(ត្បូងឃ្មុំ)៖ លោក គឹម សន្តិភាព អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាក្រែក ទទួលបន្ទុកការងារយុវជន បានណែនាំដល់សមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវគោរពតាមគោលនយោបាយរបស់គណបក្ស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ជួយសម្របសម្រួលដល់យុវជនគណបក្សទាំងអស់ ទាំងធនធាន សម្ភារៈព្រមទាំងថវិកា ដើម្បីជួយសម្របសម្រួលដល់ក្រុមការងារយុវជនគណបក្ស ក្នុងការអូសទាញយុវជនផ្សេងៗទៀត ឱ្យងាកមកគាំទ្រនូវគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធានាឱ្យបាននូវជ័យជម្នះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា នៅឆ្នាំ២០២៣នាពេលខាងមុខ គឺបន្តយកជ័យជម្នះសម្រាប់ការបោះឆ្នោតជាតិក្នុងនីតិកាលបន្តទៅមុខទៀត។

ការណែនាំបែបនេះ របស់លោក គឹម សុន្តិភាព បានធ្វើឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់សម្ភារៈ ថវិកាជូនដល់ក្រុមការងារយុវជនគណបក្សក្នុងរចនាសម្ព័ន្ធឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ប៉ា ម៉េងហុក ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំវាលម្លូរ លោក លោកស្រីជាអនុប្រធាន សមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ព្រមទាំងក្រុមយុវជនគណបក្សក្នុងរចនាសម្ព័ន្ធឃុំ សរុបជាង៤០០នាក់។

នាឱកាសនោះដែរ លោក គឹម សន្តិភាព បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក ប៉ា ម៉េងហុក ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំវាលម្លូរ និងក្រុមការងារយុវជនគណបក្សស្រុក/ឃុំ យុវជនគណបក្សភូមិ យុវជនគណបក្សតាមសាខា ដែលតែងតែចូលរួមគ្រប់សកម្មភាពក្នុងការចុះជួយប្រជាពលរដ្ឋ និងចូលរួមផ្សព្វផ្សាយដល់យុវជនឱ្យមានឱកាសជួបជុំគ្នា និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ជាពិសេសពង្រឹងជាធ្លុងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរបស់យុវជននៅគ្រប់ជាន់ថ្នាក់ បានយ៉ាងល្អប្រសើរ។

លោក គឹម សន្តិភាព បានលើកទឹកចិត្តឱ្យក្រុមការងារយុវជនគ្រប់ជាន់ថ្នាក់ ក្នុងឃុំវាលម្លូរ ត្រូវពង្រឹង និងខិតខំអនុវត្តន៍ នូវរចនាសម្ព័ន្ធដឹកនាំ ការរៀបចំផែនការសកម្មភាពការងារ ការពង្រឹង និងពង្រីកសមាជិកបក្ស ឈានទៅបង្កើនសមាជិកបក្សទាំងបរិមាណ និងគុណភាព ស្របតាមគោលការណ៍របស់គណបក្សគឺ រក្សាចាស់បង្កើនថ្មី ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះ។

លោក គឹម សន្តិភាព បាននាំយកអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុនី យកមកប្រគល់ជូនឃុំវាលម្លូរ នាឱកាសនោះរួមមាន៖ អង្គរ ១តោន អាវ បក្ស និងមួក(៥០០) ទឹកត្រី៤០យូ ទឹកស៊ីអ៊ីវ ៤០យូ ម៉ី៤០កេះ កំព្យូទ័រ១គ្រឿង ក្រដាសA4 ៥ដុំ គណកម្មការបក្សឃុំរៀបចំកម្មវិធី ៥០ម៉ឺនរៀល សម្រាប់ក្រុមការងារយុវជនបក្សធ្វើសកម្មភាព ១លានរៀល និងថវិការចំនួន២លានរៀល សម្រាប់គ្រួសារក្រីក្រ ៤០គ្រួសារ។

ដោយឡែក ក្នុងកម្មវិធីនោះដែរ លោក គឹម សន្តិភាព និងលោក ប៉ា ម៉េងហុក បានប្រគល់ថវិការសរុប១១,៦៦០,០០០រៀល ជូនគណៈកម្មាការបក្សឃុំ ស្មៀន គណៈកម្មារការបក្សភូមិ គណៈកម្មាការបក្សសាលាបឋមសិក្សា គណៈកម្មាការបក្សប៉ុស្តិ មណ្ឌលសុខភាព ក្រុមយុវជនឃុំ សាខាបក្សភូមិ សកម្មជនភូមិដឹកជញ្ជូន និងប្រធានក្រុមបក្សផងដែរ៕