(ភ្នំពេញ)៖ លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា ពេលនេះហាក់ដូចជាកំពុងផ្តោតអារម្មណ៍​ខ្លាំងទៅលើការថែរក្សា​ភ្ញៀវទេសចរចិន ដែលកំពុងឈរនៅ​លំដាប់លេខ២ ក្នុងចំណោមភ្ញៀវ​ទេសចរបរទេស​ដ៏មាន​សក្តានុពល ដែលបានមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំនេះ។ លោកថា ពលរដ្ឋខ្មែរ ក៏ដូចជាប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវស្វែងយល់អំពីអត្តចរិតភ្ញៀវទេសចរចិនដែលមកកម្ពុជាពេលនេះ ទើបអាចទាក់ទាញចំណូលពីពួកគេឱ្យមកកាន់កម្ពុជាច្រើនទៀត។

ថ្លែងក្នុងពិធីបិទសិក្ខាសាលាថ្នាក់ជាតិស្ដីពីទីផ្សារទេសចរចិន និងការត្រៀមលក្ខណៈសម្បត្តិទទួលទេសចរចិន សម្រាប់ទេសចរកម្ពុជា នាសណ្ឋាគារណាហ្គាវើល កាលពីល្ងាចម្សិលមិញ លោករដ្ឋមន្រ្តី ថោង ខុន បានអះអាងថា មានលក្ខណៈពិសេស៤យ៉ាង ដែលពលរដ្ឋខ្មែរត្រូវយល់អំពីអត្តចរិត របស់ភ្ញៀវទេសចរចិន ដើម្បីទាយយកចំណូលបន្ថែមរបស់ខ្លួន។

លោកថា «​ទី១.ភ្ញៀវទេសចរចិនមានលក្ខណៈទាន់សម័យតែប្រកាន់ទំនៀមទម្លាប់របស់ពួកគេនិយនិយមប្រើប្រាស់អនឡាញ ក្នុងការស្វែងរកគោលដៅទេសចរណ៍ដោយខ្លួនឯង និង​ចង់បានបទពិសោធន៍ល្អៗ សម្រាប់ពួកគេ ក្នុងដំណើរកម្សាន្តនានា, ទី២.ភ្ញៀវទេសចរចិនត្រូវការសេវាកម្មមានគុណភាពខ្ពស់ ហើយគោលដៅដំណើរ​កម្សាន្តក៏ត្រូវ​តែប្រកប​ដោយ​សុវត្ថិភាពផងដែរ, ទី៣.ភ្ញៀវទេសចរចិនមានលទ្ធភាពចំណាយខ្ពស់ តែក៏ចង់បានគុណភាព និងលទ្ធផលនៃការចំណាយនោះ ល្អគាប់ចិត្តទៅវិញដែរ និងទី៤.ពួកគេចូល​ចិត្តធ្វើ​ដំណើរជាឯកជន ឬ ជាក្រុមគ្រួសារ និងនិយមប្រើភាសាកំណើតរបស់ខ្លួន គឺភាសា»

តាមរបាយការណ៍ក្រសួងទេសចរណ៍បានបង្ហាញថា កាលពីឆ្នាំ២០១៥ ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនានៅកម្ពុជា មានចំនួន៤.៨លាននាក់ ក្នុងនោះក៏មានភ្ញៀវទេសចរចិន ចំនួន៧០ម៉ឺននាក់ផងដែរកើនឡើង២៤ភាគរយហើយឈរលើលំដាប់ទី២ បន្ទាប់ពីភ្ញៀវជនជាតិវៀតណាម ដែលចំនួននេះ មិនរាប់ទាំងភ្ញៀវហុងកុងម៉ាកាវ និងតៃវ៉ាន់នោះទេ។ ដោយឡែកសម្រាប់រយៈពេល៤ខែ ដើមឆ្នាំ២០១៦នេះ ភ្ញៀវទេសចរចិននៅកម្ពុជាមានចំនួន ប្រមាណ២៧៥,០០០នាក់ កើនឡើង១៣.៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៥។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសផ្នែកទីផ្សារ ឱ្យមានការទូទាត់ថ្លៃទំនិញគិតជាប្រាក់ Yuan ដូចទៅនឹងប្រាក់ដុល្លារអាមេរិកផងដែរ សំដៅលើកកម្ពស់ភាពងាយស្រួលដល់ភ្ញៀវទេសចរចិន ដែលមានមកទស្សនានៅកម្ពុជា និងដើម្បីជំរុញឱ្យកំណើនភ្ញៀវទេសចរចិន មានការកើនឡើងកាន់តែច្រើនបន្ថែមទៀត៕

Advertising