(អឺរ៉ុប)៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk បានព្រមានថា ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប នឹងអាចគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ «នយោបាយរបស់ប្រទេសលោក​ខាង​លិច»។ ការព្រួយបារម្ភនោះគឺថា អឺរ៉ុបអាចនឹងនៅមួយផ្នែកបន្ទាប់ពីអង់គ្លេសចាកចេញ ហើយប្រទេសមួយចំនួនផ្សេងទៀត អាចនឹងមានការធ្វើប្រជាមតិស្តីពី​ការចាកចេញពីអង់គ្លេស​ស្រដៀងគ្នានេះ​ផងដែរ នេះយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Washington Post ចេញផ្សាយពេលថ្មីៗនេះ។  

ក្រៅពីការប៉ះទង្គិចដ៏ធ្ងន់ធ្ងរនៅអឺរ៉ុប, ប្រទេសធំៗនៅអាមេរិកឡាទីនដូចជា ម៉ិចស៊ិកូ ប្រេស៊ីល អាហ្សង់ទីន ស៊ីលី និង អ៊ុយរ៉ាហ្គាយ ជាដើម បានសម្តែងការ ព្រួយបារម្ភ និងខ្លះទៀតបានសម្រេច​ចិត្តកាត់បន្ថយថវិកាជាតិ ត្រៀមទុកដោះស្រាយហានិយភ័យជាមុន ចំពោះការចាកចេញរបស់អង់គ្លេសពី EU ដែលបាននឹងកំពុងជះផលអាក្រក់រួចទៅហើយ ដល់ស្ថិរភាពទីផ្សារហិរញ្ញវត្ថុសកលលោក។

The Washington Post បានចេញផ្សាយថា តាមទស្សនៈប្រជាពលរដ្ឋនៅតាមប្រទេសនិមួយៗ និងការវិភាគផងនោះ គឺមានប្រទេសចំនួន៧ផ្សេងទៀត អាចជាប្រទេសបន្ទាប់ពីអង់គ្លេស ដែលត្រូវចាកចេញពីសហភាពអឺរ៉ុប៖

១៖ ប្រទេសស៊ុយអែត
ទស្សនៈរបស់ប្រជាជនស៊ុយអែត គឺស្រដៀងនឹងប្រជាជនអង់គ្លេស។ ស៊ុយអែតបានបដិសេធក្នុងការណែនាំប្រាក់អឺរ៉ូជារូបិយវត្ថុរបស់ខ្លួន។ នៅក្នុងនយោបាយ របស់អឺរ៉ុប អង់គ្លេស និងស៊ុយអែត តែងតែ​ឯកភាពលើគ្រប់បញ្ហាទាំងអស់ ៩០ ភាគរយ។ ក៏ប៉ុន្តែការចាកចេញរបស់អង់គ្លេស នឹងបង្កឱ្យមានការព្រួយបារម្ភ នៅក្នុងប្រទេសស៊ុយអែត។ ប្រទេសស៊ុយអែតនឹងអាច​មានការផ្លាស់ប្តូរប្រសិនបើ​អង់គ្លេសចាកចេញ។ សំណួរមួយនោះគឺថា តើមេដឹកនាំអឺរ៉ុប នឹងព្យាយាមពង្រឹង ការរួបរួមតាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការ និងការផ្តោតលើសមាជិកស្នូលមួយចំនួន ឬថា តើត្រូវបន្ធូរបន្ថយ និងអនុញ្ញាតឱ្យរដ្ឋាភិបាល របស់ជាតិមានការបញ្ចេញសម្លេងកាន់តែខ្លាំងឬយ៉ាងណា។

២៖ ប្រទេសដាណាម៉ាក
ដាណាម៉ាកបានធ្វើប្រជាមតិកាលពីខែធ្នូឆ្នាំមុន ហើយប្រជាជនប្រទេសនេះបានប្រឆាំងទៅនឹង​ការផ្តល់អំណាច​កាន់តែ​ខ្លាំងដល់សហភាពអឺរ៉ុប។ ក៏ប៉ុន្តែ កត្តានេះមិនទាន់អាចសន្និដ្ឋានបានថា ប្រជាជន​ដាណាម៉ាក នឹងចង់ចាកចេញពីសហភាពអឺរ៉ុប ឬយ៉ាងណានោះទេ។ ជាការពិត ប្រជាជនអឺរ៉ុបភាគច្រើនគិតថា ទីក្រុង Brussels មិនគួរមានអំណាចខ្លាំងយ៉ាងនេះទេ។  

