(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ បានចុះពិនិត្យទីតាំង ត្រៀមសម្រាប់សម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានឆ្លងស្ទឹងសែន ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែននៅថ្ងៃខាងមុខនេះ ស្ថិតនៅភូមិកាលមេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។

លោកបានថ្លែងថា សមិទ្ធផលជាច្រើននៅក្នុងខេត្តកំពង់ធំ កំពុងតែមានការរីកចម្រើនជាលំដាប់ ពិសេសគឺការកសាងស្ពានមួយ សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ឲ្យមានសុវត្ថិភាព និងងាយស្រួល សម្រាប់ដឹកជញ្ជូនផលិតផលផ្សេងៗនៅក្នុងមូលដ្ឋាន នេះដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ខិតខំជួយអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន ក្នុងនោះដោយសង្កេតឃើញពីទុក្ខលំបាករបស់បងប្អូនក្នុងមូលដ្ឋាន ក្នុងការធ្វើដំណើរសម្ដេចទាំងពីរបានជួយកសាងស្ពានបេតុងមួយ ប្រកបដោយគុណភាព។

លោកបន្តទៀតថា សមិទ្ធផលដែលបានកសាងរួចហើយ ត្រូវតែរៀបចំសម្ពោធ និងដាក់ឲ្យប្រើប្រាស់ ឲ្យមានសោភ័ណភាពដើម្បីត្រៀមសម្ពោធនៅថ្ងៃខាងមុខនេះ អ្វីដែលត្រូវធ្វើគឺរៀបចំកន្លែងវេទិកា ឲ្យបានល្អប្រសើរ និងជួសជុលផ្លូវបន្ថែមទៀតដើម្បីឲ្យមានស្រស់ស្អាត និងរៀបចំទីកន្លែងណាមួយសម្រាប់ទុកដាក់យានយន្តគ្រប់ប្រភេទ។

លោក ងួន រតនៈ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរលើស្ពាននេះ សូមមេត្តាចូលរួមថែរក្សាដែលជាសមិទ្ធផលដ៏ល្អ និងចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា៕