(ភ្នំពេញ)៖ ផ្នែកពុទ្ធិកបឋមសិក្សា និងធម្មវិន័យ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ បានបើកដំណើរការនៃការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា (បាលីរង) ក្នុងសម័យប្រឡងថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២៣។

សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះអគ្គាធិការរងព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងលោក សេង សុមុនី រដ្ឋលេខាធិការ តំណាងលោក ឈិត សុខុន រដ្ឋមន្រ្ដីក្រសួងធម្មការ និងសាសនា មួយអន្លើដោយព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម និងមន្ត្រីរាជការទាំងអស់ បានយាង និមន្ត និងអញ្ជើញចូលរួមបើកវិញ្ញាសា និងឧបត្ថម្ភ ដល់ដំណើរការប្រឡងមួយនេះ។

មន្ត្រីផ្នែកពុទ្ធិកបឋមសិក្សា និងធម្មវិន័យ បានឲ្យដឹងថា ការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា (បាលីរង) មានសមណសិស្សចនួន ៣៩២០អង្គ/នាក់ មកពីរាជធានីខេត្ត ចំនួន១៥ រួមមាន៖ មណ្ឌលរាជធានីភ្នំពេញ ៦៤២ អង្គ/នាក់, បាត់ដំបង ៣១៥អង្គ/នាក់, កំពង់ចាម ៤២៣អង្គ/នាក់, ព្រៃវែង ២៩១អង្គ/នាក់, កំពត ១៥១អង្គ/នាក់, បន្ទាយមានជ័យ ២៧០អង្គ/នាក់, កំពង់ធំ ៣២២អង្គ/នាក់, សៀមរាប ២៨៤អង្គ/នាក់, ស្វាយរៀង ១៥៩អង្គ/នាក់, កំពង់ឆ្នាំង ២៣៧អង្គ/នាក់, ពោធិ៍សាត់ ១២៥អង្គ/នាក់, តាកែវ ២០៣អង្គ/នាក់, ក្រចេះ ៩៨អង្គ/នាក់, ត្បូងឃ្មុំ ២២១អង្គ/នាក់ និងកំពង់ស្ពឺ ១៧៩អង្គ/នាក់៕