា ជារៀងរាល់ឆ្នាំមានកម្មករចំនួនប្រមាណ៣លាននាក់បានស្លាប់ដោយសារគ្រោះថ្នាក់ការងារ និងជំងឺទាក់ទងនឹងការងារ ហើយកម្មករនិយោជិតប្រហែល៣៧៤លាននាក់បន្ថែមទៀតទទួលរងពីគ្រោះថ្នាក់ការងារ តែមិនមានគ្រោះថ្នាក់ដល់ជីវិត។ ក្រៅពីការចំណាយខាងសេដ្ឋកិច្ច គឺមានការចំណាយដែលមិនអាចគណនាជាតួលេខ ដែលគេមិនបានទទួលស្គាល់ក្នុងការវាយតម្លៃទាំងនេះ ដែលបញ្ហាទាំងនេះគឺបណ្តាលមកពីលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ។ បញ្ហានេះគឺជាសោកនាដកម្ម និងជាការគួរឱ្យសោកស្តាយ ព្រោះថាការស្រាវជ្រាវ និងការអនុវត្តជាច្រើនសតវត្សកន្លងមកនេះ បានបង្ហាញឱ្យឃើញថាទុក្ខលំបាកនេះ ភាគច្រើនគឺអាចបង្ការបាន បើសិនជាយើងមានវិធានការច្បាស់លាស់។

លោក ចាប ឫទ្ធី បានឱ្យដឹងថា ដោយមានការគាំទ្រពីគម្រោង ILO/Japan OSH ការវាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តផែនការមេលើកទី២ ស្តីពី OSH (២០១៨-២០២២) ត្រូវបានអនុវត្តនៅខែសីហា ឆ្នាំ២០១៩ នៅខេត្តមណ្ឌលគិរី។ ទន្ទឹមនឹងនេះ ចាប់ពីខែសីហា ឆ្នាំ២០២២ គម្រោងបានជ្រើសរើសក្រុមទីប្រឹក្សា (ទីប្រឹក្សាអន្តរជាតិ និងទីប្រឹក្សាជាតិ) ដើម្បីចាប់ផ្តើមពិភាក្សាជាមួយនាយកដ្ឋានពេទ្យការងារ (DoSH) លើការអភិវឌ្ឍន៍ថ្មីនៃផែនការមេលើកទី៣ ស្តីពី OSH សម្រាប់កម្ពុជា។ ចាប់តាំងពីពេលនោះមក មានការប្រជុំជាច្រើនលើកច្រើនសារ ដោយមានការគាំទ្របច្ចេកទេសពីទីប្រឹក្សារបស់ ILO នាយកដ្ឋានពេទ្យការងារ និងដៃគូត្រីភាគីពាក់ព័ន្ធទាំងអស់នៅក្នុងក្រុមប្រឹក្សាប្រឹក្សាគម្រោង (PAB) បូករួមទាំងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចូលរួមផ្តល់យោបល់ក្នុងការបង្កើតផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារនេះ។

ដើម្បីឈានឆ្ពោះទៅមុខក្នុងការបង្កើតផែនការមេលើកទី៣ ដោយមានការពិគ្រោះយោបល់ជាមួយគម្រោង និងទីប្រឹក្សារបស់ ILO នាយកដ្ឋានពេទ្យការងារ បានរៀបចំសិក្ខាសាលានេះឡើង ដែលមានរយៈពេល២ថ្ងៃ គឺក្នុងគោលបំណងពិភាក្សាស៊ីជម្រៅជាមួយភាគីពាក់ព័ន្ធ (ជាមួយរដ្ឋាភិបាល និយោជក និយោជិត និងផ្នែកសេដ្ខកិច្ចម៉ាយក្រូ ខ្នាតតូច និងមធ្យម) ដើម្បីបង្កើតឱ្យបានសកម្មភាពលម្អិតសម្រាប់គោលបំណងជាក់លាក់ និងយុទ្ធសាស្ត្រនីមួយៗនៃផែនការមេលើកទី៣។ ភាគីពាក់ព័ន្ធនឹងរៀបចំសិក្ខាសាលាត្រីភាគីមួយទៀត ដែលនិងធ្វើឡើងនៅពេលខាងមុខ ដើម្បីធ្វើឱ្យមានសុគតភាព និងបញ្ជាក់ការបញ្ចប់ផែនការសកម្មភាពនេះ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ហើយជាបន្តរបន្ទាប់ ផែនការមេនេះនឹងត្រូវបានពិគ្រោះយោបល់ជាមួយ គណៈកម្មការជាតិស្តីពីសុវត្ថិភាព និងសុខភាពការងារ និងធ្វើការបោះពុម្ព និងផ្សព្វផ្សាយអនុវត្ត។

ជាមួយនេះដែរ លោក ចាប ឫទ្ធី បានថ្លែងអំណរគុណដល់អង្គការអន្តរជាតិខាងការងារ ដែលបានសហការ គាំទ្រទាំងថវិកា និងជំនួយបច្ចេកទេសដល់នាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីដំណើរការរៀបចំផែនការមេលើកទី៣ ស្ដីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧នេះ។ តាមរយៈសិក្ខាសាលាពីរថ្ងៃនេះ លោកសង្ឃឹមថា អង្គសិក្ខាសាលា ដែលអញ្ជើញមកពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ នឹងរួមចំណែកផ្តល់ធាតុចូលក្នុងការបង្កើតសកម្មភាពលម្អិត សម្រាប់ផែនការមេលើកទី៣ ស្ដីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧នេះបានសម្រេចដោយជោគជ័យ៕