(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់នាយទាហានទាំងអស់ឱ្យប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួន ក្រោយមានករណីក្លែងបន្លំប្រើប្រាស់ឈ្មោះ និងរូបថតកងទ័ពតាមបណ្តាមសង្គម។

ការចេញមកអំពាវនាវបែបនេះ របស់នាយឧត្តមសេនីយ៍ ឈុំ សុជាត បានធ្វើឡើងបន្ទាប់ពីពេលថ្មីៗនេះ មានជនខិលខូចមួយចំនួនបានបន្តក្លែងបន្លំប្រើប្រាស់ឈ្មោះ និងរូបថតរបស់នាយទាហានជាន់ខ្ពស់កម្ពុជា នៅតាមបណ្តាញសង្គម ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ និងទាយយកប្រយោជន៍ផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ និងក្រសួងការពារជាតិ ក៏ដូចជាសាមីខ្លួន។

«ដើម្បីចៀសវាងនូវបញ្ហាដូចខាងលើនេះ ខ្ញុំសូមអំពាវនាវដល់នាយទាហានទាំងអស់ មេត្តាប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួន និងត្រូវមានវិធានការឆ្លើយតបប្រសិនបើរកឃើញថាជនខិលខូចដូចខាងលើ បានបន្លំប្រើប្រាស់ឈ្មោះ និងបណ្តាញសង្គមរបស់ខ្លួន ក៏ព្រោះតែកន្លងទៅ ករណីលួចបន្លំបែបនេះក៏បានឈានទៅដល់ការប្តឹងផ្តល់ដោះស្រាយតាមផ្លូវតុលាការ ដែលសាមីខ្លួនមិនបានដឹងផងដែរ»។ នេះបើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់នាយឧត្តមសេនីយ៍ ឈុំ សុជាត។

ក្រៅពីអំពាវនាវឱ្យនាយទាហានមានការប្រុងប្រយ័ត្ន អ្នកនាំពាក្យក្រសួងការពារជាតិ ក៏សូមស្នើដល់អ្នកប្រើប្រាស់បណ្តាញសង្គម ក៏ដូចជាសារព័ត៌មានទាំងអស់ សូមព្យាយាមផ្ទៀងផ្ទាត់ សុំការបកស្រាយបញ្ជាក់ពីសាមីខ្លួន ឬអង្គភាពឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងចែកចាយ និងផ្សព្វផ្សាយនូវសារ ឬរឿងរ៉ាវផ្សេងៗ ដែលពាក់ព័ន្ធនឹងមន្ត្រីយោធាជាន់ខ្ពស់កម្ពុជា ដោយសារតែការបន្លំប្រើប្រាស់បណ្តាញសង្គម ឈ្មោះ ឬរូបថតដោយជនខិលខូចនោះ៕