(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានថ្លែងថា កម្ពុជាមិនបានផ្តល់ជំនួយយោធាដល់អ៊ុយក្រែននោះឡើយ។

ពេលអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីសាកលវិទ្យាល័យវេស្ទើន សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួយបណ្តុះបណ្តាលលើការបោសសម្អាតមីន គឺជាការងារមនុស្សធម៌សុទ្ធសាធ។

ថ្មីៗនេះ សិក្ខាកាមរបស់អ៊ុយក្រែន ទទួលបានការហ្វឹកហ្វឺនប្រកបដោយវិជ្ជាជីវៈ និងបទពិសោធន៍លើទីលានចំការមីនជាក់ស្តែង ក្រោមការសហការរវាងគ្រូជំនាញបច្ចេកទេស របស់អង្គភាពស៉ីម៉ាក់ រួមជាមួយនឹងការបង្ហាញបន្ថែម លើឧបករណ៍បច្ចេកវិទ្យាម៉ាស៉ីនរាវមីន ក្រោយពួកគេបានមកកម្ពុជា ដើម្បីរៀនសូត្រ និងទទួលយកបទពិសោធន៍នៃការដោះមីននៅកម្ពុជា។ ប៉ុន្តែសកម្មភាពនេះ បែរជាមានការបំភ្លៃព័ត៌មានថា កម្ពុជាផ្តល់ជំនួយយោធាដល់អ៊ុយក្រែនទៅវិញ។

សម្តេចតេជោ ហ៊ុន សែន បានហាមកុំយកកម្ពុជា ទៅភ្ជាប់នឹងបញ្ហាយោធានៅអ៊ុយក្រែន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំក៏សូមបញ្ជាក់ ក្នុងឋានៈជាអ្នកសម្រេចចិត្តខាងនយោបាយ ដែលទទួលការខុសត្រូវ លើនយោបាយ ក្នុងប្រទេសនិងក្រៅប្រទេស បញ្ជាក់អំពីការទទួលខុសត្រូវថា កម្ពុជានឹងទទួលយកអ្នកណាក៏ដោយ ប្រទេសណាក៏ដោយដែលចង់រៀនដោះមីន សូមមករៀនពីកម្ពុជា។ អញ្ចឹងទេ សូមកុំឲ្យកម្ពុជា ចូលពាក់ព័ន្ធនឹងសកម្មភាពយោធា នៅអ៊ុយក្រែន»

នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានស្វាគមន៍គ្រប់ប្រទេស ដែលចង់រៀនពីការដោះមីននៅកម្ពុជា ខណៈកូឡុមប៊ី មករៀននៅខ្មែរច្រើនជាងគេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ការបោសសម្អាតមីន គឺជាកិច្ចការ ដែលប្រទេសនៅលើពិភពលោកទាំងអស់ត្រូវចូលរួម។

សូមជម្រាបថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសបដិសេធចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលថាប្រទេសកម្ពុជាបានផ្ដល់ជំនួយ យោធាសម្រាប់អ៊ុយក្រែន ដោយ Channel Telegram​ មានឈ្មោះថា «Demografiya upala»

តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបញ្ជាក់ថា ការសម្រេចចិត្តផ្ដល់ជំនួយផ្នែកបណ្ដុះបណ្ដាលបច្ចេកទេស ដោះគ្រាប់មីន ដល់អ្នកដោះមីនមកពីប្រទេសអ៊ុយក្រែន នៅក្នុងប្រទេសកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការ JICA​ គឺធ្វើឡើងដោយផ្អែកលើគោលការណ៍មនុស្សធម៌សុទ្ធសាធ ដូចគ្នាទៅនឹងបេសកកម្មរក្សាសន្តិភាពនានារបស់កម្ពុជា នៅក្នុងតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ាដូច្នោះដែរ ក្រោមឆត្រអង្គការសហប្រជាជាតិ។

ជុំវិញបញ្ហានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំរុញឱ្យ ChannelTelegram «Demografiya Upala» កែតម្រូវព័ត៌មានខាងលើឡើងវិញនៅលើគណនី ដែលការពិតគ្រុបនេះ មិនត្រឹមតែមិនមែនជាគណនីពិតប្រាកដនោះទេ ប៉ុន្តែវាក៏ធ្វើឱ្យប៉ះពាល់ដល់កម្ពុជា ក្នុងនាមជាប្រទេសមួយស្រឡាញ់សន្តិភាពស្របទៅនឹងគោលនយោបាយការបរទេសអព្យាក្រឹត ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនផងដែរ៕