(ភ្នំពេញ)៖ គណៈកម្មាធិការគណបក្សខេត្តក្រចេះ បានចេញញត្តិគាំទ្រចំពោះសេចក្តីថ្លែងការណ៍ និងវិធានការផ្លូវច្បាប់នានារបស់ គណបក្សប្រជាជនកម្ពុជា ហើយបានប្រកាសថ្កោលទោសដល់ គណបក្សភ្លើងទៀន ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់ភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូរគណបក្សប្រជាជនកម្ពុជា​តាមរយៈសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

ការថ្លែងការណ៍របស់គណបក្សភ្លើងទៀន គឺជាការប្រមាថកាតទាន និងចោទប្រកាន់ទាំងបំពានខុសពីការពិតទៅលើគណបក្សប្រជាជនកម្ពុជា ដែលយើងខ្ញុំមិនអាចទទួលយកបានឡើយ។ យើងខ្ញុំសូមសំណូមពរឱ្យរាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចមានចំណាត់ការចំពោះគណបក្សភ្លើងទៀន និងគ្រប់បុគ្គលបានប្រព្រឹត្តល្មើសច្បាប់ ត្រូវតែទទួលទោសទណ្ឌតាមការកំណត់នៃច្បាប់ ដែលគ្រប់ប្រទេសនៅក្នុងសកលលោកក៏អនុវត្តដូចគ្នានេះដែរ។

យើងខ្ញុំទាំងអស់គា្ន សូមប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងលើប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះវិធានការនានា ដើម្បីការពារភាពស្អាតស្អំ និងកិត្តិយសជូនគណបក្សប្រជាជនកម្ពុជា។

យើងខ្ញុំទាំងអស់គា្ន សូមប្ដេជ្ញាចិត្តរួបរួមសាមគ្គីគ្នាជុំវិញរាជរដ្ឋាភិបាល ក្រោមដំបូងនៃរដ្ឋធម្មនុញ្ញ និងក្រោមម្លប់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីចូលរួមការពារសន្តិភាព និងបន្តអភិវឌ្ឍន៍ប្រទេសជាតិ៕