(វ៉ាទីកង់)៖ បូជាចារ្យកាតូលិក ដែលកំពុងបំពេញបេសកកម្មនៅកម្ពុជា លោក Will Conquer បានអះអាងថា ច្រើនឆ្នាំមកនេះ លោករស់នៅខ្មែរដោយមានសេរីភាពយ៉ាងពេញលេញ ខាងជំនឿសាសនា ដោយគ្មានអ្នកណាបៀតបៀនឡើយ។

ជនជាតិបារាំងកាត់អាមេរិក ដែលកំពុងបំពេញបេសកកម្ម ក្នុងនាមជាបូជាចារ្យសាសនទូត ផ្នែកកាតូលិកនៅកម្ពុជា និយាយបែបនេះ ក្នុងបទសម្ភាសមួយក្រោយចូលគាល់ សម្ដេចប៉ាប ហ្វ្រង់ស៉ីស នៅវិមានវ៉ាទីកង់ ប្រទេសអ៉ីតាលី ជាមួយព្រះតេជគុណ សាន សុជា និងអ្នកឧកញ៉ា គួច ម៉េងលី នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។

បូជាចារ្យ ដែលត្រូវបានគេស្គាល់ថា លោកឪ វៀល (Father Will) ថែមទាំងថ្លែងអំណរគុណ ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឲ្យកម្ពុជា មានសុខដុមរមនាខាងសាសនា ប្រជាពលរដ្ឋរស់នៅជាមួយគ្នា ដោយសប្បាយរីករាយក្រៃលែង។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់រដ្ឋខ្មែរ។ ដោយសារខ្ញុំជាជនជាតិបរទេស ហើយអស់រយៈពេលច្រើនឆ្នាំ ខ្ញុំបានទទួលកិត្តិយសមួយដែរ គឺខ្ញុំនៅខ្មែរដោយសេរីភាព អត់មាននរណាបៀតបៀនខ្ញុំទេ។ គេគោរពខ្ញុំ គេគោរពសេរីភាពរបស់ខ្ញុំ និងគ្រួសារទាំងអស់នៅប្រទេសខ្មែរ ហើយនេះជាអ្វីដែលត្រូវតែអរព្រះគុណព្រះជាម្ចាស់ អរព្រះគុណដល់ព្រះមហាក្សត្រ សីហមុនី (ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី), សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន, គណបក្សប្រជាជនកម្ពុជា និងអ្នកដឹកនាំទាំងអស់ ដែលជួយឲ្យប្រទេសខ្មែរមានសុខដុមរមនា។ យើងអត់ចង់ឃើញសង្គ្រាមបំផ្លាញប្រទេសខ្មែរម្តងទៀត។ យើងសូមឲ្យប្រទេសខ្មែរ ស្គាល់តែសុខសន្តិភាព។ អរព្រះគុណព្រះអង្គ សម្រាប់សន្តិភាពនៅប្រទេសខ្មែរ ហើយអរគុណដល់រដ្ឋខ្មែរ ដែលជួយឲ្យរដ្ឋខ្មែរក្លាយជាគំរូមួយ សម្រាប់ទ្វីបអាស៉ីទាំងអស់។ សម្រាប់ទ្វីបអាស៉ីទាំងអស់ ខ្ញុំឃើញថា ប្រទេសខ្មែរចាប់ផ្តើមមានភាពជាអ្នកដឹកនាំ ដោយសារក្លាយជាគំរូនៃសុខដុមរមនា (សាសនា) សម្រាប់អាស៉ីអាគ្នេយ៍នេះ»។

សូមជម្រាបថា ព្រះតេជគុណ សាន សុជា, បូជាចារ្យកាតូលិក Will Conquer និងអ្នកឧកញ៉ា គួច ម៉េងលី បាននិងកំពុងនិមន្ត និងធ្វើដំណើរ នៅទ្វីបអឺរ៉ុប ដើម្បីចូលគាល់ សម្ដេចប៉ាប ហ្វ្រង់ស៉ីស នៅវិមានវ៉ាទីកង់ ប្រទេសអ៉ីតាលី ចូលរួមកម្មវិធីពិសេសនៅប្រទេសម៉ូណាកូ ព្រមទាំងចូលរួមជាវាគ្មិនកិត្តិយសក្នុងសន្និសីទនៅទីក្រុងប៉ារីស លើប្រធានបទស្តីអំពី «ការកែប្រែជំនឿ នេក្ខម្មបារមី និងបរិស្ថានវិទ្យា»។

ដំណើរពិសេសនៅទ្វីបអឺរ៉ុបនេះ មានរយៈពេលចំនួន ៦ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ដែលមានឈ្មោះថា «Rome Monaco Paris (RMP) Friendship Tour January 2023 Provisional Program» ឬហៅជាខេមរភាសាថា «ដំណើរទស្សនកិច្ចមិត្តភាពទៅកាន់ទីក្រុងរ៉ូម ម៉ូណាកូ ប៉ារីស (RMP) ខែមករា ឆ្នាំ២០២៣»៕