(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោងនិងសហការី ព្រមទាំងរដ្ឋបាលឃុំសំព្រោជ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានចុះពិនិត្យមើលស្ថានភាពសាងសង់ផ្លូវបេតុង ស្ថិតភូមិមឈាយ និងភូមិល្វា ក្នុងឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។

លោក សាយ គឹមឡម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានត្រូវជួយថែរក្សាសមិទ្ធិផលដែលរដ្ឋបាលស្រុកស្ទោង និងរាជរដ្ឋាភិបាលសម្រេចបាន និងសហការជាមួយអាជ្ញាពាក់ព័ន្ធដើម្បីភូមិ ឃុំ ស្រុក យើងមានការអភិវឌ្ឍទាំងអស់គ្នា។

លោកបានបន្ថែមថា សមិទ្ធផលដែលសម្រេចបានហើយ ចាំបាច់ត្រូវតែមានការថែរក្សា ការពារ ទាំងអស់គ្នាដើម្បីគុណភាព និងសោភ័ណភាពសម្រាប់រដ្ឋបាលស្រុកស្ទោង ឬអាជ្ញាធរមូលដ្ឋាលតែម្នាក់ឯង មិនគ្រប់គ្រាន់ឡើយសម្រាបអភិវឌ្ឍមូលដ្ឋាន។ ពិសេសជនបទ គឺត្រូវមានការចូលរួមបន្ថែមទៀតពីគ្រប់អ្នកពាក់ព័ន្ធជាពិសេសគឺប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់តែម្តង។

លោកបានបញ្ជាក់បន្ថែមថា សមិទ្ធផលថ្មីៗដែលកើតមានឡើងសព្វថ្ងៃក៏អាស្រ័យដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញបរិបូរ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ជាមួយនេះផងដែរ លោកអភិបាលស្រុក ក៏បានជំរុញដល់រដ្ឋបាលឃុំសំព្រោជ ត្រូវបង្កើនការយកចិត្តទុកដាក់ កសាងផ្លូវនេះឲ្យបានឆាប់រហ័ស និងប្រកបដោយបច្ចេកទេសនិងគុណភាព ហើយធានានូវការប្រើប្រាស់បានយូរអង្វែង និងមានការចូលរួមថែរក្សាពីប្រជាពលរដ្ឋនៅសង្ខាងផ្លូវ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ។

គួរបញ្ជាក់ថា ផ្លូវបេតុងដែលកំពុងសាងសង់នៅពេលនេះ មានប្រវែងសរុប៩៥០ម៉ែត្រ ទទឹង៥ម៉ែត្រ និងមានកម្ពស់០.១៥ម៉ែត្រ ជាថវិកាគម្រោងកសិកម្មខ្នាតតូច ទំនាបបឹងទន្លេសាបដែលអស់ថវិកាសរុប ២០០,០០០ដុល្លាអាមេរិក៕