(ភ្នំពេញ)៖ លោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកឃោសនាអប់រំយុវជនគណបក្សថ្នាក់កណ្តាល តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល​ និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣​ បានដឹកនាំ ប្រតិភូផ្នែកឃោសនាអប់រំយុវជនគណបក្ស ថ្នាក់កណ្តាលសួរសុខទុក្ខ លោក ប៊ុន សម​ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានវ័យចាស់ហើយមានជំងឺកំពុងសម្រាក់ព្យាបាលនៅគេហដ្ឋាន រាជធានីភ្នំពេញ។

លោក ចាយ បូរិន បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេច លោកស្រី អនុប្រធានគណបក្ស លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះលោក ប៊ុន សម និងក្រុមគ្រួសារ។

ប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល ក៏បានកោតសរសើរដោយស្មោះ ចំពោះស្នាដៃជាច្រើនរបស់លោក ប៊ុន សម​ ដែលបានចូលរួមអភិវឌ្ឍប្រទេសជាតិ​ ដូចជាធ្លាប់បានបំពេញការងារជាឧបការីសមមិត្ត ចាន់ ភិន រដ្ឋមន្រ្តីក្រសួង ហិរញ្ញវត្ថុ ជាអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ជាទីប្រឹក្សាក្រសួងមហាផ្ទៃ ជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាល។

លោកស្រី ប៊ុន សម មានក្តីរំភើបសប្បាយរីករាយយ៉ាងខ្លាំងឥតឧបមា និងអរគុណជាអនេក ព្រមទាំងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចចក្រី ហេង សំរិន សម្តេចធម្មវិសុទ្ធវង្សា​ សៅ ទី​ ហេងសំរិន សម្តេច លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត​ ពេជ​ ចន្ទមន្នី។

លោកក៏បានបញ្ជាក់ពីការគាំទ្ររបស់លោក និងក្រុមគ្រួសារ ចំពោះបេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដឹកនាំ ប្រទេសជាតិនាពេលអនាគត​ និងសូមជូនពរដល់គណបក្សប្រជាជនកម្ពុជាយើង ទទួលបានជ័យជម្នះជារៀងរហូត ជាពិសេសការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។

សូមជម្រាបថា លោកបណ្ឌិត ហ៊ុន ណែត ដែលជាថ្នាក់ដឹកនាំយុវជនគណបក្សថ្នាក់កណ្តាល តែងតែណែនាំដល់ថ្នាក់ដឹកនាំយុវជនគ្រប់ផ្នែក គ្រប់ជាន់ថ្នាក់ យកចិត្តទុក ដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់ ចាស់ព្រឹទ្ធាចារ្យ ឥស្សរជនគណបក្សទំាងអស់ ដែលលោកកំពុងស្ថិតនៅក្នុងវ័យជរា ឬមានជំងឺត្រូវសហការគ្នាចុះសួរសុខទុក្ខ ផ្តល់កម្លំាងចិត្ត ជូនលោកជាប្រចាំ ពីព្រោះថា ចាស់ព្រឹទ្ធាចារ្យ រៀមច្បងជំនាន់មុន បានធ្វើពលីកម្មដ៏ធំធេង និងសម្រេចបានសមិទ្ធផលជាច្រើនសម្រាប់ប្រទេសជាតិ និងប្រជាជន ដែលយុវជនជាអ្នកបន្តវេនត្រូវសម្ដែងការដឹងគុណចំពោះថ្នាក់ដឹកនាំជំនាន់មុន ហើយខិតខំថែរក្សា មរតកដ៏ថ្លៃថ្លា កសាងសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀត ក្នុងពេលបច្ចុប្បន្ន និងរៀបចំមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់អ្នកជំនាន់ក្រោយ។

ក្នុងឱកាសដ៏មានអត្ថន័យនេះ លោក ចាយ បូរិន និងលោក ទួន យ៉ាត ព្រមទាំងសមាជិក សមាជិកា ប្រតិភូបានប្រគល់ជូនវត្ថុអនុស្សារីយ៍និងថវិកា ជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់លោក ប៊ុន សម និងជូនពរដល់មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ៕