(សៀមរាប)៖ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីអនុវត្តថវិកាកម្មវិធី» ជូនមន្រ្តីរាជការមកពីអង្គភាពថវិកាថ្នាក់កណ្តាលរបស់ក្រសួងអប់រំ យុវជន និង កីឡា។ វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងនៅសណ្ឋាគារអ៉ឺបផ្រេសអង្គរ ទៅក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីលោកពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាផងដែរ។

ជាកិច្ចចាប់ផ្តើមលោករដ្ឋលេខាធិការ ពិត ចំណាន បានសម្តែងការស្វាគមន៍ និងអរគុណក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិសេសវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានសហការរៀបចំវគ្គបណ្តុះបណ្តាល តាមសំណូមពរក្នុងគោលដៅពង្រឹង ពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងថែមទៀតជូនមន្រ្តីរាជការ នៃអង្គភាពថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា លើនីតិវិធីអនុវត្តថវិកាកម្មវិធី ដែលជាតម្រូវការចំាបាច់សម្រាប់រួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យទទួលបានជោគជ័យតាមការគ្រោងទុក។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ការអនុវត្តថវិកាប្រកបដោយប្រសិទ្ធភាព និង មានសង្គតិភាពទៅនឹងគោលដៅនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាការងារចាំបាច់សម្រាប់ធានាបានកំណើនសេដ្ឋកិច្ចប្រកបដោយគុណភាព និងចីរភាព។ កំណើនសេដ្ឋកិច្ចនេះ នឹងបន្តរួមចំណែកលើកកម្ពស់សេវាសាធាណៈ និង សុខុមាលភាពសង្គម ឆ្លើយតបបានទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការ សំណូមពរ និងបំណងប្រាថ្នារបស់ប្រជាជន។

ជាមួយនេះ លោក ហ៊ាន សាហ៊ីប ក៏បានគូសរំលេចផងដែរថា កន្លងមកកម្ពុជាបានទទួលជោគជ័យគួរឱ្យកត់សម្គាល់ ដោយសម្រេចបាននូវភាពជឿទុកចិត្ត នៃថវិកា និង គណនេយ្យភាពហិរញ្ញវត្ថុ ជាមួយនឹងការដាក់ឱ្យអនុវត្តជំហានទី១ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុតាមព័ត៌មានវិទ្យា (FMIS)។ ទាំងអស់នេះ ជាមូលដ្ឋានដ៏រឹងមាំសម្រាប់ឈានទៅសម្រេចជោគជ័យ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ សំដៅផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៦ កន្លងទៅនេះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។

លោកបណ្ឌិតរដ្ឋលេខាធិការ ក៏បានបញ្ជាក់ដែរថា ថវិកាកម្មវិធីឆ្នាំ២០១៦ របស់ក្រសួងស្ថាប័នចំនួន១០ ដែលបានចាប់អនុវត្តសាកល្បងនៅឆ្នាំ២០១៥ ត្រូវបានរៀបចំកាន់តែល្អប្រសើរ និង ទាន់ពេលវេលា ប៉ុន្តែចំពោះក្រសួង ស្ថាប័ន ១៥ ដែលទើបចូលរួមអនុវត្តសាកល្បថវិកាកម្មវិធីពេញលេញនៅឆ្នាំ២០១៦នេះ នៅមានបញ្ហាប្រឈមខ្លះៗ ពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធកម្មវិធី និង ការកំណត់អង្គភាពថវិកា។ បញ្ហាប្រឈមទាំងនោះ គឺពាក់ព័ន្ធទៅនឹងសមត្ថភាពរបស់មន្រ្តីរាជការ នៃអង្គភាពថវិកានីមួយៗនោះ។

ទោះបីជាដូច្នោះ លោកហ៊ាន សាហ៊ីប បានលើកឡើងថា «ការអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បងនៅកម្ពុជា គឺទើបចាប់ផ្តើមនៅឆ្នាំ ២០១៥ កន្លងទៅប៉ុណ្ណោះ។ ហេតុដូច្នេះ យើងពិតជានៅមានចំណុចដែលចាំបាច់ត្រូវបន្តស្វែងយល់ រៀនសូត្របណ្តើរ និង ត្រូវអនុវត្តបណ្តើរ លើកំណាត់ផ្លូវនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលកំពុងមានចលនការទៅមុខជាជំហានៗ និងដោយស្វាហាប់ ជាមួយនឹងសមិទ្ធផលទទួលបានជាបន្តបន្ទាប់ដូចខាងលើ»

