(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានប្រកាសស្វាគមន៍គ្រប់ប្រទេសទាំងអស់ ដែលចង់រៀនពីជំនាញដោះគ្រាន់មីននៅកម្ពុជា ហើយការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺជាកិច្ចការដែលប្រទេសនៅលើពិភពលោកទាំងអស់ត្រូវតែចូលរួម។

ការប្រកាសស្វាគមន៍របស់សម្តេចតេជោ ហ៊ុន​ សែន បានធ្វើឡើងខណៈដែលកម្ពុជា បានបញ្ជូនកងទ័ព និងអ្នកជំនាញដោះគ្រាប់មីន និងកម្លាំងជំនាញផ្សេងៗទៀត ចេញទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅក្នុងប្រទេសដែលកំពុងជួបប្រទះនឹងសង្គ្រាមស៉ីវិល។

ជាក់ស្តែងថ្មីៗនេះ កម្ពុជា បានជួយបណ្តុះបណ្តាលដល់មន្ត្រីជំនាញដោះមីនអ៊ុយក្រែន ចំនួន១៥រូប ប៉ុន្តែកម្ពុជា មិនបានផ្ដល់គ្រូជំនាញបច្ចេកទេសទៅប្រទេសអ៊ុយក្រែននោះទេពោល គឺវគ្គបណ្ដុះបណ្ដាលនេះអនុវត្តនៅក្នុងប្រទេសកម្ពុជា។ វគ្គបណ្ដុះបណ្ដាលនេះ ក្រោមកិច្ចសហការរវាងកម្ពុជា និងជប៉ុន ក្នុងការជួយដល់អ្នកជំនាញដោះមីនរបស់អ៊ុយក្រែន។

ក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ, សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍យ៉ាងដូច្នេះថា៖ «អ៊ឹចឹងខ្ញុំសូមជម្រាថា ប្រទេសណាក៏ដោយដែលចង់មករៀនដោះមីន នៅកម្ពុជា សូមអញ្ជើញរាប់ទាំងប្រទេសរុស្ស៉ី យើងជួយបណ្តុះបណ្តាលឱ្យទាំងអស់ ខ្ញុំសូមបញ្ជាក់កម្ពុជា មិនបានបញ្ជូនកងទ័ពទៅប្រទេសអ៊ុយក្រែនទេ ហើយក៏មិនបានបញ្ជូនគ្រូដោះមីនរបស់យើង ចូលទៅក្នុងប្រទេសអ៊ុយក្រែនទេ»

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឱ្យដឹងថា បន្ទាប់ពីកម្ពុជាទទួលសុខសន្តភាពពេញ រួចផុតពីភ្លើងសង្គ្រាមស៉ីវិល ប្រទេសកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ ដោយបានបញ្ជូនអ្នកជំនាញដោះមីនចេញទៅបំពេញបេសកកម្មនៅក្នុងប្រទេសមួយចំនួនជាដើម។ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា មានមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន ដោយបានជួយបណ្តុះបណ្តាលអ្នកជំនាញដោះមីនមកពីប្រទេសកូឡំប៊ី និងប្រទេសមួយផ្សេងទៀត ដែលអញ្ជើញមករៀនដោះមីននៅកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ៗថា៖ «ដូច្នេះ អ្វីដែលកម្ពុជា បានធ្វើនាពេលនេះ គឺជាគឺកិច្ចការមនុស្សធម៌សុទ្ធសាធ ការបំផ្លាញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះគឺជាកិច្ចការដែលត្រូវធ្វើនៅគ្រប់ទីកន្លែងទាំងអស់នៅលើពិភពលោកនេះ ខ្ញុំគួរតែបញ្ជាក់បញ្ហានេះឱ្យបានច្បាស់ អត់មានពាក់ព័ន្ធនឹងបញ្ហាយោធាអីទាំងអស់»។

សម្តេចតេជោ ហ៊ុន សែន​ បានបញ្ជាក់ថា បញ្ហាគ្រាប់មីនគឺកម្ពុជា បានប្រើពេលវេលា ៣០ឆ្នាំហើយ នៅតែដោះគ្រាប់មីនមិនទាន់អស់ទៀត ព្រមទាំងត្រូវវិនិយោគជាច្រើន ក្នុងនោះមានការចូលរួមពីអង្គព្រះមហាក្សត្រ និងសម្តេចម៉ែ រួមនឹងសប្បុរសជននានា ដោយបានរៀបចំបន្ទាន់ជាមូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥ ដោយដាក់ទុនចំនួន៣០លានដុល្លារ ដើម្បីឱ្យប្រតិបត្តិករដោះមីន ប្រើសម្រាប់ប្រតិបត្តិការដោះមីនដែលនៅសេសសល់។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា មូលហេតុដែលកម្ពុជា ផ្ដល់វគ្គបណ្ដុះបណ្ដាលដល់មន្ត្រីជំនាញដោះមីនរបស់អ៊ុយក្រែន ដោយសារតែកម្ពុជា ធ្លាប់មានបទពិសោធន៍លើការដោះស្រាយបញ្ហាមីននេះ។ ជាពិសេសកម្ពុជា មិនចង់ឃើញប្រជាជនអ៊ុយក្រែន រងគ្រោះដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលបន្សល់ទុកពីសង្គ្រាមនេះឡើយ។

គួរជម្រាបថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ដែលកំពុងបម្រើការងារនៅក្នុងប្រទេសម៉ាលី សូដង់ខាងត្បូង លីបង់ និងអាហ្វ្រិកកណ្ដាល ក្រោមឆត្រអង្គការសហប្រជាជាតិ៕