(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានទៅប្រគល់ផ្ទះថ្មី ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត តាមរយៈទេសរដ្ឋមន្រ្តីនាយឧត្ដមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ជូនអតីតយុទ្ធជនពិការឈ្មោះ ហៀប តុង អាយុ៦៦ឆ្នាំ ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៣ នៅអង្គភាពកងពលលេខ១២ចាស់ ហើយត្រូវបានរបួសពិការជើងខាងស្តាំនៅក្នុងសមរភូមិចារកន្ទួត ខេត្តព្រះវិហារ ក្នុងឆ្នាំ១៩៩៥ បច្ចុប្បន្នរស់នៅភូមិមហរ៍ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោក ហៀប តុង បានបញ្ជាក់ថា គាត់មានភរិយា និងកូននៅក្នុងបន្ទកចំនួន០២នាក់ សព្វថ្ងៃប្រកបមុខរបរដាំដំណាំបន្លែបង្ការបន្តិចបន្តួចសម្រាប់ដោះស្រាយជីវភាពគ្រួសារគួបផ្សំ និងប្រាក់បៀវត្សដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន។

ដោយអនុវត្តន៍តាមបទបញ្ជារបស់ទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម បានសាងសង់ផ្ទះជូនគាត់នៅពេលនេះ ជាខ្នងផ្ទះទី២៤១អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំង ស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីភាពសុខសាន្តនៅក្នុងមូលដ្ឋាន និងសង្គមជាតិ យើងនឹងត្រូវអញ្ជើញទៅពិនិត្យឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ដែលបានបិទផ្សាយនៅតាមឃុំ.សង្កាត់នីមួយៗ ដើម្បីមានឈ្មោះត្រៀមទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិការទី៧ នៃរដ្ឋសភានៅថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។

នៅក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន ៖ អង្ករចំនួន ៥០គីឡូ ក្រាម មីចំនួន២កេស ត្រីខចំនួន២យួរ ទឹកត្រី ទឹកស៊ីអ៊ីវ ចំនួន ២យួរ ទឹកបរិសុទ្ធអង្គរពូរ៉ូចំនួន២កេស និងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយ ព្រមទាំងថវិកាមួយចំនួនផងដែរ ។

លោកនាយចំណង់ ហៀប តុង អតីតយុទ្ធជនពិការនិងក្រុមគ្រួសារបានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត និងសូមគោរពជូនពរចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោក ហ៊ុន ម៉ាណែត និងលោកស្រី រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែនិងពុទ្ធពរទាំងប្រាំប្រការ កុំបីឃ្លៀងឃ្លាតឡើយ និងបានប្តេជ្ញាចិត្តបន្តបោះឆ្នោតគាំទ្រ សម្តេចតេជោ ហ៊ុន សែន លុះអវសាន្តជីវិត៕