(ឡុងដ៍)៖ សមាជិកគណរដ្ឋមន្ត្រីស្រមោលនៃគណបក្សប្រឆាំង ក្នុងចំនួនពាក់កណ្តាល បានត្រៀមរៀបចំលា​លែងចេញពីតំណែង របស់ពួកគេហើយ ដើម្បីជាកម្លាំងមួយ​បង្ខំឲ្យមេដឹកនាំ បក្សគឺលោក Jeremy Corbyn ចុះចេញពីតំណែងដូចគ្នា។ នេះបើតាមការចេញផ្សាយដោយ BBC នៅមុននេះបន្តិចនារសៀលថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០១៦។

ចំណាត់ការក្តៅខាងលើនេះ បានកើតឡើងបន្ទាប់ពីមានការបង្ខំឲ្យរដ្ឋមន្ត្រី​ការបរទេសស្រ​មោល លោក Hilary Benn លាលែងចេញពីតំណែង ដែលជាបញ្ជារបស់ប្រធាន​គណបក្សពលករលោក Jeremy Corbyn កាលពីយប់​មិញ។

ថ្លែងជុំវិញបញ្ហានេះលោកស្រី Heidi Alexander ដែលជារដ្ឋមន្ត្រីសុខាភិបាលស្រមោល បាននិយាយ ថាលោកស្រីមានការព្រួយបារម្ភ និងប៉ះពាល់សតិអារម្មណ៍ណាស់ ចំពោះការលាលែងចេញពី តំណែងនេះ។ កន្លងមកលោក Corbyn បានទទួលការបោះឆ្នោតដកទំនុកចិត្ត ដោយសារតែលោក បានអះអាងថា មានភាពមិនច្បាស់លាស់ ឬស្រពិចស្រពិល អំឡុងពេលការបោះឆ្នោតធ្វើប្រជាមតិ ដែលនាំឲ្យចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។

ប្រភពមួយបានប្រាប់ BBC ថាលោក Corbyn បានបាត់បង់ទំនុកចិត្តលើលោក Benn ទើបសម្រេច បណ្តេញលោកចេញពីតំណែង​រដ្ឋមន្ត្រីការបរទេសសម្រោលកាលពីយប់មិញ។ មានរឿងមួយ​ទៀតដែរ គឺលោក Benn បានសម្តែងការព្រួយបារម្ភថា ក្រោមការដឹកនាំរបស់លោក Corbyn គណបក្សពលករ ពិតជាមានការព្រួយបារម្ភណាស់ ថានឹងអាចទទួលបានជោគ​ជ័យក្នុងការបោះ​ឆ្នោតឬក៏អត់នោះ។

ចុងក្រោយលោក Benn បានលើកឡើងច្បាស់ៗថា «គ្មានសង្ឃឹមដែលយើងអាចឈ្នះឆ្នោតនោះទេ នៅអាណត្តិក្រោយនេះ ប្រសិនបើលោក Corbyn នៅបន្តដឹកនាំបក្ស»។ គួរបញ្ជាក់ថា នៅក្នុង បក្សប្រឆាំងរបស់អង់គ្លេស គេតែងតែរៀបចំឲ្យមានរដ្ឋមន្ត្រីតាមតំណែងរួចជាស្រេច ដែលមាន ជំនាញតាមដានមើលសកម្មភាពរដ្ឋមន្ត្រីតាមក្រសួងពិតប្រាកដ ហើយរដ្ឋមន្ត្រីប្រភេទនេះ​ត្រូវបាន​គេឲ្យ ឈ្មោះថារដ្ឋមន្ត្រីស្រមោល៕