(ភ្នំពេញ)៖ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល (យ.គ.ក.) បានផលិតវីដេអូមួយ បង្ហាញពីដំណើរជីវិតនៃការតស៊ូរបស់លោក ពៅ ប៉ូលីណែល ដែលជាយុវជនរបស់គណបក្សប្រជាជនកម្ពុជាមួយរូប ដែលបានប្រឹងប្រែងតស៊ូក្នុងជីវិត ពីនិស្សិតស្នាក់នៅវត្តអារាម រហូតក្លាយជារដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល និងជាប្រធានផ្នែកផែនការយុទ្ធសាស្រ្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។

លោក ពៅ ប៉ូលីណែល គឺជាកូនច្បងរបស់គ្រួសារក្រីក្រ នៅភូមិសាលាស្រុកចាស់ ឃុំព្រៃឆ្លាក់ ស្រុកស្វាយរៀង ខេត្តស្វាយរៀង ដែលមានកូន ៤នាក់។ បើតាមការរៀបរាប់ត្រួសៗ ក្នុងវីដេអូមួយនេះ បង្ហាញថា ក្រោយក្លាយជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០០២ លោក ពៅ ប៉ូលីណែល បានប្រឹងប្រែងជ្រោមជ្រែងគណបក្ស ហើយថ្នាក់ដឹកនាំគណបក្ស បានមើលឃើញពីគុណសម្បត្តិរបស់លោក។

ខ្សែវីដេអូនេះដែរ គឺចង់បានបង្ហាញពីក្មេងស្រុកស្រែម្នាក់ ដែលធ្លាប់ស្នាក់នៅវត្ត ដើម្បីបន្តក្តីស្រមៃសិក្សានៅរាជធានីភ្នំពេញ និងប្រឹងប្រែងរហូតបានសិក្សានៅក្រៅប្រទេស ហើយបានក្លាយជាបញ្ញាវន្តមួយរូប ដែលមានតួនាទីសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។

«ខ្ញុំសង្ឃឹមថា ខ្សែវីដេអូនេះនឹងជួយលើកទឹកចិត្តយុវជនខ្មែររាប់លាន ឲ្យខិតខំតស៊ូក្នុងជីវិត ឈានទៅរកភាពជោគជ័យ។ គណបក្សប្រជាជនកម្ពុជា តែងយកចិត្តទុកដាក់ខ្ពស់ និងលើកទឹកចិត្តដល់យុវជន ដែលមានសមត្ថភាព»។ នេះជាការបញ្ជាក់របស់លោក ពៅ ប៉ូលីណែល។

លោក ពៅ ប៉ូលីណែល បានថ្លែងអំណរគុណដល់លោក ហ៊ុន ម៉ាណែត, លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាចរណ៍ស៉ីវិល និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានជួយតម្រែតម្រង់ទិស ឲ្យលោកបានចូលរួមបម្រើជាតិអស់ពីចិត្ត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