(ភ្នំពេញ)៖ ផ្តើមចេញពីការបំផុសគំនិតយុវជនឲ្យមានទំនាក់ទំនង​ល្អរវាងអតីតសិស្ស និងសិស្សបច្ចុប្បន្ន ក៏ដូចជាយុវជន​នៅក្នុងមូលដ្ឋាន ដើម្បីចូលរួមអភិវឌ្ឍសង្គម និងជាគំរូល្អសម្រាប់​យុវជនជំនាន់​ក្រោយៗទៀត នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ក្រុមអតីតសិស្សព្រែកកំពឹស រួមជាមួយយុវជនសហភាពសហព័ន្ធសង្កាត់ព្រែកកំពឹស រួមជាមួយលោក ប្រាជ្ញ សីហា អភិបាលរងនៃគណៈ​អភិបាល​ខណ្ឌ​ដង្កោ បាននាំយកស៊ីម៉ង់តិ៍ ចំនួន ១០តោន និងបច្ច័យ ៨លាន​ ៨ម៉ឺនរៀល ប្រគេនដល់វត្តព្រែកថ្លឹង សម្រាប់កសាងព្រះវិហារ ដែលបច្ចុប្បន្នកំពុងដំណេីរការសាងសង់។

ជាមួយគ្នានោះ លោក មែ សីុថន ជំនួយការលោក ហ៊ុន ម៉ាណែត​ ក៏បាននាំយកអំណោយ​របស់លោក ហ៊ុន ម៉ាណែត និងលោកស្រី រួមមានថវិកា ២លានរៀល សម្រាប់ចូលរួមការ​កសាងសមិទ្ធិផល​វត្តព្រែកថ្លឹង ផ្តល់ជូនលោកយាយលោកតាចំនួន​៦០នាក់ ម្នាក់ៗក្រមា​១ និងថវិកា ១០,០០០រៀល ផ្តល់ជូនសាលាសង្កាត់ព្រែកកំពឹស វិទ្យុទាក់ទង​ ចំនួន​០៦គ្រឿង ឯកសណ្ឋាន​ប្រជាការពារ ចំនួន ៤០កំប្លេ។

ជាមួយនឹងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់​ លោក ហ៊ុន ម៉ាណែត និងលោកស្រី ប្រគេននិងជូនចំពោះ ព្រះសង្ឃ លោកយាយលោកតា ប្រជាពលរដ្ឋ និងយុវជននៅក្នុងមូលដ្ឋាននេះ លោក មែ សីុថន បានលើកឡើងថា៖​ ក្រោមឥទ្ធិពលនៃសុខសន្តិភាពផ្តេីមចេញពីការតស៊ូរបស់យុវជនសម័យមុន ពោល គឺសម័យតស៊ូរំដោះជាតិមាតុភូមិពីភ្លេីង ពិតជាបានធ្វេីឲ្យយុវជនសម័យនេះ ទទួលនូវ​ឱកាស​ជាច្រើន​ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ។  

នេះមានន័យថាយុវជនជំនាន់មុនបានផ្សាភ្ជាប់និងការតស៊ូដើម្បីបន្សល់​នូវស្នាដៃជាច្រើនទុក​ឲ្យយុវជនជំនាន់នេះ ហើយយុវជនជំនាន់នេះ​ផ្សាភ្ជាប់និងការអភិវឌ្ឍដើម្បី​ជាប្រយោជន៍​ដល់ជាតិ និងសម្រាប់​យុវជនជំនាន់ក្រោយទៀត។​

លោក ប្រាជ សីហា បានវាយតម្លៃខ្ពស់ចំពោះស្មារតីរួបរួមគ្នានិងការ​ចូលរួមរបស់អតីត​សិស្សព្រែកកំពឹស​​ ក្នុងការចូលរួមអភិវឌ្ឍ​សង្គមជាពិសេស​ការអភិវឌ្ឍនៅក្នុង​មូលដ្ឋានផ្ទាល់ខ្លួន ដែលនេះ គឺជាឱកាស​របស់យុវជនជំនាន់នេះ។

​លោកបន្តថាដើម្បីជោគជ័យផ្ទាល់ខ្លួន យុវជនត្រូវតែ​បណ្តុះគំនិត​ខិតខំប្រឹងប្រែងតស៊ូ រៀនសូត្រនៅក្នុងជីវិត។

លោក អភិបាលរងខណ្ឌ ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ​ចូលរួមអប់រំកូនចៅ​ឲ្យចាកឆ្ងាយពីគ្រឿង​ញៀននិងអំពើ​អបាយមុខផ្សេងៗ

ព្រះចៅអធិការវត្តព្រែកថ្លឹងបានគោរពថ្លែងអំណរគុណចំពោះ លោក ហ៊ុន ម៉ាណែត និងលោកស្រី ក្រុមអតីតសិស្សព្រែកកំពឹស អជ្ញាធរដែនដី និងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលមានសទ្ធាជ្រះ​ថ្លានៅក្នុងវិស័យព្រះពុទ្ធសាសនា​ចូលរួមកសាងព្រះវិហារ នៅក្នុងទីអារាមនេះដើម្បី​ជាប្រយោជន៍​ពុទ្ធបរិស័​ទ្ធធ្វើបុណ្យ​ទាននៅទីនេះ៕

Advertising