(កំពង់ធំ)៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣​ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំបន្ទាយស្ទោង បានរៀបចំកម្មវិធីប្រកាសស្តីពីការចាត់តាំង ​និង​កែសម្រួលចាត់តាំងសមាសភាពក្រុមការងាររបស់គណបក្សចុះមូលដ្ឋាន ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

ពិធីនេះស្ថិតក្រោមអធិបតីភាពលោក សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

លោក សូត្រ អ៊ុល ប្រធានគណៈកម្មាធិការគណបក្សឃុំបន្ទាយស្ទោង បានឡើងថ្លែងសន្ទរកថាស្វាគមន៍ នឹងបានរាយការណ៍អំពីសភាពការណ៍ទូទៅមួយចំនួន ពិសេសការគ្រប់គ្រងសមាជិកបក្សចាស់ និងការកសាងសមាជិកបក្សថ្មី ដែលបច្ចុប្បន្ននេះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅឃុំបន្ទាយស្ទោងមានចំនួន ជាង៦៨% នៃចំនួនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ។

លោក ស៊ុន សាម៉ុន ជំនួយការប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋានឃុំ បានឡើងអានសេចក្តីសម្រេចស្ដីពីការចាត់តាំង និងកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបន្ទាយស្ទោង ដែលមានចំនួន១៥ភូមិ សរុបរួមមានចំនួន១៨៧នាក់ និងបានបញ្ជាក់អំពីភារកិច្ចមួយចំនួនរបស់ក្រុមការងារដែលត្រូវអនុវត្តចាប់ពីពេលនេះតទៅផងដែរ។

លោក សោម ស៊ុន បានកោតសរសើរ និងថ្លែងអំណរគុណ ដល់ក្រុមការងារគណបក្សចុះ មូលដ្ឋានឃុំ ដែលបានរួមសហការគ្នាបានយ៉ាងល្អប្រសើរ ក្នុងការបម្រើសមាជិកគណបក្ស និងដោះស្រាយនូវរាល់បញ្ហាប្រឈមមួយ ចំនួនរបស់ប្រជាជន ទទួលបានលទ្ធផលល្អ ហើយត្រូវបានប្រជាជនបោះឆ្នោតគាំទ្រក្រុមប្រឹក្សាឃុំរបស់គណបក្ស ប្រជាជនកម្ពុជាក្នុងពេលកន្លងមក បានឲ្យទទួលជោគជ័យគួរជាទីមោទនៈ។

លោក សោម ស៊ុន បានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវបន្តរួមគ្នាទៅបម្រើប្រជាជន និងដោះស្រាយសំណូមពរព្រមទាំងការលំបាករបស់ប្រជាជនឲ្យទាន់ពេលវេលា តាមដែលអាចធ្វើទៅបាន និងត្រូវប្តេជ្ញាចិត្តដាច់ខាតអនុវត្ត ឲ្យបានជោគជ័យ តាមកម្មវិធីនយោបាយ និងប្រតិទិនការងាររបស់គណបក្សត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣​ ខាងមុខនេះ ឲ្យបន្តទទួលបានជោគជ័យដ៏ត្រចះត្រចង់ជាថ្មីទៀត៕