លោកបណ្ឌិត ហ៊ាន សាហ៊ីប បានសង្កត់ធ្ងន់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងបន្តយុទ្ធនាការបណ្តុះបណ្តាល និងកសាងសមត្ថភាព ដើម្បីសម្រេចជោគជ័យក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។ ជាក់ស្តែងក្នុងឆ្នាំ ២០១៥កន្លងទៅ មានវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្ត នីតិវិធី និងគោលការណ៍ណែនាំសម្រាប់អនុវត្តថវិកាកម្មវិធីជាច្រើន និងជាបន្តន្ទាប់ ត្រូវបានរៀបចំជូនមន្រ្តីរាជការជំនាញ និងថ្នាក់ដឹកនាំរបស់អង្គភាពថវិកានៃក្រសួង ស្ថាប័ន និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទ។ លើសពីនេះ នៅក្នុងត្រីមាសទី១ និងទី២ ដើមឆ្នាំ២០១៦នេះ មានវគ្គបណ្តុះបណ្តាលកម្រិតជំនាញចាំបាច់សម្រាប់អនុវត្តថវិកាកម្មវិធីចំនួន ១៥ វគ្គ ថែមទៀត ត្រូវបានសហការរៀបចំឡើងជូនមន្រ្តីរាជការ និងថ្នាក់ដឹកនាំជំនាញ នៃអង្គភាពថវិការបស់ក្រសួង ស្ថាប័ន ចំនួន ១៥ និងអង្គភាពពាក់ព័ន្ធក្រោមឱវាទ ដែលត្រូវចូលរួមអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញ នៅឆ្នាំ ២០១៦ នេះ និង មានសិក្ខាកាមសរុប ១៤៤៦ នាក់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលទាំងនោះ។

ដោយឡែកសម្រាប់វគ្គបណ្តុះបណ្តលរបស់យើងនៅពេលនេះ គឺមានសិក្ខាកាមសរុបចំនួន ១៦៥នាក់ ដែលមកពីអង្គភាពថវិកាថ្នាក់កណ្តាល ទាំងអស់នៃក្រសួងអប់រំយុវជន និង កីឡា។ លោក ហ៊ាន សាហ៊ីប បានកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះវិទ្យាស្ថានសេដ្ឋកិច្ច និងហិរ ញ្ញវត្ថុ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានសហការគ្នាជិតស្និទ្ធ ក្នុងការអនុវត្តការកសាង និងអភិវឌ្ឍសមត្ថភាព ដ៏មានសារសំខាន់នេះ។

ជាមួយនេះ លោកបណ្ឌិត ហ៊ាន សាហ៊ីប បានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្ស សម្រាប់ធានាចីរភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់អង្គភាពថវិកាគ្រប់កម្រិត វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងរៀបចំ អភិវឌ្ឍកម្មវិធីវគ្គបណ្តុះបណ្តាលជំនាញជាស៊េរី កម្រិតវិញ្ញាបនបត្រ សម្រាប់មន្រ្តីរាជការរបស់ក្រសួងស្ថាប័ន, គ្រឹះស្ថានសាធារណៈរដ្ឋបាល និង សហគ្រាសាធារណៈរបស់រដ្ឋ ដែលនឹងត្រូវតែតាំងជារជ្ជទេយ្យករ រជ្ជទេយ្យកររង ភ្នាក់ងារបើកផ្តល់ និងមន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុ។

ក្នុងនោះ លោកបានស្នើសុំឱ្យមានការត្រៀមចូលរួមសហការ គាំទ្រ និងចាត់បញ្ជូនមន្រ្តីក្នុងតួនាទី និង អ្នកដែលមានសក្តានុពលសម្រាប់តួនា ទីពាក់ព័ន្ធជំនាញការងារថវិកានេះ ដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាលទាំងនោះ។ លោក ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុក ដាក់ស្តាប់បទឧទ្ទេស នៃវគ្គបណ្តុះបណ្តាល ដើម្បីចាប់យកចំណេះដឹង ឱ្យបានជាអតិបរមាសម្រាប់យកទៅអនុវត្ត ក្នុងការដ្ឋានការងារជាក់ស្តែង នៅពេលត្រឡប់ទៅកាន់អង្គភាពរៀងៗខ្លួនវិញ៕