(សៀមរាប)៖ កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៦ ក្រុមហ៊ុន True Internet Data Center ដែលជាក្រុមហ៊ុនផ្ដល់សេវា Cloud Computing និងសេវា Data Center ឈានមុខគេនៅប្រទេសថៃ និងមានសេវាកម្មនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ បានធ្វើសិក្ខាសាលាស្ដីអំពីបច្ចេកវិទ្យា Cloud Computing ជាលើកទី២របស់ខ្លួន នៅភោជនីយដ្ឋាន Hard Rock Cafe Angkor ទីរួមខេត្តសៀមរាប។

ក្រុមហ៊ុន True Internet Data Center (True IDC) បានបង្កើតឡើងនៅ ឆ្នាំ២០០៣ ក្នុង   ប្រទេសថៃ ហើយមានវត្ដមាននៅ ប្រទេសកម្ពុជានិងតំបន់ អាស៊ីអាគ្នេយ៍ នៅចុងឆ្នាំ២០១៥ ក្នុងគោលបំណងបំពេញតម្រូវការដែលកំពុងកើនឡើងដោយផ្តល់ជូននូវដំណោះស្រាយហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដើម្បីគាំទ្រ និង ជំរុញឱ្យមានកំណើនអាជីវកម្មរបស់អតិថិជននៅក្នុងតំបន់។

អតិថិជន អាជីវកម្មខ្នាតធំៗជាច្រើនរបស់ True IDC បានទទួលស្គាល់និងមានទំនុកចិត្តយ៉ាងខាំ្លង ចាប់តាំងពីពេលបង្កើតឡើង លើសេវាកម្ម Data Center និង Cloud Computing ជាមួយនឹងទីតាំង, ប្រព័ន្ធសុវត្ថិភាព និង ដំណើរការអនុវត្ត តាមស្តង់ដាគុណភាពខ្ពស់បំផុត។ លើសពីនេះទៅទៀត ក្រុមហ៊ុន True IDC ក៏ទទួលបាននូវ វិញ្ញាបនប័ត្រស្ដង់ដារ ISO ចំនួន 5 ផងដែរ រួមមាន៖ ISO/IEC 2000-1, ISO/IEC 27001, ISO/IEC 22301, ISO/IEC 50001 និង CSA STAR ដែលទទួលស្គាល់ជាអន្តរជាតិ ដើម្បីបង្កើនភាពជឿជាក់មួយកម្រិតទៀត ជូនដល់អតិថិជនទាំងអស់។

ក្នុងពិធីនោះដែរ លោក Tay Za ដែលជា ប្រធានគ្រប់គ្រងផ្នែកប្រឹក្សាយោបល់បច្ចេកទេសនៃក្រុមហ៊ុន True IDC ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (Head of Pre-Sales, True IDC International) បានចែករំលែកបទពិសោធន៍ និងធ្វើបទបង្ហាញទូទៅទាក់ទងនឹងសេវា Cloud Computing ជូនដល់បណ្ដាអ្នកគ្រប់គ្រងព័តមានវិទ្យា មកពីតាមបណ្ដា សណ្ឋាគារផ្សេងៗ ក្នុងខេត្តសៀមរាប។ នេះជាការរួមចំណែកក្នុងការអភិវឌ្ឍន វិស័យបច្ចេកវិទ្យានេះឲ្យកាន់តែរីកចំរើនថែមមួយកម្រិតទៀត។

លោក លី លាន់ ប្រធានគ្រប់គ្រងពាណិជ្ជកម្មនិងទីផ្សារ បានគូសបញ្ជាក់បន្ថែមក្នុងសិក្ខាសាលាស្ដីពីបច្ចេកវិទ្យា Cloud Computing ថា៖បច្ចុប្បន្នវិស័យព័ត៌មានវិទ្យា នៅទូទាំងពិភពលោកបានកំពុងរីកចំរើន និង រំកិលទៅមុខយ៉ាងឆាប់រហ័ស។

ក្នុងនោះបច្ចេកវិទ្យានៃការគ្រប់គ្រងលើប្រព័ន្ធបណ្ដាញព័ត៌មានវិទ្យាក៏បានអភិវឌ្ឍន៍យ៉ាងខ្លាំងផងដែរ ជាក់ស្ដែងក្នុងការគ្រប់គ្រងបណ្ដាញព័ត៌មានវិទ្យាបច្ចុប្បន្ន នៅតាមបណ្ដាប្រទេសជឿនលឿនដូចជា សហរដ្ឋអាមេរិក ចិន ថៃ និង ប្រទេសជាច្រើនទៀត ក៏បានផ្លាស់ប្ដូរពីការគ្រប់គ្រងលើផ្នែករឹង(Hardware)ដោយផ្ទាល់ មកតាមរយៈសេវាកម្មក្លោដ           (Cloud Computing Service) ដែលជាសេវាកម្មលើផ្នែកទន់(Software) បានជំនួសដល់ការគ្រប់គ្រងផ្នែករឹងស្ទើរតែទាំងស្រុង។ អ្នកគ្រប់គ្រងព័ត៌មានវិទ្យា អាចធ្វើការគ្រប់គ្រងប្រព័ន្ធបណ្ដាញរបស់ខ្លួនតាមរយៈអនឡាញ (ដូចជាInternet ឬ ការតភ្ជាប់ផ្សេងៗ…) ដោយមិនមានភាពស្មុគស្មាញ ក្នុងការមើលថែរក្សាផ្នែករឹង, ឧបករណ៍បរិក្ខារព័ត៌មានវិទ្យា, ប្រព័ន្ធភាពត្រជាក់ឬការលេចជ្រាបទឹកក្នុងបន្ទប់ម៉ាស៊ីនមេ, មិនចាំបាច់ខ្វាយខ្វល់លើការ Upgrade ម៉ាស៊ីនមេ ឬ ត្រូវផ្លាស់ប្ដូរនោះឡើយ ហើយជាពិសេសបានកាត់បន្ថយការបារម្មណ៍ លើការហែកជ្រៀតចូលប្រព័ន្ធបណ្ដាញដោយពពួក Hacker ទៀតផង។

សម្រាប់នាយកគ្រប់គ្រងពាណិជ្ជកម្ម និង អ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ អាចមានភាពងាយស្រួលនិងចំណេញ   ក្នុងការគ្រប់គ្រងការចំណាយលើប្រព័ន្ធព័ត៌មានវិទ្យា ដោយសេវាកម្មក្លោដ (Cloud Computing) បានផ្លាស់ប្ដូរពីការ     វិនិយោគទាំងស្រុងជាមុនលើឧបករណ៍ព័ត៌មានវិទ្យា មកជាការបង់សេវាប្រចាំខែ ដែល​សមា​មាត្រ​ស្របតាមអតិប្បរមា នៃ តម្រូវការជាក់ស្ដែងរបស់ពាណិជ្ជកម្ម ហើយក៏អាចធ្វើគំរោងផែនការនៃការចំណាយទុកជាមុនផងដែរ។

សរុបមកការ ប្រើប្រាស់វិធីនៃការគ្រប់គ្រងប្រព័ន្ធបណ្ដាញតាមរយៈសេវាកម្មក្លោដ (Cloud Computing) បានជួយសំរួលការងារដល់អ្នកគ្រប់គ្រងព័ត៌មានវិទ្យា ក៏ដូចជានាយកគ្រប់គ្រង អាចផ្ដោតលើការពង្រឹង     ពាណិជ្ជកម្ម និង ភាពរីកចំរើនរបស់អង្គភាពពួកគាត់ផងដែរ៕