(ភ្នំពេញ)៖ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ បានអញ្ជើញ ជាអធិបតីភាពក្នុងពិធីឆ្លងមហាគន្ធកុដិ និងស្រោចព្រះសុគន្ធវារី ថ្វាយព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ព្រះប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ ដែលទើបទទួលគោរមងារ ជារាជាគណៈថ្នាក់ទោ នៃគណៈមហានិកាយ ក្នុងពុទ្ធមណ្ឌលវិបស្សនាធុរៈ នៅលើភ្នំឧដ្តុង្គ ស្រុកពញាឮ ខេត្តកណ្ដាល។

ក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា «ការរីកចម្រើននៃប្រទេសជាតិ និងសេរីភាពខាងជំនឿសាសនា ត្រូវបានរដ្ឋធានា ក្នុងលក្ខខណ្ឌ មិនប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណសង្គម ដូចមានក្នុងមាត្រា៤៣ នៃរដ្ឋធម្មនុញ្ញដែលចែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហេតុដូច្នេះ សូមព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទទាំងឡាយ ព្រះមេត្តាមេត្តាសាមគ្គីគ្នា បំពេញបុណ្យកុសល ដោយសេចក្តីជ្រះថ្លា ដើម្បីភាពរុងរឿងនៃប្រជាជាតិ ដែលមានវប្បធម៌ សាសនារបស់យើង»។

សូមជម្រាបថា ការប្រារព្ធពិធីខាងលើ ក៏មានការចូលរួមពីសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃកម្ពុជា, សម្តេច ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិសទ័ជិតឆ្ងាយ ជាច្រើនកុះករផងដែរ៕