(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារ ដើម្បីគាំទ្រយុទ្ធនាការ Beyond The Games ក្រោមមូលបទ «បេះដូងលោតក្នុងចង្វាក់តែមួយ» ដោយអនុញ្ញាតឱ្យចូលរួមប្រកួតពីសិស្សានុសិស្សដែលកំពុងសិក្សានៅគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ នៅកម្រិតបឋមសិក្សាចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ នៅទូទាំងប្រទេស។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងទៀតថា សិស្សានុសិស្សដែលមានចំណាប់ចូលរួមគូរគំនូរ ដើម្បីគាំទ្រយុទ្ធនាការ Beyond the Games ក្រោមមូលបទ «បេះដូងលោតក្នុងចង្វាក់តមួយ» ត្រូវគូរគំនូរ ដោយគោរពតាមការណែនាំដូចខាងក្រោម៖

១៖ គូរគំនូរដោយប្រើខ្មៅដៃពណ៌ គូល័រទឹក ឬ គូល័រប្រេង ឬប្រភេទផ្សេងទៀតតាមការនិយម
២៖ គូរនៅលើក្រដាសទំហំ A3 (297 x 420 mm) ជាលក្ខណៈបញ្ឈរ ឬផ្តេក
៣៖ គំនូរត្រូវរៀបចំលើក្រដាសដែលមានផ្ទៃពណ៌ស ឬផ្ទៃពណ៌ស្រាល
៤៖ គូរដោយរក្សាគម្លាតពីគែមសងខាងនៃក្រដាស ប្រមាណ ៣សង់ទីម៉ែត្រ ដោយមិនត្រូវគូររហូតដល់គែមក្រដាសឡើយ
៥៖ សរសេរឈ្មោះ (ជាភាសាខ្មែរ និងឡាតាំង) ថ្ងៃ ខែ ឆ្នាំកំណើត ទីកន្លែងកំណើត ឈ្មោះសាលារៀន រាជធានី-ខេត្តនៃសាលារៀន និងលេខទូរសព្ទ ដែលក្រសួងអប់រំ យុវជន និងកីឡា អាចទាក់ទងបាននៅផ្នែកខាងក្រោយនៃក្រដាស ហើយមិនត្រូវសរសេរព័ត៌មានទាំងនេះនៅផ្នែកខាងមុខនៃក្រដាសដែលមានគូរគំនូរឡើយ
៦៖ ក្រសួងអប់រំ យុវជន និងកីឡា សូមលើកទឹកចិត្តដល់សិស្សានុសិស្ស ក្នុងការសរសេរអត្ថបទបរិយាយអត្ថន័យនៃផ្ទាំងគំនូររបស់ខ្លួន នៅលើក្រដាស A4 ឬក្រដាសសៀវភៅ ដាច់ដោយឡែក ហើយក៏បភ្ជាប់ជាមួយផ្ទាំងគំនូរនោះ។

នៅក្នុងសេចក្តីជូនដំណឹងនេះបានបញ្ជាក់ទៀតថា សម្រាប់កាលបរិច្ឆេទនៃការចាប់ផ្តើមការប្រមូលស្នាដៃ និងការប្រកាសលទ្ធផលរួមមាន៖

ថ្ងៃទី២៥-៣១ ខែមករា ឆ្នាំ២០២៣៖ ផ្សព្វផ្សាយជាផ្លូវការនៃព្រឹត្តិការណ៍ការប្រកួតស្នាដៃគំនូរកុមារគាំទ្រយុទ្ធនាការ Beyond the Games ក្រោមមូលបទ «បេះដូងលោតក្នុងចង្វាក់តែមួយ»

ថ្ងៃទី០១-១០ ខែកុម្ភៈ ឆ្នាំ២០២៣៖ ផ្សព្វផ្សាយបន្តដោយមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ទៅកាន់គ្រឹះស្ថានបឋមសិក្សារដ្ឋ និងឯកជន

ថ្ងៃទី១០-២០ ខែកុម្ភៈ ឆ្នាំ២០២៣៖ ពន្យល់ណែនាំដោយគ្រូ និងគណៈនាយកគ្រឹះស្ថានបឋមសិក្សារដ្ឋ និងឯកជន ទៅកាន់សិស្សានុសិស្ស និងចាប់ផ្តើមគូរគំនូរ ដោយសិស្សានុសិស្សនៅតាមសាលាបឋមសិក្សា

ថ្ងៃទី២០-២៧ ខែកុម្ភៈ ឆ្នាំ២០២៣៖ ជ្រើសរើសរូបគំនូរដែលមានភាពស្រស់ស្អាត និងស្របតាមអត្ថន័យប្រធានបទ (ក្នុងមួយប្រធានបទ អាចមានពី៥ទៅ ១០រូបគំនូរ ពីសាលាបឋមសិក្សានីមួយៗ) ដោយគណៈនាយកនៃសាលាបឋមសិក្សា និងបញ្ជូនមកកាន់ការិយាល័យអប់រំ យុវជន និងកីឡារដ្ឋបាលក្រុង-ស្រុក-ខណ្ឌ

ថ្ងៃទី០១-០៧ ខែមីនា ឆ្នាំ២០២៣៖ បញ្ចូនរូបគំនូរពីការិយាល័យអប់រំ យុវជន និងកីឡារដ្ឋបាលមកកាន់មន្ទីរអប់រំ យុវជន និងកីឡា ក្រុង-ស្រុក-ខណ្ឌ រាជធានី-ខេត្ត និងជ្រើសរើសរូបគំនូរដែលមានភាពស្រស់ស្អាត និងស្របតាមអត្ថន័យប្រធានបទនៅកម្រិតរាជធានី-ខេត្ត (រាជធានី-ខេត្តនីមួយៗ អាចជ្រើសរើស រូបគំនូរក្នុងមួយប្រធានបទ អាចមានពី២០ទៅ៣០រូបគំនូរ ឬលើសពីនេះតាមការជាក់ស្ដែង)

ថ្ងៃទី០៨-១៥ ខែមីនា ឆ្នាំ២០២៣៖ បញ្ចូនរូបគំនូរពីមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត មកនាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា និងការជ្រើសរើសរូបគំនូរដែលមានភាពស្រស់ស្អាត និងស្របតាមអត្ថន័យប្រធានបទ នៅកម្រិតថ្នាក់ជាតិ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា៖