(ព្រះវិហារ)៖ កំណាត់ផ្លូវជាតិលេខ៩៥ ពីស្រុកឆែប ទៅភ្នំដែក ស្រុករវៀង ខេត្តព្រហវិហារ ត្រូវបានក្រុមការងារថែទាំប្រចាំ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើការជួសជុលឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលនានារបស់ប្រជាពលរដ្ឋមានភាពងាយស្រួល។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានឲ្យដឹងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះថា ក្រុមការងារជួសជុល ថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើសកម្មភាពថែទាំប្រចាំ ដោយធ្វើការសៀលកៅស៊ូ ប៉ះចិញ្ចើមផ្លូវ ស្នាមប្រេះស្រុត និងលុបសំបុកមាន់ លើកំណាត់ផ្លូវជាតិលេខ៩៥ ពី (ស្រុកឆែប ដល់ភ្នំដែក ស្រុករវៀង) ប្រវែង៧៩,៥០គីឡូម៉ែត្រ ត្រង់ចន្លោះ PK ៦៣+០០០ ដល់ PK ៦៧+៥០០។

លោក សំ លាងទ្រី បានបន្ថែមថា ក្រោមការណែនាំពីទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានយកចិត្តទុកដាក់ជួសជុល ថែទាំ ផ្លូវដែលគ្រប់គ្រងដោយមន្ទីរ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋមានភាពងាយស្រួល ពិសេសផ្លូវដែលរងការខូចខាតដោយទឹកជំនន់កន្លងមក មន្ទីរបានធ្វើការជួសជុលឡើងវិញសម្រេចបាន១០០%។

លោកប្រធានមន្ទីរ បានបន្ដថា បើទោះបីជាយើងបានធ្វើការជួសជុល ថែទាំ លើកំណាត់ផ្លូវនានាដែលគ្រប់គ្រងដោយមន្ទីរ ដែលរងការខូចខាតដោយទឹកជំនន់បាន១០០% ហើយក្តី ក៏យើងមិនបោះបង់ មិនថែទាំបន្តនោះទេ ផ្ទុយទៅវិញនៅតែជួសជុល ថែទាំប្រចាំ គ្រប់ផ្លូវទាំងអស់ធ្វើយ៉ាងណា ដើម្បីកុំឲ្យមានគ្រលុក សំបុកមាន់ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

លោក សំ លាងទ្រី អំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្តចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យបានគ្រប់ៗគ្នា ពិសេសរាល់ពេលបើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ និងបើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពជានិច្ច មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង មិនត្រូវវ៉ាជែងទាំងប្រថុយប្រថាន ត្រូវគោរពស្លាកសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍នៅតាមដងផ្លូវ និងមិនត្រូវបើកបរលើសល្បឿនកំណត់៕