(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឱ្យដឹងថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ដែលជាថ្ងៃទីពីរនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ។

បន្ថែមពីនេះ គ.ជ.ប បានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា៖ «ក្នុងរយៈពេល ២ថ្ងៃ នៃការដាក់ពាក្យសុំចុះបញ្ជីទាំងពីរនេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ បានទទួលពាក្យសុំពីគណបក្សនយោបាយចំនួន៣ ដែលបានដាក់ពាក្យសុំចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មីនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣»។

គណបក្សនយោបាយទាំង៣ រួមមាន៖

ទី១៖ គណបក្សប្រជាជនកម្ពុជា
ទី២៖ គណបក្សហ៊្វុនស៊ិនប៉ិច
និងទី៣៖ គណបក្សភ្លើងទៀន

ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ និងបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មីនេះ ត្រូវធ្វើនៅគណៈកម្មការរៀបចំការបោះឆ្នោតនៃខេត្តសាមីពាក់ព័ន្ធ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅរៀងរាល់ម៉ោងធ្វើការ។

សូមជម្រាបជូនថា គណបក្សនយោបាយដែលមានបំណងឈរឈ្មោះបោះឆ្នោត ត្រូវមកយកគំរូពាក្យសុំនៅ គ.ជ.ប ឬគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ ឬអាចទាញយកពីគេហទំព័រ គ.ជ.ប ដែលមានអាសយដ្ឋាន www.nec.gov.kh/khmer/content/6467៕