(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ បានចុះសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ ដើម្បីសាកសួរអំពីបញ្ហា កង្វល់ និងសំណូមពរផ្សេងៗ ពីប្រជាពលរដ្ឋដោយផ្ទាល់ នៅមូលដ្ឋានដើម្បីដោះស្រាយ និងឆ្លើយតបឲ្យចំបញ្ហាជូនពួកគាត់ និងពិនិត្យមើលការស្រង់ស្ថិតិប្រជាពលរដ្ឋ នៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

លោកអភិបាលខណ្ឌ បានផ្តាំផ្ញើដល់មន្ត្រីដែលទទួលបន្ទុកការងារស្រង់ស្ថិតិ ប្រជាពលរដ្ឋ ឲ្យបំពេញការងាររបស់ខ្លួន ឲ្យបានទាន់ពេលវេលា តាមអនុសាសន៍ណែនាំរបស់លោក អភិបាលរាជធានីភ្នំពេញ ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការរៀបចំផែនការអភិវឌ្ឍ គ្រប់គ្រងស្ថិតិ និងការងាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានផងដែរ។

លោកអភិបាលក៏សំណូមពរឲ្យប្រជាពលរដ្ឋ ចូលរួមសហការឲ្យបានល្អប្រសើរ ដើម្បីជួយសម្រួលដល់ការស្រង់ស្ថិតិនេះឲ្យបានឆាប់រហ័សផងដែរ។

សូមបញ្ជាក់ថា រដ្ឋបាលខណ្ឌដង្កោ ចុះអនុវត្តយុទ្ធនាការធ្វើ បច្ចុប្បន្នភាពស្ថិតិការស្នាក់នៅរបស់ប្រជាពលរដ្ឋ គឺដើម្បីជំរុញការផ្តល់សេវាតម្រូវការ ដូចជាឯកសារបញ្ជាក់អត្តសញ្ញាណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានរយៈពេល៧៨ថ្ងៃ តាមការណែនាំ របស់់សាលារាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ហើយយុទ្ធនាការនេះ នឹងចាប់ផ្តើមធ្វើព្រមៗគ្នា នៅតាមបណ្តាភូមិទាំង៨៧ ក្នុងសង្កាត់ទាំង១៣ របស់ខណ្ឌដង្កោ។

រហូតមកដល់បច្ចុប្បន្ននេះ ចាប់ពីថ្ងៃទី១៥ ខែមិថុនា កន្លងមក រដ្ឋបាលខណ្ឌបានធ្វើការស្រង់ស្ថិតិប្រជាពលរដ្ឋ នៅក្នុងសង្កាត់ទាំង១៣ បានចំនួន ៤៣៨០គ្រួសារ និងមនុស្សចំនួន ១៩១៧៩នាក់ ក្នុងនោះ ប្រុស ៩៤៥៨នាក់៕