(ភ្នំពេញ)៖ សាលាអន្តរជាតិផារ៉ាហ្គន ដែលមានឈ្មោះដើមថាហ្សាម៉ាន់ គឺជាគ្រឹះស្ថានអប់រំមួយនៅកម្ពុជា ដែលផ្តល់ការអប់រំស្តង់ដារអន្តរជាតិ និងមានការទទួលស្គាល់គុណភាពអប់រំ ពីសាលាល្បីៗនៅលើពិភពលោក។ សាលាអន្តរជាតិផារ៉ាហ្គន ត្រូវបានបង្កើតឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៩៧ មានលោក អ៊ាង សុផល្លែត ជាស្ថាបនិក។

មកដល់ពេលនេះសាលាអន្តរជាតិផារ៉ាហ្គន បានចាប់បដិសន្ធិឡើងលើវិថីអប់រំនៅកម្ពុជារយៈពេល ២៥ឆ្នាំហើយ។ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំក្រុមហ៊ុនផារ៉ាហ្គន អេឌ្យូខេសិន (Paragon Education Co., LTD) បានរៀបចំពិធីអបអរសាទរខួប២៥ឆ្នាំនៃដំណើរការរបស់ខ្លួនយ៉ាងមហោឡារិក នៅសណ្ឋាគារហៃយ៉ាត់។

ពិធីអបអរសាទរត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីលា ព្រមទាំងមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក អាណាព្យាបាលសិស្ស និងអតីតសិស្សដែលបញ្ចប់ការសិក្សាពីសាលា អន្តរជាតិផារ៉ាហ្គនផងដែរ។

នៅក្នុងពិធីនោះ លោកស្រី ជា សុផាកន្នី ប្រធានក្រុមហ៊ុនផារ៉ាហ្គន អេឌ្យូខេសិន ថ្លែងអំណរគុណដ៏កក់ក្តៅចំពោះថ្នាក់ដឹកនាំនៅក្នុងជួរ ក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រង, បុគ្គលិក, សាស្រ្តាចារ្យ, លោកគ្រូ អ្នកគ្រូ និងដៃគូសហប្រតិបត្តិការទាំងអស់នៃសាលាអន្តរជាតិផារ៉ាហ្គន ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព ចំណេះដឹង ចំណេះធ្វើ សីលធម៌ មនសិការវិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ និងការរួមរស់ជាមួយគ្នាប្រកបដោយ សុខដុមរមនា ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

លោកស្រី ជា សុផាកន្នី បានរំលឹកថា តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្ត និងផែនការសកម្មភាពដ៏ត្រឹមត្រូវ របស់សាលា ដោយផ្អែកលើគោលនយោបាយ និងអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបានកំណត់យកការអភិវឌ្ឍធនធានមនុស្ស ធ្វើជាអាទិភាពទី១ សំដៅលើកកម្ពស់ចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិត នវានុ-វត្តន៍ គុណធម៌ សីលធម៌ មនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវ, ការលើកកម្ពស់តួនាទីរបស់ស្រ្តី និងកិច្ចគាំពារសង្គម និងដោយផ្អែកលើតម្រូវការជាក់ស្តែង សាលាផារ៉ាហ្គន បានចាប់បើកទ្វារទទួលសិស្ស បន្ទាប់ពីសង្កេតឃើញថា កម្ពុជាមានតម្រូវការខ្ពស់ខាងធនធានមនុស្ស ជាពិសេស អ្នកដែលចេះភាសាផង និងមានការយល់ដឹងខាងវប្បធម៌ និងខាងចំណេះដឹងផ្នែកលោកខាងលិចផង។

លោកស្រី បានបន្ថែមថា សាលាអន្តរជាតិផារ៉ាហ្គន បានពុះពាររាល់ឧប្បស័កក្នុងគោលបំណងតែមួយ គឺធ្វើយ៉ាងណា ឱ្យការងារបណ្តុះបណ្តាល, បង្កើតបង្កើន និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសប្រកបដោយគុណភាព សីលធម៌ និងគុណធម៌ ហើយឈានឆ្ពោះទៅកាន់ វុឌ្ឍិនៃការបណ្ដុះបណ្ដាល នៅក្នុងព្រះរាជាណាចក្រ កម្ពុជា និងគ្រប់គ្រងដោយសមត្ថជន និងបញ្ញវ័ន្តកម្ពុជាតែម្ដង។ ដោយក្ដីស្រលាញ់សមត្ថចិត្ត និងក្ដីរំពឹងដ៏មុតមាំក្នុងការលើកស្ទួយវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស រួមជាមួយការដឹកនាំដ៏ប៉ិនប្រសប់ សាលាដែលបានចាប់ផ្តើម ដំណើរការដោយទទួលបានសិស្សស្ម័គ្រចិត្តចុះឈ្មោះតែម្នាក់គត់ បានក្លាយទៅជាសាលាដែលទទួលបង្រៀនសិស្សពីថ្នាក់មតេ្តយ្យ រហូតដល់ថ្នាក់សកលវិទ្យាល័យ។

