(ភ្នំពេញ)៖ វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ(EDI) បានចុះកិច្ចសន្យាជាមួយស្ថាប័នជាតិ និងអន្តរជាតិចំនួន១០ លើការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ឆ្នាំ២០២៣ ដើម្បីពង្រឹងសមត្ថភាពបុគ្គលិក និងថ្នាក់ដឹកនាំក្នុងទិសដៅរក្សានិរន្តរភាពស្ថាប័នរបស់ខ្លួន។

លោក គុជ សាវ៉ាត នាយកគ្រប់គ្រងវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំបានលើកឡើងថា «EDI ផ្តល់សេវាកម្មវគ្គបណ្តុះបណ្តាលដល់ក្រុមហ៊ុន ស្ថាប័នរដ្ឋ អង្គការជាតិ និងអន្តរជាតិជាច្រើន ប្រកបដោយគុណភាព យើងបានទទួលទំនុកចិត្តខ្ពស់និងការជឿជាក់ពីស្ថាប័នដៃគូជាច្រើនរាប់ពាន់ ហើយក្នុងថ្ងៃកម្មវិធីប្រកាសផែនការវគ្គបណ្តុះបណ្តាល និងជប់លៀងថ្លែងអំណរគុណដៃគូអាជីវកម្មនាពេលថ្មីៗនេះមានក្រុមហ៊ុនជាង១០ បានសម្រេចចិត្តបន្តធ្វើកិច្ចសន្យាជាមួយ EDI ក្នុងការទទួលសេវាកម្មបណ្តុះបណ្តាល និងប្រឹក្សាយោបល់សម្រាប់ឆ្នាំ២០២៣នេះបន្ត ។ ចំណែកស្ថាប័នមួយចំនួនទៀតក៏កំពុងគិតពិចារណាចុះកិច្ចសន្យាជាមួយ EDI ផងដែរ»

លោកបន្តទៀតថា ចំពោះវគ្គបណ្តុះបណ្តាលដល់ស្ថាប័នដៃគូរមានដូចជាការគ្រប់គ្រងធនធានមនុស្ស គ្រប់គ្រងធុរៈកិច្ច ជំនាញផ្នែកលក់និងទីផ្សារ ភាពជាអ្នកដឹកនាំ គណនេយ្យនិងហិរញ្ញវត្ថុ ការគ្រប់គ្រងគំរោងនិងស្រាវជ្រាវ ការបណ្តុះបណ្តាលនិងអភិវឌ្ឍបុគ្គលិក។ ទន្ទឹមនឹងនេះ វិទ្យាស្ថានរបស់យើងមានគ្រូឧទ្ទេសគ្រប់មុខជំនាញរួមជាមួយបទពិសោធន៍បណ្តុះបណ្តាលជាច្រើនឆ្នាំ។

សូមជម្រាបថា វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ចាប់ដំណើរការតាំងពីឆ្នាំ២០០៧ ក្នុងការផ្តល់នូវសេវាកម្មអប់រំ ប្រឹក្សាយោបល់ និងសិក្សាស្រាវជ្រាវ ក្នុងគោលបំណងអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិក អ្នកគ្រប់គ្រង និងអ្នកជំនួញនៅក្នុងប្រទេសកម្ពុជា វិទ្យាស្ថានបានទទួលនូវសិទ្ធផ្តាច់មុខក្នុងការប្រើប្រាស់ និងចែកចាយនូវកម្មវិធីអប់រំ ទម្លាប់ទាំង៧ របស់បុគ្គលឆ្នើម នៃក្រុមហ៊ុន Franklin Covey Education មកពីសហរដ្ឋអាមេរិចផងដែរ៕