(ភ្នំពេញ)៖ សាលាអន្តរជាតិផារ៉ាហ្គន ដែលមានឈ្មោះដើមថាហ្សាម៉ាន់ គឺជាគ្រឹះស្ថានអប់រំកម្រិតអន្តរជាតិមួយនៅក្នុងប្រទេសកម្ពុជា។ មកដល់ពេលនេះសាលាដែលផ្តល់ការអប់រំកម្រិតអន្តរជាតិមួយនេះ មានអាយុកាល ២៥ឆ្នាំហើយ។ បន្ទាប់ពីជម្នះការលំបាក និងឧបសគ្គជាច្រើនក្នុងរយៈពេល២៥ឆ្នាំមកនេះ សាលាអន្តរជាតិផារ៉ាហ្គន កំពុងទទួលបានការគាំទ្រខ្លាំងទាំងនៅក្នុងប្រទេស និងទទួលស្គាល់គុណភាពអប់រំពីលើឆាកអន្តរជាតិផងដែរ។

សាលាអន្តរជាតិផារ៉ាហ្គន ត្រូវបានចាប់បដិសន្ធិឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៩៧។ សាលាអន្តរជាតិផារ៉ាហ្គន គ្រប់គ្រងដោយក្រុមហ៊ុន «ផារ៉ាហ្គន អេឌ្យូខេសិន (Paragon Education Co., LTD)» មាន លោក អ៊ាង សុផល្លែត ជាប្រធានកិត្តិយស ហើយលោកស្រី ជា សុផាកន្នី ជាប្រធាន។

លោក អ៊ាង សុផល្លែត បានចាប់ផ្តើមបង្កើតសាលាអន្តរជាតិផារ៉ាហ្គនឡើង នៅចំពេលកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពលំបាកនៃវិបត្តិសង្គ្រាម។ លោកបង្កើតសាលានេះឡើង ក្នុងបំណងរួមចំណែកលើកកម្ពស់ការអប់រំ នៅក្នុងប្រទេសកម្ពុជា ជាពិសេសចង់ឱ្យការអប់រំនៅកម្ពុជា ត្រូវបានទទួល ស្គាល់នៅលើឆាកអន្តរជាតិ។ បន្ថែមពីលើនេះការដែលសាលាលើពិភព លោក មិនទទួលស្គាល់សមត្ថភាពចំណេះដឹងរបស់សិស្សនៅកម្ពុជា ក៏ជាបុព្វហេតុចម្បងមួយ ដែលបានដុតបញ្ឆេះបេះដូងលោក សុផល្លែត ឱ្យពុះពារជម្នះឧបសគ្គ និងការលំបាកនានា ក្នុងការបង្កើតសាលាផ្តល់ការ អប់រំកម្រិតអន្តរជាតិនេះឡើងផងដែរ។

ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប ២៥ឆ្នាំនៃវត្តមានសាលាអន្តរជាតិផារ៉ាហ្គន នៅសណ្ឋាហៃយ៉ាត់ នាថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣ លោក អ៊ាង​ សុផល្លែត បានរំលឹកពីមូលហេតុដែលនាំឱ្យលោកបង្កើតសាលានេះយ៉ាងដូច្នេះ «គោលដៅជាចម្បងនោះ ធ្វើយ៉ាងណាឱ្យអន្តរជាតិទទួលស្គាល់កម្ពុជា។ កម្ពុជាយើងកាលពីឆ្នាំ១៩៩៧ មិនទាន់មានការទទួលស្គាល់ធំទូលាយនៅឡើយទេទាំងក្នុងស្រុក និងក្រៅស្រុក។ នៅពេលយើងសុំទិដ្ឋាការទៅប្រទេសណាមួយ គឺលំបាកណាស់។ នៅក្រៅស្រុកវិញ បើយើងទៅស្រុកក្រៅ គេសួរថាយើងមកពីណា? បើយើងប្រាប់គេថាមកពីកម្ពុជានោះ គេថាអូ! ខ្មែរក្រហម។ ទាំងនេះជាចលករជំរុញឱ្យខ្ញុំយកក្រុមហ៊ុនសាលាគ្រប់គ្រងការសិក្សាអន្តរជាតិមកបើកសាលានៅកម្ពុជា ធ្វើយ៉ាងណាឱ្យពលរដ្ឋកម្ពុជាចេះភាសាអន្តរជាតិ និងយល់ដឹងនូវអរិយធម៌ វប្បធម៌អន្តរជាតិផង»។

