(សាំងហ្គាពួរ)៖ យន្តហោះដឹកអ្នកដំណើររបស់ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines (SIA) បាន​ឆេះ​នៅព្រឹកថ្ងៃចន្ទនេះ ខណៈពេល ធ្វើការចុះចតជាបន្ទាន់មួយ នៅក្នុងប្រទេសសិង្ហបុរី ប៉ុន្តែសំណាងល្អ មិនបណ្ដាល​ឲ្យ​អ្នកដំណើររងរបួសឡើយ។ នេះបើយោងតាមការចេញ ផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី២៧ ខែមិថុនា។

យន្តហោះ Singapore Airlines​ ជើងហោះហើរ Flight SQ368 បានចេញដំណើរពី​អាកាសយានដ្ឋាន Changi Airport ប្រទេសសិង្ហបុរី ទៅកាន់ទីក្រុង Milan ប្រទេសអ៉ីតាលី នៅម៉ោង ២៖០៥នាទី ព្រឹកថ្ងៃ​ចន្ទ។ ក្រោយពីហោះហើរ បានប៉ុន្មានម៉ោង ជើងហោះហើរមួយនេះ បានត្រឡប់ក្រោយវិញ ដោយបាន​រាយការណ៍មកថា មាន​ការលេចធ្លាយប្រេងម៉ាស៊ីននៅស្លាបខាងស្ដាំ។

យន្តហោះបានចុះចតនៅ អាកាសយានដ្ឋាន Changi Airport វិញនៅម៉ោង ៦៖៥០នាទីព្រឹក ជាមួយនឹង​អ្នក​ដំណើរ ២២២នាក់ សហនាវិក ១៩នាក់ ហើយជាសំណាងល្អ ដែលមិនមាននរណាម្នាក់រងគ្រោះថ្នាក់៕