(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឱ្យអ្នកវិនិយោគបារាំង ចូលមកវិនិយោគនៅកម្ពុជា ជាពិសេសចាប់យកឱកាសផលចំណេញតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាមានជាមួយប្រទេសដៃគូ។

សំណើឱ្យអ្នកវិនិយោគបារាំង ចូលមកវិនិយោគនៅកម្ពុជាបានធ្វើឡើង ក្នុងឱកាសលោក ប៉ាន សូរស័ក្ដិ ជួបពិភាក្សាការងារជាមួយ លោក អូលីវេ្យ បិច (Olivier Becht) រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិបារាំងនៅបរទេស អមដោយលោកឯកអគ្គរដ្ឋទូត និងសហការី ដើម្បីពិភាក្សាលើវឌ្ឍនភាព និងកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិ ការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅស្ថានទូតបារាំងប្រចាំកម្ពុជា។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានជម្រាបជូនពីវឌ្ឍនភាពនានា ដែលក្រសួងពាណិជ្ជកម្មបាននិង កំពុងអនុវត្តក្នុងកិច្ចសម្របសម្រួលពាណិជ្ជកម្ម និងទិសដៅអាទិភាព ពាណិជ្ជកម្មកម្ពុជា ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនចូល ទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក ព្រមទាំងការធ្វើពិពិធកម្មទីផ្សារ នាំចេញឱ្យកាន់តែធំទូលាយថែមទៀត សំដៅស្តារឡើងវិញ និងបង្កើនភាពធន់ នៃសេដ្ឋកិច្ចក្រោយវិបត្តិជំងឺរាតត្បាតជាសកលកូវីដ-១៩។

លោករដ្ឋមន្ត្រី បានសំណូមពរឱ្យភាគីបារាំង ពិចារណាទាក់ ទាញអ្នកវិនិយោគិនបារាំងមកកម្ពុជា ឱ្យបានកាន់តែច្រើន និងជំរុញទំហំពាណិជ្ជកម្មឱ្យកើនឡើងបន្ថែមទៀត តាមរយៈការប្រើប្រាស់អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាបានចរចាបង្កើតឡើង ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកម្រិតទ្វេភាគីជាមួយចិននិងកូរ៉េខាងត្បូង ដើម្បីផ្ដល់ឱកាសឱ្យវិនិយោគិនបារាំង និងកម្ពុជា មានលទ្ធភាពពង្រីកទីផ្សារនាំចេញផលិតផលសក្ដានុពលទៅកាន់ទីផ្សាអឺរ៉ុបបន្ថែមទៀត ដែលក្នុងនោះរួមមាន៖ ផលិតផលកសិកម្ម ផ្លែឈើ ម្ហូបអាហារ ផលិតផលកែច្នៃ សម្លៀកបំពាក់ រួមទាំងជ័រកៅស៊ូជាដើម។

លោករដ្ឋមន្ត្រីប្រតិភូ បានកោតសរសើរចំពោះកំណើនសេដ្ឋកិច្ចគួរឱ្យកត់ សម្គាល់របស់កម្ពុជា និងបានសន្យាទាក់ទាញអ្នកវិនិយោគិន ព្រមទាំងភ្ញៀវទេសចរបារាំងមកកាន់ប្រទេសកម្ពុជាបន្ថែមទៀត និងសង្ឃឹមថាភាគីទាំងពីរនឹងបន្តកិច្ចសន្ទនាជាដៃគូល្អ ក៏ដូចជាដៃគូអភិវឌ្ឍន៍ ទាំងក្នុងកម្រិតទ្វេភាគី និងកម្រិតតំបន់ ជាពិសេសគឺការចូលរួមឱ្យបានសកម្ម ក្នុងការរឹតចំណងទំនាក់ទំនងនៃតំបន់អាស៊ាន និងតំបន់អឺរ៉ុប។

ជាមួយគ្នានេះដែរ ភាគីបារាំងក៏បានលើកឡើងអំពីចំណាប់អារម្មណ៍របស់វិនិយោគិនបារាំង ក្នុងការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា ជាពិសេសការអភិវឌ្ឍវិស័យសំណង់ស៊ីវិល និងវិស័យដឹកជញ្ជូន រួមមានរថភ្លើងល្បឿនលឿន និងកំពង់ផែស្វយ័តជាដើម។

ក្នុងជំនួបនេះ រដ្ឋមន្ត្រីទាំងពីរ ក៏បានបង្ហាញឆន្ទៈ និងពិភាក្សាអំពីលទ្ធភាព ក្នុងការបង្កើតអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីកម្ពុជា-បារាំង ទាំងក្នុងវិស័យឯកជន និងស្ថាប័នរដ្ឋ ដើម្បីពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឱ្យ កាន់តែប្រសើរឡើងបន្ថែមទៀត ជាពិសេសគឺសក្ដានុពលវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ។

សូមបញ្ជាក់ថា បារាំង គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា នៅក្នុងសហគមន៍អឺរ៉ុប ជាក់ស្ដែងនៅឆ្នាំ២០២២ ភាគីទាំងពីរសម្រេច បានទំហំពាណិជ្ជកម្មប្រមាណ ៥០០លានដុល្លារអាម៉េរិក ជាមួយកំណើនប្រមាណ ១៦.៣១% បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលសម្រេចបាន ៤៣០លានដុល្លារអាម៉េរិក។

ទំនិញមានសក្តានុពលដែលនាំចេញពីកម្ពុជាទៅបារាំង រួមមាន៖ អង្ករ ផលិតផលកសិកម្ម សំលៀកបំពាក់ និងស្បែកជើង ជាដើម រីឯទំនិញនាំចូលសក្តានុពលពីបារាំងមកកម្ពុជាវិញ រួមមាន៖ ឱសថ បន្ទះក្តារ និងភេសជ្ជៈ។ល៕