មុននឹងមានការទទួលស្គាល់ដូចពេលបច្ចុប្បន្ន សាលាអន្តរជាតិផារ៉ាហ្គន បានជួបការលំបាកជាច្រើន ជាពិសេសនៅក្នុងដំណាក់កាលដំបូង។ បើតាមលោក អ៊ាង សុផល្លែត ស្ថាបនិកសាលាអន្តរជាតិផារ៉ាហ្គន បានរំលឹកថា ផលលំបាកដែលបានជួបប្រទះនៅពេលនោះមានដូចជា ការមិនទាន់ស្គាល់ពីប្រព័ន្ធអប់រំបែបអន្តរជាតិ, ការមិនទាន់សម្របខ្លួនជាមួយប្រព័ន្ធអប់រំមួយ ដែលមានការរៀនច្រើនម៉ោង និងការពិបាករកគ្រូបង្រៀនជាដើម។

បន្ទាប់ពីការប្រឹងប្រែងរួមគ្នាជម្នះការលំបាកទាំងឡាយពីគណៈគ្រប់គ្រង សាស្ត្រាចារ្យ​ និងបុគ្គលិកគ្រប់រូប បានធ្វើឱ្យសាលាអន្តរជាតិផារ៉ាហ្គន ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់លើវិថីនៃការអប់រំ ផ្តល់នូវពុទ្ធិ ចំណេះជំនាញដល់កូនចៅប្រជាពលរដ្ឋខ្មែរ។ រយៈពេល ២៥ឆ្នាំកន្លងមកនេះ សាលាអន្តរជាតិផារ៉ាហ្គន បានបណ្ដុះបណ្តាលធនធានមនុស្សកម្រិតថ្នាក់ មធ្យមសិក្សា បានចំនួន ១,៧៣២រូប ស្រី ៨២៦រូប និងកម្រិតថ្នាក់សកលវិទ្យាល័យបានចំនួន ៧៥៧រូប ស្រី ៣០៩រូប ហើយសិស្ស-និស្សិតកំពុងសិក្សានៅសាលាអន្តរចាតិផារ៉ាហ្គនចំនួន ២,៣៥៧រូប។

សាលាផារ៉ាហ្គន បានបន្តយុទ្ធសាស្ត្រអប់រំសិស្ស-និស្សិត តាមទិសស្លោក «គុណភាពជាចម្បង» និងស្របតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសលើកម្មវិធីសិក្សាជាពីរភាសា គឺខ្មែរ-អង់គ្លេស និងការសិក្សាពេញមួយថ្ងៃ។

សម្រាប់លោក អ៊ាង សុផល្លែត ជោគជ័យធំបំផុតរបស់សាលាអន្តរជាតិផារ៉ាហ្គន គឺគុណភាពអប់រំរបស់សាលាត្រូវបានទទួលស្គាល់ពីសាលាល្បីៗនៅលើពិភពលោក។ សិស្សដែលបញ្ចប់ការសិក្សាជាមួយសាលាអន្តរជាតិផារ៉ាហ្គន គឺអាចបន្តការសិក្សាជាមួយសាលានៅក្រៅប្រទេស ដោយមិនតម្រូវឱ្យមានការរៀនបំប៉នទៀតនោះឡើយ។

លោក អ៊ាង សុផល្លែត បានបង្ហាញអារម្មណ៍រីករាយជាខ្លាំង ចំពោះសមិទ្ធផលដែលសាលាអន្តរជាតិផារ៉ាហ្គន សម្រេចបានក្នុងរយៈពេលប្រមាណ ២៥ឆ្នាំមកនេះ។ លោក បានហៅសមិទ្ធផលនេះ ជាការសម្រេចនូវក្តីសុបិនដ៏ធំមួយរបស់លោក ជាពិសេសការអាចគ្រប់គ្រងសាលាបានដោយខ្លួនឯង ដោយមិនមានបរទេសគ្រប់គ្រងការអប់រំក្នុងសាលាដូចពេលមុនទៀតនោះទេ។

