(ភ្នំពេញ)៖ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ព្រមទាំងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ ថ្កោលទោសដាច់អហង្ការចំពោះបុគ្គល ឡុង សុគន្ធារៈ ដែលបានក្លែងបន្លំឯកសណ្ឋានយោធា និងឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់កម្ពុជា និងប្រមាថនាយទាហានជាន់ខ្ពស់កម្ពុជា និងប្រមុខរាជរដ្ឋាភិបាល។

ក្នុងញត្តិថ្កោលទោសរបស់បញ្ជាការដ្ឋានកាំភ្លើងធំ ចាត់ទុកទង្វើរបស់បុគ្គលពាលរូបនេះ តាមរយៈការញុះញង់ការពាក់ឯកសណ្ឋានយោធាដោយខុសច្បាប់ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសេចក្ដីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ គឺជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុតមិនអាចលើកលែងឱ្យបាន។

បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ បានអំពាវនាវដល់ជនរួមជាតិទាំងអស់កុំចែកចាយបន្តនូវវីដេអូ របស់បុគ្គលពាលក្រៅសង្គមរូបនេះ ហើយអំពាវនាវដល់ឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើបុគ្គល ឡុង សុគន្ធារៈ។

មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ព្រមទាំងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ ប្រកាសប្រឆាំងដាច់ខាតចំពោះជន ដែលព្យាយាមធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ បង្កអសន្តិសុខជាតិ និងប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ទោះក្នុងតម្លៃណាក៏ដោយ៕