(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងតាមរយៈលិខិតជំហរមួយថា សកម្មភាពរបស់អង្គការអន្តរជាតិ Human Right Watch ពីអង្គការសិទ្ធិមនុស្សមក នគរបាលអន្តរជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក្លាយជាតុលាការសិទ្ធិមនុស្សអន្តរជាតិ និងអង្គការវិទ្ធង្សនាអន្តរជាតិ ប្រឆាំងនិងរាជរដ្ឋាភិបាលកម្ពុជា។

លិខិតជំហររបស់លោក ផៃ ស៊ីផាន បានសរសេររៀបរាប់យ៉ាងដូច្នេះ៖ «ខ្ញុំបានឃើញ និងចម្លែកក្នុងចិត្តនូវឃ្លីបវីដេអូ ដែលអង្គការ Human Right Watch និងអង្គការអន្តរជាតិមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ បានធ្វើកិច្ច ប្រជុំជាមួយខ្មែរ-អាមេរិកាំង មួយចំនួន នៅទីក្រុង ឡងប៊ិច កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះ»

អ្វីដែលយើងបានឃើញ អង្គការ Human Right Watch តែងតែបញ្ចេញរបាយការណ៍ ប្រឌិតពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅកម្ពុជា។ របាយការណ៍ប្រឌិតរបស់ អង្គការនេះ តែងតែត្រូវបានផ្សាយបន្តដោយបណ្តាញសារព័ត៌មាន ជាភាសាអង់គ្លេសនៅក្នុងស្រុក ដែលបង្កប់ដោយ អ្នកធ្វើរបាយការណ៍ព័ត៌មានជាជនបរទេស ឬ ភ្នាក់ងារបរទេស ដែលបង្កប់ខ្លួននៅតាមបណ្តាញសារព័ត៌មានទាំងនោះ។

​​ទិសដៅនៃអ្នកបង្កប់ខ្លួន នៃជនបរទេសទាំងនោះ គឺធ្វើព័ត៌មានហើយយករបាយការណ៍ប្រឌិត បំប៉ោងព័ត៌មាន ធ្វើឲ្យលេចលឺកងរំពងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ថែមទាំង ទិសដៅលាបពណ៌បន្ថែម ដើម្បីជាទឡ្ហឹករណ៍ និងសម្រាប់ការកត់ត្រាបន្ត និងប្រើប្រាស់ដោយ បណ្តាញរបស់ពួកគេលើឆាកអន្តរជាតិក៏ដូចជា អ្នកនយោបាយបរទេសទុច្ចរិត និងការពិតរបស់កម្ពុជាមួយចំនួនទៀត។ មិនតែប៉ុណ្ណោះបណ្តាញព័ត៌មានដែលអះអាងថា ជាស្ថាប័ន ឬអង្គការ ឯករាជ្យ ក៏បានធ្វើការពង្រីកដែនសក្តានុពលភាព​ នៃព័ត៌មានទុច្ចរិតទាំងអស់នោះ ក្នុងទិសដៅ បំផុស ញុះញង់ ធ្វើឲ្យមានប្រតិកម្មតតាំង ឬ ប្រឈមជាមួយរាជរដ្ឋាភិបាលស្របច្បាប់។

អ្វីដែលគួរឲ្យខ្ញុំកត់សម្គាល់នោះ គឺប្រធានអង្គការ Human Right Watch បានថ្លែង និងពន្យល់ពលរដ្ឋខ្មែរ-អាមេរិកាំងមួយក្រុម ឲ្យធ្វើញ្ញត្តិ ប្រាប់ទៅមន្ត្រីមូលដ្ឋាន ឬអ្នកនយោបាយអាមេរិកាំង ឲ្យធ្វើការគាបសង្កត់ ឬធ្វើឲ្យអ្នកទាំងនោះមើលមកសម្តេចតេជា ហ៊ុន សែន ក្នុងរូបភាពអវិជ្ជមាន។ នៅក្នុងឃ្លីបវីដេអូនេះដែរ ប្រធាន អង្គការនេះក៏បានធ្វើការវាយប្រហារ ដល់មន្ត្រីជាន់ខ្ពស់អាមេរិកាំង ដែលមកធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយចោទថា មន្ត្រីអាមេរិកាំងទាំងនោះ ក្លាយជាមិត្តសម្តេចតេជា ហ៊ុន សែន។ បន្ថែមពីនេះទៀត គេបានលើកឡើងអំពីរឿង ក៥ ធ្វើជាទឡ្ហីករណ៍ នៅក្នុងទិសដៅចោទសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម ញឹម វណ្ណដា នៅក្នុងបរិបថឧក្រិដ្ឋកម្មសង្គ្រាមផងដែរ។