ទន្ទឹមនឹងការសម្រេចបានជោគជ័យដ៏ត្រចះត្រចង់នេះ លោក អ៊ាង សុផល្លែត ក៏បានប្រកាសពង្រីកសាខាសាលា ដោយផ្តល់ឱកាសឱ្យសិស្សធ្លាប់សិក្សានៅសាលាផារ៉ាហ្គន អាចក្លាយជាម្ចាស់ខសាខាសាលាផារ៉ាហ្គនបាន។ លោក អ៊ាង សុផល្លែត ក៏បានបង្ហាញមហិច្ឆតាក្នុងការពង្រីកសាខាទៅក្រៅប្រទេសផងដែរ។

បើទោះបីជាសាលាទទួលបានជោគជ័យគួរឱ្យកត់សម្គាល់យ៉ាងណាក្តី តែការផ្តល់នូវការអប់រំមួយពោរពេញដោយគុណភាពស្របតាមបំណងរបស់អាណាព្យាបាលសិស្ស ក៏ដូចជារាជរដ្ឋាភិបាល នៅតែមហិច្ឆតាដ៏មុតមាំមួយរបស់គណៈគ្រប់គ្រងក្រុមហ៊ុនផារ៉ាហ្គន អេឌ្យូខេសិន។

នៅក្នុងពិធីអបអរសាទរខួប២៥ឆ្នាំថ្ងៃកំណើតសាលាអន្តរជាតិផារ៉ាហ្គន លោកស្រី ជា សុផាកន្នី ប្រធានក្រុមហ៊ុនផារ៉ាហ្គន អេឌ្យូខេសិន បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបចំពោះយុទ្ធសាស្រ្តរយៈពេលវែងនេះ ក្រុមហ៊ុនផារ៉ាហ្គន បានរចនាប្លង់ និងសុំច្បាប់សាងសង់អគារសិក្សាខ្នាតអន្តរជាតិមួយកន្លែងទៀត ដែលមានទំហំជាង ៥ម៉ឺនម៉ែត្រក្រឡា នៅលើផ្ទៃដីទំហំ ៧ហិកតា និងបានត្រៀមដីប្រមាណជា ១០ហិកតាទៀត ស្ថិតនៅជិតវិមានឈ្នះ-ឈ្នះ ដើម្បីពង្រីកសាកលវិទ្យាល័យផារ៉ាហ្គន សម្រាប់ទទួលនិស្សិតស្របតាមនិន្នាការតម្រូវការនាពេលបច្ចុប្បន្នផង និងនៅពេលអនាគតផង។

លោកស្រី ជា សុផាកន្នី មានក្តីសង្ឃឹម និងមានជំនឿយ៉ាងមុតមាំថា ក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រង, សាស្រ្តាចារ្យ, លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ ពិតជានឹងខិតខំយកអស់ប្រាជ្ញាស្មារតី ចំណេះដឹង និងបទពិសោធន៍ល្អៗ គួបផ្សំនឹងសីល-ធម៌អប់រំ ប្រកបដោយមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ រួមគ្នាបន្តការងារ និងបេសកកម្មដ៏ថ្លៃថ្លានេះ សម្រាប់រយៈពេល ២៥ឆ្នាំ ច្រើនដងបន្តទៅមុខទៀត។

លោកស្រីប្រធានក្រុមហ៊ុនផារ៉ាហ្គន អេឌ្យូខេសិន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រង, បុគ្គលិក, សាស្រ្តាចារ្យ, លោកគ្រូ-អ្នកគ្រូ និងដៃគូសហប្រតិបត្តិការជាតិ-អន្តរជាតិទាំងអស់ ជាពិសេស មាតាបិតា អាណាព្យាបាល សិស្ស-និស្សិត ដែលជានិច្ចកាល តែងបានជួយគាំទ្រសាលាអន្តរជាតិផារ៉ាហ្គន លើការបណ្តុះបណ្តាលធនធានយុវជន សម្រាប់បន្តវេន និងជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ៕