(ភ្នំពេញ)៖ លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការ​កណ្ដាលCPP ដែលជាប្រធានក្រុមការងារ​ថ្នាក់ជាតិប្រចាំ​ស្រុកកណ្តាល​ស្ទឹង បានលើកឡើងអំពីការ​សម្រេចសមិទ្ធផលនា​នា ក្រោមការដឹកនាំរបស់CPP។ លោកថា ៣៧ឆ្នាំ ក្រោយថ្ងៃរំដោះ៧មករា កម្ពុជាបានសម្រេចនូវ​សមិទ្ធផលធំៗជាច្រើនលើគ្រប់វិស័យ។

ថ្លែងទៅកាន់អ្នកគាំទ្រគណបក្សប្រជាជន​ប្រមាណ៣០០០នាក់ នៅឱកាសប្រារព្វពិធីរំ​លឹកខួប​អនុស្សាវរីយ៍លើក​ទី៦៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹក​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦នេះ លោកនាយឧត្តម​សេនីយ៍ បានអះអាងថា សមិទ្ធផលទាំងនោះបានកើតចេញ​អំពីការជម្នះរាល់ឧបសគ្គ និងការលំបាកយ៉ាង​ច្រើនឥតគណនា របស់គណបក្ស​ប្រជាជនកម្ពុជា។

លោកថា «៣៧ឆ្នាំមកនេះ បន្ទាប់ពីថ្ងៃជ័យជំនះ៧មករា ដោយឈរយ៉ាងរឹងមាំលើគោលការណ៍ ប្រជាធិបតេយ្យ​គណបក្សប្រជា​ជនកម្ពុជា បានដឹកនាំប្រទេសជម្នះ​រាល់ឧបសគ្គ​និងការលំ​បាកយ៉ាងច្រើនឥតគណ​នាសម្រេច​បានសមិទ្ធ​ផលធំៗជាប្រវត្តិសាស្រ្ត ដែលបាននាំប្រជាជាតិឱ្យចេញផុតពីស្រមោល​នៃអតីតកាលដ៍ឈឺចាប់ និងកំពុងបោះជំហានទៅ​មុខយ៉ាងស្វាហាប់នៅលើមាគា៌​ សន្តិភាពប្រជាធិបតេយ្យ​និងអភិវឌ្ឍន៍ប្រកបដោយមោទនៈ​ភាពនិងភាពជឿជាក់»

លោក ហ៊ីង ប៊ុនហៀង បានបន្ថែមទៀតថា «រាល់សមិទ្ធផលនានាដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានទាំងនេះ គឺអាស្រ័យដោយគណបក្ស​មានការដឹកនាំត្រឹមត្រូវ​ខាងនយោបាយ​នៅគ្រប់​កាលៈ​ទេសៈ និង​គ្រប់ស្ថានភាពមានការគាំទ្រ​ដ៏ទូលំទូលាយពីប្រជាជន មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ​ ធនធានមនុស្សគណបក្ស​មានច្រើនកុះករប្រកប​ដោយគុណធម៌សមត្ថភាព និងមន​សិការ​ទទួល​ខុសត្រូវនិងមានសាមគ្គី​ភាពឯកភាព​ផ្ទៃក្នុងយ៉ាងរឹងមាំ»។   

ទោះជាយ៉ាងនេះក្តី លោកថា គណបក្សប្រជាជនកម្ពុជានឹងបន្តជំរុញកំ​ណែទម្រង់លើវិស័យ​ ដែលបានកំណត់​ក្នុងយុទ្ធសាស្ត្រចតុកោណ​ដំណាក់កាលទី៣ របស់រាជរដ្ឋា​ភិបាល ដោយប្តេជ្ញាចិត្តខ្ពស់ សំដៅធានាការជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារជូនប្រជាពលរដ្ឋ ការពង្រឹងយុត្តិធម៌ សមធម៌ក្នុងសង្គម និងការបង្កើនប្រសិទ្ធភាពនៃសេវាសាធារណៈគ្រប់ប្រភេទ។​ ក្នុងនោះដែរ​លោកក៏បាននាំអំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន​ និង​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ចែកជូនសមាជិកសមាជិការ​គណបក្សទាំងអស់ផងដែរ៕

Advertising