(ភ្នំពេញ)៖ ក្រោយសវនាការលើបណ្តឹងស្នើសុំនៅក្រៅឃុំរបស់ កញ្ញា ឈឺម ស៊ីថរ មេដឹកនាំការប្រមូលផ្តុំតវ៉ាខុសច្បាប់នៅមុខណាហ្គារួចមក តុលាការបានសម្រេចបដិសេធបណ្តឹងសុំនៅក្រៅឃុំនេះ ពោលគឺបន្តឃុំខ្លួននៅពន្ធនាគារ ម២។

ការប្រកាសនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដែលមានសមាសភាព លោកស្រី សឿង ចរិយា ជាចៅក្រមជំនុំជម្រះ និងលោក សេង ហៀង ជាតំណាងអយ្យការ។

កញ្ញា ឈឺម ស៊ីថរ ត្រូវបានតុលាការឃុំខ្លួន ក្រោមបទចោទ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា កញ្ញា ឈឹម ស៊ីថរ មេក្លោងញុះញង់ និងរៀបចំឱ្យមានការប្រមូលផ្តុំតវ៉ាខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

ការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពី តុលាការក្រុងភ្នំពេញ បានចេញដីកាមួយបង្គាប់ឱ្យចាប់ខ្លួន កញ្ញា ឈឹម ស៊ីថរ ក្រោមការចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា៕