​(កំពង់ធំ)៖ តាមរយៈក្រុមការងារចុះជួយខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ នេះក្រុមគ្រួពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក ដឹកនាំដោយលោក​ស្រីវេជ្ជបណ្ឌិត Teri Tan បានចុះជួយពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។

​លោក ថោង រដ្ឋាស័ក្ក តំណាងគ្រូពេទ្យស្ម័គ្រចិត្ត បានឲ្យដឹងថា សកម្មភាពនេះជាកម្មវិធីគ្រូពេទ្យសប្បុរសធម៌ នៅរដ្ឋកាលីហ្វរនីញ៉ា សហរដ្ឋអាមេរិក ដោយមានការសហការរវាងក្រុមគ្រូពេទ្យអាមេរិក និងបងប្អូនខ្មែររស់នៅទីនោះ។ លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានមកទទួលសេវាព្យាបាលនាពេលនេះ មានជាង៦០០នាក់ ដែលពួកគាត់នឹងទទួលបានការពិនិត្យជំងឺទូទៅដោយពុំគិតថ្លៃ។

​លោក ថោង រដ្ឋាស័ក្ត បានឲ្យដឹងដែរថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះ បានធ្វើសកម្មភាពនៅកម្ពុជាជាបន្តបន្ទាប់យូរមកហើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ដោយឡែកសម្រាប់ស្រុកបារាយណ៍ គឺក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានចុះមកពិនិត្យ និងព្យបាលជូនប្រជាពលរដ្ឋចំនួន ២លើករួចមកហើយ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ប្រសិនបើតំបន់ណាមួយត្រូវការក្រុមគ្រួពេទ្យស្ម័គ្រចិត្តចុះជួយ ពិនិត្យនិងព្យាបាល គឺមេត្តាទំនាក់ទំនងក្រុមរបស់លោក។

លោក ថោង ខុន ប្រធានក្រុមការងារចុះជួយ ខេត្តកំពង់ធំ បានថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តមកជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លែ។ លោកចាត់ទុកសកម្មភាពក្រុមគ្រូពេទ្យស្ម័គ្រចិត្តនាពេលនេះ មិនគ្រាន់តែបង្ហាញនូវចិត្តសប្បុរសធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញនូវទំនាក់ទំនង និងសាមគ្គីភាពរវាងប្រជាពលរដ្ឋទាំងពីរ ប្រទេសទាំងពីរកម្ពុជា សហរដ្ឋអាមេរិក ផងដែរ៕