(ភ្នំពេញ)៖ គណៈកម្មាធិការបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម បានប្រកាសគាំទ្រពេញទំហឹងរាល់ចំណាត់ការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធក្នុងការការពារ ភាពស្អាតស្អំជូនបក្សប្រជាជនកម្ពុជា សំដៅថែរក្សាសន្តិភាព ស្ថេរភាពនយោ បាយ សុខដុមនីយកម្មនៃសង្គមកម្ពុជា និងបន្តអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។

តាមរយៈញត្តិគាំទ្រធ្វើឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ គណៈកម្មាធិការបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម បានប្រកាសប្រឆាំងដាច់ខាតចំពោះការប្រមាថ និងការចោទប្រកាន់ទាំងបំពានរបស់គណបក្សភ្លើងទៀន កាលពីថ្ងៃទី១៦ និងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣កន្លងទៅ។

គណៈកម្មាធិការបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ការអនុវត្តច្បាប់ចំពោះរូបវ័ន្តបុគ្គល និងនីតិបុគ្គល ដែលប្រព្រឹត្តល្មើសច្បាប់ ជាសមត្ថកិច្ចផ្តាច់មុខរបស់ស្ថាប័នតុលាការ ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិទាំងឡាយជាធរមានរបស់កម្ពុជា សំដៅពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ដោយមិនសំដៅលើជនណាមួយ ក្រុមណាមួយ ឬថ្នាក់ដឹកនាំ ឬសកម្មជនរបស់គណបក្សណាមួយនោះទេ៕