«ជាមោទនៈ សាលាផារ៉ាហ្គនមិនត្រឹមតែត្រូវបានទទួលស្គាល់គុណភាពអប់រំក្នុងតំបន់ និងទូទាំងសកលទេ សិស្សសាលាផារ៉ាហ្គន ត្រូវបានទទួលការគោរព តាមរយៈការដណ្តើមយកមេដាយពីការប្រកួតជាលក្ខណៈអន្តរជាតិ ជាច្រើន និង ជាបន្តបន្ទាប់។ គួរជាមោទនៈផងដែរ នោះគឺសិស្សដែលបានរៀនចប់ពីសាលាផារ៉ាហ្គន អាចទៅរៀននៅសកលវិទ្យាល័យនានាៗ ក្នុងទ្វីបនៅសហរដ្ឋអាមេរិក កាណាដា និងបណ្តាប្រទេសនៅអឺរ៉ុប ដោយមិនបាច់ធ្វើតេស្ត ឬរៀនត្រៀមបន្ថែមឡើយ។ សិស្សសាលាផារ៉ាហ្គនជាច្រើនបានចូលរៀននៅសាសាដែល មានកិត្តិសព្ទល្បីល្បាញ រួមទាំងសាលា MIT របស់សហរដ្ឋអាមេរិកផង»។ នេះជាការបញ្ជាក់របស់លោកស្រី ជា សុផាកន្នី។

លោកស្រីប្រធានក្រុមហ៊ុនផារ៉ាហ្គន អេឌ្យូខេសិន បានឱ្យដឹងថា ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ សាលាផារ៉ាហ្គនបានបណ្ដុះបណ្តាល ធនធានមនុស្សកម្រិតថ្នាក់មធ្យមសិក្សាបានចំនួន ១,៧៣២រូប ស្រី ៨២៦រូប និងកម្រិតថ្នាក់សកលវិទ្យាល័យបានចំនួន ៧៥៧រូប ស្រី៣០៩រូប ហើយសិស្ស-និស្សិតកំពុងសិក្សានៅសាលាផារ៉ាហ្គនចំនួន ២,៣៥៧រូប។

លោកស្រី ជា សុផាកន្នី បានគូសរំលេចដែរថា ក្រុមហ៊ុនផារ៉ាហ្គនកំពុងដាក់ចេញនូវយុទ្ធសាស្រ្តរយៈពេលវែងមួយទៀត ដោយផ្អែកលើជោគជ័យរបស់សាលាកន្លងមក ដោយបានជំរុញការខិតខំមួយកម្រិតទៀត នោះគឺការប្រែក្លាយឱ្យទៅជាតួអង្គដ៏សំខាន់មួយនៅលើឆាកអន្តរជាតិ មិនត្រឹមតែក្នុងកម្រិតថ្នាក់ជាតិ ឬថ្នាក់តំបន់នោះទេ តែនៅក្នុងកម្រិតថ្នាក់អន្តរជាតិតែម្តង។

ដើម្បីឆ្លើយតបចំពោះយុទ្ធសាស្រ្តរយៈពេលវែងនេះ ក្រុមហ៊ុនផារ៉ាហ្គនបានរចនាប្លង់ និងសុំច្បាប់សាងសង់អគារសិក្សាខ្នាតអន្តរជាតិមួយកន្លែងទៀត ដែលមានទំហំជាង ៥ម៉ឺនម៉ែត្រក្រឡា នៅលើផ្ទៃដីទំហំ ៧ហិកតា និងបានត្រៀមដីប្រមាណជា ១០ហិកតាទៀត នៅជិតវិមានឈ្នះ-ឈ្នះ ដើម្បីពង្រីកសាកលវិទ្យាល័យផារ៉ាហ្គន សម្រាប់ទទួលនិស្សិតស្របតាមនិន្នាការតម្រូវការនាពេលបច្ចុប្បន្នផង និងនៅពេលអនាគតផង។ លើសពីនេះទៀត ក្រុមហ៊ុនក៏មានទស្សនៈ និងទិសដៅពង្រីកសាលាអន្តរជាតិផារ៉ាហ្គន ទៅកាន់ប្រទេសដទៃទៀតនៅក្នុងតំបន់ និងនៅក្នុងពិភពលោកផងដែរ។

លោកស្រី ជា សុផាកន្នី មានក្តីសង្ឃឹម និងមានជំនឿយ៉ាងមុតមាំថា ក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រង, សាស្រ្តាចារ្យ, លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ ពិតជានឹងខិតខំយកអស់ប្រាជ្ញាស្មារតី ចំណេះដឹង និងបទពិសោធន៍ល្អៗ គួបផ្សំនឹងសីល-ធម៌អប់រំ ប្រកបដោយមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ រួមគ្នាបន្តការងារ និងបេសកកម្មដ៏ថ្លៃថ្លានេះ សម្រាប់រយៈពេល ២៥ឆ្នាំ ច្រើនដងបន្តទៅមុខទៀត៕