(ព្រះសីហនុ​)៖​ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យចំនួន៤នាក់ និងវត្តុតាងពាក់ព័ន្ធករណីជួញដូរថ្នាំញៀន ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់បន្ទាប់ពីបញ្ចប់ការសាកសួរ។

លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន​ Fresh News ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ថា ជនជាប់សង្ស័យចំនួន៤នាក់ខាងលើនេះត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តចាប់ខ្លួនក្នុងបទល្មើសជាក់ស្តែងចំនួន២ករណីផ្សេងគ្នា ពាក់ព័ន្ធករណីជួញដូរ​ និងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់។

ក្នុងនោះករណីទី១៖​ ជនសង្ស័យមានឈ្មោះ រិទ្ធ ជាង ភេទប្រុស ត្រូវបានចាប់ខ្លួននៅចំណុចភូមិស្ទឹងច្រាល ឃុំអូរ បាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ នៅវេលាម៉ោង១៧:០០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា ដឹកនាំដោយលោកអនុសេនីយ៍ទោ ដួង សំបូរ​។

ក្រោយចាប់ខ្លួនសមត្ថកិច្ចធ្វើការដកហូតវត្តុតាង រូមមាន៖ ម៉ូតូ១គ្រឿង ម៉ាកសង់ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1C-6228​,​ ម្សៅសថ្លាចំនួន៤កញ្ចប់ទម្ងន់១,៤៦ក្រាមថ្លឹងទាំងសំបក។

ករណីទី២​៖ ជនសង្ស័យមានឈ្មោះ លី សំណាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកបរស្នាក់នៅបន្ទប់ជួល ក្រុម១២ ភូមិ៣ សង្កាតលេខ២ ក្រុងព្រះសីហនុ,​ ឈ្មោះ ប្រាក់ រដ្ឋា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកអនឡាញកាស៊ីណូឌីហាវ ស្នាក់នៅភូមិ០៤ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងឈ្មោះ លឹម ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅបន្ទប់ជួលកន្ទុយនាគ ភូមិ ៤​ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។

វត្ថុតាងដកហូតរួមមាន​៖​ ម្សៅសថ្លាចំនួន៥កញ្ចប់ ទម្ងន់១៣.៥២ក្រាមថ្លឹងទាំងសំបក-ទូរស័ព្ទ ចំនួន៣គ្រឿង-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង, ខ្សៀជក់ចំនួន០៣, ដបជក់ចំនួន០២, លុយខ្មែរចំនួន ១០ម៉ឺនរៀល និងម៉ូតូចំនួន១គ្រឿង។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានចាប់ខ្លួននៅវេលាម៉ោង ០០:៣០នាទី នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣​ ក្រោមប្រត្តិបត្តការណ៍កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន​ កងរាជអាវុធហ្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ ត្រី ឡុង គឹមហួរ នាយការិយាល័យ សហការជាមួយកម្លាំងកងរាជអាវុធហ្ថ ក្រុងព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ុក ពិសិដ្ឋ មេបញ្ជាការគឺចាប់ខ្លួននៅត្រង់ចំណុច ក្រុម១២ ភូមិ៣ សង្កាត់២​ ក្រុង/ខេត្តព្រះសីហនុ៕