ប្រជាជនដាណាម៉ាកមានការព្រួយបារម្ភថា ការហូរចូលនៃជនភៀសខ្លួនអាចនឹងគំរាមកំហែងដល់ប្រព័ន្ធសុខមាលភាពរបស់ប្រទេសតូចនេះ ហើយកន្លងមក ខ្លួនបានពឹងផ្អែកលើ​អង់គ្លេសនៅក្នុង​ការចរចាជាមួយអឺរ៉ុប ដោយសារតែប្រទេស​ទាំងពីរនេះមានជំហរនយោ​បាយស្រដៀងគ្នា។ អ្នកវិទ្យាសាស្រ្តនយោបាយ នៅសាកលវិទ្យាល័យ Copenhagen លោកស្រី Marlene Wind បាននិយាយ​ថា បើពុំមានអង់គ្លេសទេ ដាណាម៉ាកគ្មានក្បាល​ម៉ាស៊ីនដើម្បី ទាញផលប្រយោជន៍ដល់ប្រជាជនខ្លួនទេ។

៣៖ ប្រទេសក្រិក៖
វិបត្តិបំណុលរបស់រដ្ឋាភិបាលក្រិក បានចាកចេញពីការជជែកដេញដោល​ជាសាធារណៈស្ទើរតែទាំងស្រុង ក៏ប៉ុន្តែវិបត្តិនេះនឹងត្រឡប់មកវិញយ៉ាងឆាប់រហ័ស។ កាសែត Kathimerini របស់ក្រិកព្រួយ​បារម្ភថា វិបត្តិដែលកំពុងកើតមាន ជាមួយនឹងការចាកចេញរបស់អង់គ្លេស អាចនឹងក្លាយជាការគំរាមកំហែងមួយ ដល់សមាជិកភាពរបស់ក្រិកនៅសហភាពអឺរ៉ុប។

អ្នកសិក្សាស្រាវជ្រាវពីវិបត្តិ​នយោបាយនៅក្រុមហ៊ុន Teneo Intelligence លោក Wolfango Piccoli ត្រូវបានគេដកស្រង់សម្តីថា ក្រិកមានការពឹងផ្អែកជាខ្លាំង ពីការចែករំលែកជួយ​សង្រ្គោះ​ពីប្រទេសចាយប្រាក់អឺរ៉ូ ក៏ប៉ុន្តែនៅពេលដែលអង់គ្លេសចាកចេញ វានឹងបង្កើតបញ្ហាលំបាកមួយ។ ដូច្នោះអ្វីដែលក្រិក​មានការ ព្រួយបារម្ភខ្លាំងនោះ គឺថាសហភាពអឺរ៉ុបអាចនឹងលែងគិតគូខ្លួន ហើយងាកទៅជួយបង្រួប​បង្រួមសមាជិកដែលនៅសល់។

៤៖ ប្រទេសហូឡង់
ការសែត Algemeen Dagblad របស់ហូឡង់ បានបញ្ចេញសារមួយយ៉ាងច្បាស់ ដែលជាចំណងជើងនៅ​លើទំព័រកាសែត សម្រាប់អង់គ្លេសថា «កុំទុកខ្ញុំចោលក្នុងស្ថានភាពបែបនេះ»។ ក៏ប៉ុន្តែនេះមិនអាចឆ្លុះបញ្ចាំងថា តើហូឡង់គិតយ៉ាងណានៅឡើយទេ ចំពោះសហភាពអឺរ៉ុបនោះ។

