(ស្វាយរៀង)៖ លោក រស់ ផារិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពងទឹក ស្រុករំដួល នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញបើកការដ្ឋានគម្រោងជួសជុលផ្លូវដីក្រាលថ្មបំបែក ប្រវែង ១,៨០០ម៉ែត្រ គម្រោងឆ្នាំ២០២២ ឆ្លងកាត់ចំនួន២ភូមិ គឺភូមិសេកយំ ប្រវែង១,៥០០ម៉ែត្រ និងភូមិព្រៃតាយ័ន្តប្រវែង៣០០ម៉ែត្រ។

ការដ្ឋានជួសជុលនេះ មានការចូលរួមដោយមានការចូលរួម មន្ត្រីបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ឋខេត្តប្រចាំស្រុករំដួល តំណាងអ្នកទទួលការក្រុមហ៊ុន និងក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំ ភូមិ សេកយំ និង ភូមិព្រៃតាយ័ន្ត ប្រជាការពារភូមិ ប្រជាពលរដ្ឋ ចូលរួមចំនួន ១០០នាក់ ស្រី៣៩នាក់។

លោក រស់ ផារិទ្ធ បានថ្លែងថា សមិទ្ធិផល ផ្លូវមួយខ្សែក្នុងភូមិសេកយំឃុំពងទឹកនេះមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋសិស្សានុសិស្សក្នុងការធ្វើដំណើរ ឆ្លងកាត់និងដឹកកសិកផល ផ្សេងៗបន្ទាប់ពីទទួលរងការខូចខាតពិបាក ក្នុងការធ្វើដំណើរនាឆ្នាំ២០២២កន្លងទៅនេះ។

លោក រស់ ផារិទ្ធ បានបន្តថា ផ្លូវមួយខ្សែនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ដែលជាការខិតខំប្រឹងប្រែងរបស់អាជ្ញាធរឃុំពងទឹក សម្រាប់ប្រជាពលរដ្ឋធ្វើចរាចរណ៍ឆ្លងកាត់ទៅមក ដើម្បីកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ ដូច្នេះ ផ្លូវថ្នល់គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏សំខាន់ បើមានផ្លូវល្អគឺធ្វើឱ្យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

លោកបានបន្តថា សមិទ្ធផលផ្លូវដែលបើកការដ្ឋានស្ថាបនានៅថ្ងៃនេះ គឺផ្តើមចេញពីការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែនជាប្រមុខដឹកនាំ ដែលតែងតែជំរុញដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងគិតគូរពីជីវភា​ពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងខិតខំកសាងសមិទ្ធផលនានាជូនដល់ប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានេះលោករស់ ផារិទ្ធ ក៏បានជំរុញដល់លោកតាលោកយាយ ប្រជាពលរដ្ឋនៅមូលដ្ឋានឃុំពងទឹកត្រូវយកចិត្តទុកដាក់លើការថែរក្សាសុខភាពជាចំបង ជាពិសេស សូមបងប្អូនអញ្ជើញទៅចាក់វ៉ាកសាំងកូវីដ១៩ ដូសជំរុញឲ្យបានគ្រប់ៗគ្នាតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនោះ លោក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពងទឹក ស្រុករំដួលដើម្បីជារបស់កំដរដៃ ក៏បានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួម ១០០នាក់ ក្នុងម្នាក់ ក្រមា ១ និងបានប្រគេនទេយ្យវត្ថុ ចង្ហាន់ និងបច្ច័យដល់ព្រះគ្រូចៅអធិការវត្តសេកមាសផងដែរ៕