​​អ្វីដែលខ្ញុំយល់ ក៥ គឺជាព្រឹត្តិការណ៍ សកម្មភាពការពារអាយុជីវិតរបស់រដ្ឋកម្ពុជានៅក្នុងស្រុក ប្រឆាំងនឹងការកាប់សម្លាប់របស់បន ប៉ុលពត ដែលភៀសខ្លួនទៅបន្ត សកម្មភាពប្រល័យពូជសាសន៍ពលរដ្ឋខ្មែរ នៅតំបន់ព្រំដែនកម្ពុជា-ថៃ។

​​សូមជម្រាបផងដែរថា សកម្មភាពបន្តការកាប់សម្លាប់ប្រជាពលរដ្ឋរបស់បន ប៉ុល ពត គឺត្រូវបានឧបត្ថម្ភជាថវិកា និងយុទ្ធសាស្ត្រដោយក្រុមនយោបាយ និងយោធានិយមរបស់ សហរដ្ឋអាមេរិក។

ខ្ញុំឆ្ងល់ថា ហេតុអ្វីក៏អង្គការដែលតាំងខ្លួនថា ជាអង្គការសិទ្ធិមនុស្សអន្តរជាតិនេះ បានដើរហួសពីកិច្ចការថែទាំ ពង្រឹងសិទ្ធិមនុស្សនៅកម្ពុជា ? ក៏ប៉ុន្តែអ្វីដែលជា សកម្មភាព ឬតាមរយៈរបាយការណ៍ប្រឌិតផ្ទាល់របស់ពួកគេ ត្រូវបានផ្សាយបន្ត យ៉ាងផុសផុល នៅតាមបណ្តាញ អង្គការមិនមែនរដ្ឋាភិបាលក៏ដូចជាប្រព័ន្ធ ព័ត៌មានដែលតាំងខ្លួនជាអ្នកឯករាជ្យ។ មិនត្រឹមតែបានធ្វើហួសពីដែនកំណត់សកម្មភាពរបស់ខ្លួន ក៏ប៉ុន្តែក៏បានក្លាយទៅជាក្រុម បណ្តាញវិទ្ធង្សនាថ្នាក់ជាតិ ក៏ដូចជាអន្តរជាតិ ក្នុងការប្រឆាំងនឹងរាជរដ្ឋាភិបាល ដែលកើតចេញ ពីឆន្ទៈប្រជាពលរដ្ឋកម្ពុជា ក៏ដូចជា វាយប្រហារ ប្រមាទ នៅក្នុងទិដ្ឋភាពផ្ទាល់ខ្លួន ប្រឆាំងនឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាតួអង្គ នៃសេចក្តីស្រឡាញ់ និងក្តីសង្ឃឹម ជាមួយនឹងទំនុកចិត្តខ្ពស់របស់ប្រជាពលរដ្ឋកម្ពុជា។

​​ការប្រឆាំងនឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាការប្រឆាំង មិនត្រឹមតែជាការប្រឆាំងផ្ទាល់ទៅនឹងឆន្ទៈ របស់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ គឺជាការប្រឆាំង យ៉ាងពិតប្រាដកជាមួយនឹងផលប្រយោជន៍ ក៏ដូចជាសិទ្ធិរស់រានមានជីវិត របស់ជាតិខ្មែរ។

ទិសដៅសិទ្ធិមនុស្ស នៃការលើកឡើងរបស់អង្គការ Human Right Watch នេះ គឺមិនមែនដើម្បីសិទ្ធិមនុស្សនោះទេ គឺគ្រាន់តែយកសិទ្ធិមនុស្ស ធ្វើជាយុទ្ធសាស្ត្រក្នុងការប្រឆាំងប៉ុណ្ណោះ។ នេះជាការយល់ឃើញរបស់ខ្ញុំផ្ទាល់!៕