លោក Geert Wilders ប្រធានបក្សស្តាំនិយមរបស់ហូឡង់បានគាំទ្រចំពោះការចាកចេញរបស់អង់គ្លេស ហើយសង្ឃឹមថា ការធ្វើប្រជាមតិស្រដៀងគ្នានេះ នឹងអាចកើតមានឡើងនៅក្នុងប្រទេសហូឡង់។ គាត់បន្តថា «ប្រសិនបើយើងចង់រស់ជា​ប្រទេសមួយ យើងត្រូវតែបញ្ឈប់អន្តោប្រវេសន៍ និងអ៊ីស្លាមភាវូបនីយកម្ម។ លោក Wilders បាននិយាយថា «យើងមិនអាចធ្វើរឿងនេះ​នៅក្នុងសហភាពអឺរ៉ុប​បានទេ»។

៥៖ ប្រទេស ហុងគ្រី
នាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban កំពុងតែមានផែនការរៀបចំការធ្វើប្រជាមតិមួយនៅក្នុងប្រទេសហុងគ្រី ដែលនឹងអាចប៉ះពាល់ដល់ការរួបរួម របស់សហភាពអឺរ៉ុប។ បន្ទាប់ពីមានលំហូរ​ចូលនៃជនភៀសខ្លួនកាលពីឆ្នាំមុន ប្រទេសហុងគ្រីនឹងត្រូវសួរដើម្បីសម្រេចថា តើសហភាពអឺរ៉ុបគួរតែត្រូវបាន អនុញ្ញាតឱ្យដោះស្រាយវិបត្តិជនភៀសខ្លួននោះដែរ ឬយ៉ាងណា នៅពេលដែលពុំមាន​ការយល់ព្រមគ្រប់គ្រាន់​ពីសភាជាតិនោះ។

នៅក្នុងប្រទេសហុងគ្រី ការធ្វើប្រជាមតិគឺប្រហែលជាសំដៅលើការចាកចេញ ឬក៏នៅជាមួយសហភាពអឺរ៉ុប ជាជាងការធ្វើប្រជាមតិដែលរៀបចំ ឡើងដោយផ្ទាល់ស្តីពីអំណាចរបស់ទីក្រុង Brussels។

៦៖ ប្រទេសបារាំង
ប្រជាជនបារាំង ៦១ភាគរយ មានទស្សនៈមិនគាំទ្រសហភាពនោះទេ។ ក្រៅពីអាឡឺម៉ង់ បារាំងគឺជាកម្លាំងជំរុញមួយរបស់ទ្វីបអឺរ៉ុប។ ក៏ប៉ុន្តែបារាំងក៏ប្រឈមទៅ នឹងបញ្ហាមួយចំនួនផងដែរ ដូចជា បញ្ហាសេដ្ឋកិច្ច និងការគំរាមកំហែង​ភេរវកម្ម។ បញ្ហាទាំងអស់នេះ គឺត្រូវបានស្តីបន្ទោសសហភាពអឺរ៉ុប ឬក៏ស្ថានភាពដែល បង្កើតឡើងដោយសមាជិករបស់សហភាពអឺរ៉ុប។

៧៖ ប្រទេស Scotland
ប្រទេស Scotland បានបោះឆ្នោត ស្ថិតនៅជាផ្នែកមួយរបស់អង់គ្លេសកាលពីឆ្នាំ ២០១៤ ក៏ប៉ុន្តែ ប្រទេសនេះបាន​គាំទ្រសហភាពអឺរ៉ុប។ នាយករដ្ឋមន្រ្តី Scotland លោក Nicola Sturgeon បាននិយាយថា ការពិភាក្សាគួរត្រូវបានធ្វើ​ឡើងក្នុងករណី​អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។

ដោយឡែកចំណែកប្រទេស​ អៀរឡង់​ខាងជើង​ នឹង​ធ្វើ​ប្រជាមតិ​ផ្ដាច់​ចេញ​ពី​ចក្រភព​អង់គ្លេស​ដែរ​ ដើម្បី​បង្រួប​បង្រួម​ អៀរឡង់​ខាង​ជើង​ និង​អៀរឡង់​ខាងត្បូង​ ក្រោយពី​ប្រទេស​នេះ​ ត្រូវ​បាន​បែង​ចែក​ដោយសារ​ជម្លោះ​ឆ្នាំ​១៩២២៕

Advertising