(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលជាជនរងគ្រោះ បានអំពាវនាវដល់សមត្ថកិច្ចខណ្ឌ៧មករា ជំរុញក្នុងការដោះស្រាយ ចំពោះករណីក្រុមក្មេងទំនើងមួយក្រុម ជិះម៉ូតូជាច្រើន មកព្រួតវាយលើយុវជនម្នាក់ ដែលជាអ្នកយាមម៉ូតូមួយកន្លែង បណ្តាលឲ្យរងរបួស និងខូចខាតសម្ភារៈមួយចំនួនអស់រយៈពេលជាច្រើនថ្ងៃមកហើយ។

ការស្នើសុំរបស់ជនរងគ្រោះនេះ ធ្វើឡើងក្រោយពីសមត្ថកិច្ចហាក់ដូចជា មិនអើពើក្នុងការដោះស្រាយ គ្រាន់តែទទួលពាក្យបណ្តឹង ទោះបីជាស្គាល់ទាំងមុខមាត់ ស្គាល់ទាំងអាសយដ្ឋាន របស់ក្រុមក្មេងទំនើងនោះក៏ដោយ។

ជនរងគ្រោះបានបញ្ជាក់ថា សមត្ថកិច្ចអះអាងថា នឹងចុះតាមចាប់ក្រុមក្មេងទំនើងដែលជាក្រុមបង្ក ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ មិនឃើញសមត្ថកិច្ចចុះទៅឃាត់ក្រុមនោះទេ។ ប្រជាពលរដ្ឋថា ក្រុមជនបង្កនៅតែអាចដើរហើរ បង្កអសន្តិសុខបានដោយសេរី នៅក្នុងមូលដ្ឋានម្តុំផ្សារអូឫស្សី។

ជនរងគ្រោះ បានស្នើសូមឲ្យសមត្ថកិច្ចកោះហៅក្រុមក្មេងទំនើង ដែលជាជនបង្កមកដោះស្រាយ និងផ្តល់សំណងណាមួយដ៏សមរម្យ។ តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញ ពីសកម្មភាព នៃការប្រើអំពើហិង្សា គឺពួកគេពិតជាបានចូលមកវាយដំ លើយុវជនជនរងគ្រោះប្រាកដមែន៕