(ភ្នំពេញ)៖ ក្រោមកិច្ចសហការបន្ដរយៈពេល៣ឆ្នាំ (២០២២-២០២៣) ស្ដីពីការលើកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងសហគមន៍ រវាងកាកបាទក្រហមកម្ពុជា និងកាកបាទក្រហមហ្វាំងឡង់ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានជំនួបពិភាក្សាការងារជាមួយគ្នា ដែលប្រព្រឹត្ដទៅនៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

ជំនួបពិភាក្សាការងារនេះ បានធ្វើឡើងក្រោមវត្ដមាន លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោកស្រី Sari Autio មន្ត្រីកាកបាទក្រហមហ្វាំងឡង់ ប្រចាំតំបន់អាស៊ី។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់ សម្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកាកបាទក្រហមហ្វាំងឡង់ តែងតែឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា តាំងពីឆ្នាំ១៩៩០។

លោកស្រីអគ្គលេខាធិការបានបន្តថា កាកបាទក្រហមកម្ពុជាបានរៀបចំទម្រង់ហិរញ្ញវត្ថុ ដើម្បីជួបពិភាក្សានិងពិនិត្យរួមគ្នាអំពីផែនការថវិកា និងផែនការសម្រាប់អនុវត្តកម្មវិធីនេះឲ្យបានគត់មុត។ លោកស្រីបញ្ជាក់បន្ថែមថា ឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់ដឹកនាំ លើកទី២០ និងវេទិកាយុវជន លើកទី២ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ហើយក្នុងសប្តាហ៍នេះ កាកបាទក្រហមកម្ពុជា មានវគ្គបណ្ដុះបណ្ដាល គ្រូបង្គោលស្ដីពី «យុវជនជាភ្នាក់ងារនៃការផ្លាស់ប្ដូរឥរិយាបថជាវិជ្ជមាន» (YABC ToT) នៅរាជធានីភ្នំពេញ និងវគ្គបណ្ដុះបណ្ដាល មិត្តអប់រំមិត្តស្ដីពី «យុវជនជាភ្នាក់ងារនៃការផ្លាស់ប្ដូរឥរិយាបថជាវិជ្ជមាន» (YABC ToPE) នៅខេត្តសៀមរាប សប្តាហ៍ក្រោយ។

លើសពីនោះនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ខាងមុខ កាកបាទក្រហមកម្ពុជា និងប្រគល់សម្ភារៈជូនសាខាគោលដៅចំនួន៤ សម្រាប់អនុវត្តកម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងសហគមន៍។

ជាការឆ្លើយតបលោកស្រី Sari Autio បានថ្លែងអំណរគុណអនុញ្ញាតបានសម្តែងការគួសម និងពិភាក្សាការងារខាងលើនេះជាមួយកាកបាទក្រហមកម្ពុជា និងមានសេចក្តីរីករាយ ដែលបានសហការជាមួយគ្នាបន្ដទៀតនេះ។

ក្នុងការបន្ដកិច្ចសហការជាមួយគ្នា លោកស្រីនឹងចែករំលែកបទពិសោធន៍ ការងារ និងផែនការយុទ្ធសាស្ត្ររបស់កាកបាទក្រហមហ្វាំងឡង់ ដើម្បីឲ្យកម្មវិធីលើកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងសហគមន៍ ក្នុងការជួយប្រជាពលរដ្ឋាតាមសហគមន៍គោលដៅកាន់តែមានប្រសិទ្ធភាព៕