(ភ្នំពេញ)៖ ផ្សារមូលបត្រកម្ពុជានៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ បានរៀបចំពិធី «ការចុះបញ្ជីលក់មូលបត្របំណុលបៃតងជាផ្លូវការរបស់ក្រុមហ៊ុនហ្គោលដេន ទ្រី»។ ពិធីចុះបញ្ជីលក់មូលបត្របំណុលបៃតងជាផ្លូវការ បានប្រព្រឹត្តទៅក្រោមអធិបតីភាពបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូល-បត្រកម្ពុជា។

ពិធី​នេះក៏មានការអញ្ជើញចូលរួមពីលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា, លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហ្គោលដេន ទ្រី, លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន និង វិស័យឯកជន ព្រមទាំងភ្ញៀវជាតិ និង អន្តរជាតិជាច្រើន។

បណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប បានបញ្ជាក់ជូនអង្គពិធីថា រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យឯកជនជាចលករដ៏សំខាន់ ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើតការងារជូនប្រជាពលរដ្ឋ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល បានបង្កើតនូវអង្គភាពចាំបាច់មួយចំនួន ដើម្បីជួយបង្កើនបរិយាកាសឱ្យកាន់តែអំណោយផល, កសាងប្រព័ន្ធអេកូឡូស៊ី, ឆ្លើយតប និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម។ ផ្សារមូលបត្រកម្ពុជា ដើរតួនាទីជាថ្នាលសំខាន់មួយ ដើម្បីជួយគាំទ្រដល់ក្រុមហ៊ុនសក្តានុពល ក្នុងការពង្រីកសក្តានុពលអាជីវកម្មរបស់ខ្លួន តាមរយៈការកៀរគរទុនជាសាធារណៈ។

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបញ្ជាក់ទៀតថា សញ្ញាបណ្ណបៃតង ជាប្រភេទឧបករណ៍ហិរញ្ញវត្ថុថ្មី ដែលមានភាពទាក់ទាញ និងផ្តល់អត្ថប្រយោជន៍ជាច្រើន ជូនសង្គម និងសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់ហិរញ្ញប្បទាន ដល់គម្រោង ដែលនឹងចូលរួមចំណែកជាវិជ្ជមាន ដល់បរិស្ថាន និង/ឬ អាកាសធាតុ។ ក្នុងន័យនេះ, ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណបៃតងចាំបាច់ ត្រូវបំពេញតាមក្របខណ្ឌសញ្ញាបណ្ណបៃតង និងអនុវត្តតាមគោលការណ៍ ដែលបានចែងឲ្យបានខ្ជាប់ខ្ជួន ដើម្បីរក្សាសណ្តាប់ធ្នាប់ ប្រសិទ្ធភាពនៃទីផ្សារ ជាពិសេសទំនុកចិត្តរបស់វិនិយោគិន ក្នុងវិស័យមូលបត្រជារួម។

លោក អ៊ុំ សេរីរតនៈ អគ្គនាយករងប្រតិបត្តិ-នាយកហិរញ្ញវត្ថុ នៃក្រុមហ៊ុន ហ្គោលដេន ទ្រី បានលើកឡើងថា ការបោះផ្សាយលក់សញ្ញាបណ្ណបៃតងនេះ មិនត្រឹមតែអនុញ្ញាតឲ្យក្រុមហ៊ុន ទទួលបានប្រភពទុនចាំបាច់ សម្រាប់ពង្រីកអាជីវកម្ម និងបង្កើនទំនុកចិត្តជូនវិនិយោគិនជាតិ និងអន្តរជាតិ ទៅលើធុរកិច្ចរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែក ក្នុងការពង្រីកសក្តានុពលនៃវិស័យមូលបត្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។

លោក ហុង សុហួរ បានគូសបញ្ជាក់ថា ក្រុមហ៊ុន ហ្គោលដេន ទ្រី ដែលបានសម្រេចជោគជ័យក្នុងការបោះផ្សាយ និងចុះបញ្ជីលក់មូលបត្របំណុលបៃតង ក្នុងទំហំទឹកប្រាក់សរុបប្រមាណ ៦ ប៊ីលានរៀល (ប្រមាណ ១.៥ លានដុល្លារ) ជាមួយនឹងអត្រាគូប៉ុង ៧% ក្នុងមួយឆ្នាំ និងមានឥណប្រតិទាន ៥ឆ្នាំ។

លោកបានគូសបញ្ជាក់ថា ដោយរួមបញ្ចូលទាំងសញ្ញាបណ្ណបៃតងដែលបានបោះផ្សាយក្នុងថ្ងៃនេះ ផ្សារមូលបត្រកម្ពុជា បានទទួលចុះបញ្ជីក្រុមហ៊ុនចំនួន ១៨ ដែលរួមមាន៖ ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ កម្មសិទ្ធិចំនួន ៩ និង ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលចំនួន ៩ ហើយក្រុមហ៊ុនចុះបញ្ជីទាំង ១៨នេះ បានប្រមូលទុនពីផ្សារមូលបត្រកម្ពុជា សរុបប្រមាណ ៣១៧លានដុល្លារ។

ទន្ទឹមនឹងការកើនឡើងនៃចំនួនក្រុមហ៊ុនចុះបញ្ជី, បរិមាណ និងទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យម ក៏មានការកើនឡើងជាលំដាប់។ ជាក់ស្តែង, ក្នុងឆ្នាំ២០២២កន្លងទៅនេះ ទំហំជួញដូរប្រចាំថ្ងៃជាមធ្យមបានកើនដល់ប្រមាណ ៥០០ ០០០ ដុល្លារ និងចំនួនគណនីជួញដូរបានកើនដល់ ៣៦ ០០០ គណនី។

លោកបណិ្ឌតសភាចារ្យ បានជំរុញ និងគាំទ្រលើការផ្សព្វផ្សាយព័ត៌មាន ទៅដល់ក្រុមហ៊ុន និងសហគ្រាសផ្សេងៗទៀត ដែលមានសក្តានុពល ចាប់យកឱកាសមាសនេះ និងទាញយកផលប្រយោជន៍ ឲ្យបានជាអតិបរមា ពីផ្សារមូលបត្រនេះ និង បានអំពាវនាវដល់ភាគីពាក់ព័ន្ធនៅក្នុងវិស័យនេះ ពិសេស និយ័តករមូលបត្រកម្ពុជា និង ផ្សារមូលបត្រកម្ពុជា ឲ្យបន្តកិច្ចសហការល្អលើគ្រប់សកម្មភាពចាំបាច់ ទាំងក្នុងស្ថានភាពបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ក្នុងគោលដៅអភិវឌ្ឍរួមមួយ ក្នុងវិស័យមូលបត្រនេះ៕