(ភ្នំពេញ)៖ បុណ្យចូលឆ្នាំប្រពៃណីចិន គឺជាបុណដ៏សំខាន់មួយរបស់បងប្អូនជនជាតិចិន ឬបងប្អូនជនជាតិខ្មែរដែលជាប់សែស្រឡាយចិន តែងតែប្រារព្ធជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ។

នៅក្នុងថ្ងៃសែនចូលឆ្នាំចិន បើតាមក្បួនតម្រារបស់ចិន គេតែងធ្វើឡើងយ៉ាងផ្ចិតផ្ចង់ទៅតាមជំនឿ មិនថាការជ្រើសរើសពណ៌តុបតែងលម្អផ្ទះ ម្ហូបអាហារ សែនព្រែន គេជឿថាត្រូវធ្វើឱ្យត្រូវតាមទំនៀមទម្លាប់ ទើបនាំឱ្យគ្រួសារ មានសេចក្ដីសុខ មានលាភសំណាង។

សម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិន រយៈពេល៤ថ្ងៃ គឺថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃសែន និង ថ្ងៃទី២២, ២៣ និង២៤ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃចូលឆ្នាំ។

​ជាទូទៅ អ្នកជាប់សែស្រឡាយចិននៅកម្ពុជា តែងតែមានជំនឿលើដើមផ្កាអង្គាសីល្ប៍ ដែលជាផ្កានាំលាភនាំជ័យ កើនទ្រព្យសម្បតិ្តសម្រាប់ពួកគេ។ ហេតុនេះហើយ ទើបធ្វើឱ្យអ្នកជាប់សែស្រឡាយចិន តែងតែទិញផ្កាទាំងនេះ សម្រាប់តាំងលម្អ។ ជាមួយគ្នានេះ នៅក្នុងពិធិបុណ្យចូលឆ្នាំចិនឆ្នាំនេះ ចិនសែបានទាយថា ការតាំងលម្អដើមរាសី និងជួយឲ្យមានលាភសំណាង ធ្វើឲ្យមានទីផ្សារដើមរាសី លក់ដាច់ខ្លាំង។

កំពុងមមារញឹករៀបចំដើមរាសីឱ្យអតិថិជន លោកស្រី ជួន ផល្លា មានអាយុ៤៧ឆ្នាំ ជាអាជីវករលក់ផ្កានៅផ្សារចាស់ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ឆ្នាំនេះគេចូលចិត្ដដើមរាស្សី យកពណ៌បៃតង ទើបធ្វើឲ្យដើមរាសីលក់បានថ្លៃ ដើមរាសីមិនអាចចោលបាន ព្រោះដើមរាសីតំណាងតាំងពីដូនតាមក។

លោកស្រីបានបន្តថា ហ៊ុងស៊ុយយើងដាក់ក្នុងមួយថូបានប្រាំ៩ដើម ឬក្រោមនេះបាន៧ដើម បើសិនជាថូធំអាចដាក់១៨ដើម។ លោកស្រីថា ដើមរាសីធំលក់ចេញបានតម្លៃ ៣៥០០រៀលក្នុងមួយដើម ដើមរាសីពណ៌មាសលក់បាន ៥០០០រៀលក្នុងមួយដើម ដោយឆ្នាំនេះលោកស្រីលក់ដើមរាសីបានជាង ៣ពាន់ដើម។

ចំណែកឯអាជីវករមួយរូបទៀត គឺលោកស្រី ឈុន សុភី នៅផ្សារកណ្ដាល បានបន្ដទៀតថា ចំពោះការលក់ផ្កាឆ្នាំនេះ លក់ដាច់គ្រាន់បើ បើប្រៀបធៀបនឹងឆ្នាំមុន តម្លៃគឺនៅដដែល។ ដើមរាសីដើមធំលក់បានតម្លៃ ៣០០០រៀល ក្នុងមួយដើម ហើយក្រៅពីលក់ដើមរាសី មានលក់ផ្កាលីលី ផ្កាអូយ៉េ ផ្កាសំណាង និងផ្សេងៗជាច្រើនទៀត​។

អ្នកទិញដើមរាសីនៅផ្សារចាស់ ដែលកំពុងតែសម្លឹងរកមើលដើមរាសីយកទៅដាក់តាំងលម្អរនោះបានឲ្យដឹងថា ដើមរាសី គឺជាដើមទ្រព្យ កើនមាស កើនពេជ្រ មានសេចក្ដីសុខ សេចក្ដីចម្រើន មានសុភមង្គល ដល់រូបគាត់ និងក្រុមគ្រួសារ។

ជាយូរលង់មកហើយ ដើមរាសី ត្រូវបានចាត់ជារុក្ខជាតិដ៏ពិសិដ្ឋមួយ ដែលតំណាងឲ្យជីវិត និងសំណាង ដែលពោរពេញទៅដោយភាពចម្រុងចម្រើន។ រុក្ខជាតិនេះសក្តិសមបំផុត សម្រាប់អ្នកជំនួញ ឬការរកស៊ីនានា ដោយលើកហុងស៊ុយឲ្យអាជីវកម្មររីកដុះដាលជានិច្ច។ ដើមរាសី ក៏សក្តិសមសម្រាប់គូស្នេហ៍ផងដែរ ដោយវាតំណាងឱ្យសេចក្តីស្រឡាញ់ បើជូនជាអំណោយសម្រាប់សង្សារ ឬស្វាមីភរិយា គេជឿថា អាចផ្ដល់ឱ្យស្នេហាកាន់តែរឹងមាំ ព្រមទាំងបង្កើនសុភមង្គលគ្រួសារ បង្កើនកូនចៅពេញផ្ទះ។

ក្រៅពី​ជំនឿជនជាតិចិន ដើមរុក្ខជាតិនេះជាប់ទាក់ទិននឹងហុងស៊ុយ ជួយបង្កើនទ្រព្យសម្បត្តិ និង ភាពជោគជ័យអាជីព​។ ដើមរាសីក៏ជារុក្ខជាតិជួយបន្សុទ្ធខ្យល់ផងដែរ។ វាដើរតួជាអ្នកកម្ចាត់ខ្យល់ពុលគីមីផ្សេងៗ ហើយមិនសូវរើសកន្លែងដាំ ឬតាំងលម្អឡើយ៕