(ស្វាយរៀង)៖ ថ្លែងចេញពីខេត្តស្វាយរៀង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានបន្ដអំពាវនាវជាថ្មីម្ដងទៀត ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈមដ្ឋាន គ្រប់វ័យទាំងអស់ សូមបន្ដទៅទទួលយកនូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញឲ្យបានគ្រប់ៗគ្នា។

ក្រោយបញ្ចប់ការបំពេញបេសកកម្មពិនិត្យដំណើរការចាក់វ៉ាក់សាំងនៅមូលដ្ឋានខេត្តស្វាយរៀង លោកស្រី ឱ វណ្ណឌី ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន បានអះអាងថា បច្ចុប្បន្ននេះទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមាននៅគ្រប់ទីកន្លែងទាំងអស់នៃមូលដ្ឋានសុខាភិបាល ទាំងមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងមន្ទីរពេទ្យជាតិ ដែលប្រជាពលរដ្ឋអាចទៅចាក់បានគ្រប់ពេលវេលា នៅពេលខ្លួនដល់វេលាកំណត់។

លោកស្រី ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមធ្វើការអំពាវនាវសារជាថ្មី សូមប្រជាពលរដ្ឋមកទទួលយកនូវវ៉ាក់សាំងកូវីដ១៩ តាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលសម្ដេចបានដាក់ចេញរួចហើយនូវយុទ្ធសាស្ដ្រស្រោចស្រពវ៉ាក់សាំងជូនប្រជាពលរដ្ឋ។ បច្ចុប្បន្នវ៉ាក់សាំងអត់ខ្វះទេ សូមបងប្អូនកុំព្រួយបារម្ភ ហើយអ្វីដែលសំខាន់សូមបងប្អូនអញ្ជើញមកទទួលយកទៅតាមវេន តាមកាលកំណត់»។

តាមការពិនិត្យអង្កេតជាក់ស្ដែង លោកស្រីប្រធានគណៈកម្មការចំពោះកិច្ច វាយតម្លៃថា មានប្រជាពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះ ដែលទើបចាក់វ៉ាក់សាំងកូវីដ១៩បានត្រឹមដូសទី៣ ខណៈភាគច្រើនក្នុងមូលដ្ឋានខេត្តស្វាយរៀង គឺចាក់ដូសទី៦ ក្នុងនោះមានទាំងនៅសាលារៀន និងរោងចក្រជាដើម។ ដូច្នេះនេះជាការចូលរួមចំណែករបស់ប្រជាពលរដ្ឋក្នុងការទប់ស្កាត់ ការផ្ទុះជាថ្មីឡើងវិញ នូវវីរុសកូវីដ១៩ ជាពិសេសពពួកបំប្លែងថ្មី។

អ្វីដែលជាការចាប់អារម្មណ៍បន្ថែមរបស់លោកស្រី ឱ វណ្ណឌីន គឺប្រជាពលរដ្ឋដែលមកទទួលវ៉ាក់សាំង ក៏មានលោកតា លោកយាយ ជនពិការ ដែលអាជ្ញាធរមូលដ្ឋាន សហការជាមួយមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានចាត់ចែងរៀបចំដើម្បីផ្ដល់វ៉ាក់សាំងជូនពួកគាត់។ លោកស្រីរំលឹកថា មនុស្សដែលមានវ័យចាស់ គឺចាំបាច់ណាស់ត្រូវទទួលបានគ្រប់គ្រាន់នូវវ៉ាក់សាំងកូវីដ១៩ ដើម្បីការពារអាយុជីវិតពីការវាយលុកជំងឺនេះ។

ស្របពេលពិធីបុណ្យចូលឆ្នាំប្រពៃណីចិននឹងឈានមកដល់នេះ ដែលប្រជាពលរដ្ឋខ្មែរខ្សែស្រឡាយកាត់ចិន នឹងមានការជួបជុំក្រុមគ្រួសារ ដើរលេងកម្សាន្ដនោះ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្ដនូវការប្រុងប្រយ័ត្នខ្ពស់នូវការផ្ទុះឡើងជាថ្មី នៃការចម្លងជំងឹកូវីដ១៩ នៅក្នុងសហគមន៍។ មធ្យោបាយដែលល្អបំផុត ដើម្បីការពារជំងឺនេះ គឺបន្ដអនុវត្តវិធានការ ៣ការពារ និង៣កុំ និងទទួលយកនូវវ៉ាក់សាំងតាមវេនរបស់ខ្លួនឲ្យបានគ្រប់ចំនួនដូស៕