(ភ្នំពេញ)៖ ក្រុមហ៊ុន អេច អិល អេច អាហ្រ្គីខលឈ័រ (ខេមបូឌា) លីមីតធីត របស់សិង្ហបុរី ដែលកំពុងវិនិយោគផ្នែកកសិកម្មនៅលើក្នុងស្រុកឱរ៉ាល់ ខេត្តកំពងស្ពឺ ប្រកាសផ្តល់ដីសម្រាប់ដាំដំឡូងមី ហើយខ្លួនទទួលទិញមកវិញ ក្នុងតម្លៃប្រមាណ ៦០ដុល្លារក្នុងមួយតោន។

ក្រុមហ៊ុន អេច អិល អេច អាហ្រ្គីខលឈ័រ (ខេមបូឌា) លីមីតធីត និង ក្រុមហ៊ុន ហុង ឡៃហួត គ្រុប លីមីតធីត ដែលជាក្រុមហ៊ុនសឹង្ហបុរី ហើយបានវិនិយោគជាច្រើនឆ្នាំ មកហើយនៅក្នុងប្រទេសកម្ពុជានោះ បានបង្កើតមជ្ឈមណ្ឌលកសិកម្មកកម្ពុជា-សិង្ហបុរី (CSAH) លើផ្ទៃដីប្រមាណ ១ម៉ឺនហិកតា ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីប្រមូលផ្តុំការវិនិយោគចំរុះលើវិស័យ កសិកម្ម ដូចជាការកែច្នៃចំណីអាហារ ចិញ្ចឹមសត្វ ទីកន្លែងពាណិជ្ជកម្ម និងចម្ការថាមពល ព្រះអាទិត្យជាដើម។

ក្រុមហ៊ុន អេច អិល អេច អាហ្រ្គីខលឈ័រ (ខេមបូឌា) លីមីតធីត និងក្រុមហ៊ុន ហុង ឡៃហួត គ្រុប លីមីតធីត បានវិនិយោគលើការដាំពោត និងដំឡូងមី និងកែច្នៃជាម្សៅមី សម្រាប់នាំចេញទៅក្រៅប្រទេសលើទីតាំងខាងលើតាំងពីឆ្នាំ២០០៨ មកម្ល៉េះ បន្ទាប់ពីខ្លួនទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល។

បច្ចុប្បន្នក្រុមហ៊ុន បាននិងកំពុងធ្វើសកម្មភាពដាំដុះដំឡូងមី និងកែច្នៃជាម្សៅមី នាំទៅកាន់ទីផ្សារក្រៅប្រទេស និងផ្គត់ផ្គង់ក្នុងស្រុកផងដែរ។ ដោយសារការបញ្ជាទិញម្សៅមីពីក្រៅប្រទេស និងតម្រូវការក្នុងស្រុកកាន់តែច្រើន ក្រុមហ៊ុនបានរិះរកលទ្ធភាពពង្រីកការដាំដុះដំឡូងមី ឱ្យបានកាន់តែច្រើន នៅលើផ្ទៃដីដ៏ល្វឹងល្វើយ ដែលខ្លួនទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលនោះ។

លោក Dylan Ong នាយកប្រតិបត្តិ និង គ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន សិង្ហបុរីមួយនេះ បានឱ្យដឹងថា ដើម្បីជំរុញការដាំដុះឱ្យអស់ សក្តានុពលលើផ្ទៃដីដែលទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល ក្រុមហ៊ុនបានបើកឱកាសដល់អ្នកវិនិយោគក្នុងស្រុក អាចទៅតាមដំឡូងមីនៅលើផ្ទៃដីនោះ ហើយក្រុមហ៊ុននឹងទទួលទិញត្រឡប់ មកវិញក្នុងតម្លៃ ៦០ដុល្លារក្នុងមួយតោន។

លោក Dylan Ong បានបញ្ជាក់ដូច្នេះ «នេះជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ពោលអ្នកដែលចង់វិនិយោគដាំដុះដំឡូងមី ហើយគ្មានដី គឺគាត់អាចទៅដាំនៅលើដីនេះបាន ហើយគាត់មិនបាច់បារម្ភរឿងទីផ្សាយទេ គឺក្រុមហ៊ុនទិញត្រឡប់វិញទាំងអស់ តម្លៃ ៦០ដុល្លារក្នុងមួយតោន»។

លោក Dylan Ong បានធានាអះអាងថា បច្ចុប្បន្នម្សៅដំឡូងមី ក្រុមហ៊ុន អេច អិល អេច អាហ្រ្គីខលឈ័រ មានតម្រូវការខ្ពស់លើទីផ្សារទាំងនៅក្រៅស្រុក និងនៅក្នុងស្រុកផងដែរ។ ដូច្នេះដំឡូងមីដាំនៅលើទីតាំងដីក្រុមហ៊ុនផ្តល់ជូន គឺគ្មានការរាំងស្ទះទីផ្សារនោះឡើយ ពេលប្រមូលផល គឺក្រុមហ៊ុនប្រមូលទិញយកទាំងអស់។

លោក Dylan Ong អំពាវនាវដល់ពលរដ្ឋខ្មែរមានលទ្ធភាពចូលរួមវិនិយោគ លើការដាំដុះដំឡូងមី ដែលក្រុមហ៊ុនផ្តល់ជូននេះ ព្រោះនេះជាឱកាសមួយដ៏ពិសេស ក្នុងការទទួលបានផលចំណេញ។

សូមបញ្ជាក់ថា ក្រុមហ៊ុន អេច អិល អេច អាហ្រ្គីខលឈ័រ (ខេមបូឌា) លីមីតធីត បានទទួលសិទ្ធិ និងបានវិនិយោគនៅលើទីតាំងដីខាងលើនេះ តាំងពីឆ្នាំ២០០៨មកម្ល៉េះ។ បច្ចុប្បន្នក្រុមហ៊ុនបានរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ឈូសឆាយសំអាតព្រៃរួចរាល់ហើយ ដូច្នេះមិនមានអ្វីជាឧបសគ្គសម្រាប់ការដាំដុះនៅលើដីនេះឡើយ។ នៅពេលប្រមូលផល គឺដឹកចូលរោងចក្រកែច្នៃនៅក្នុងបរិវេណនោះតែម្តង។

ក្រៅតែពីការដាំដំឡូងមី ក្រុមហ៊ុនក៏ទទួលការវិនិយោគផ្នែកកសិកម្មលើ វិស័យផ្សេងៗទៀត ដូចជាការដាំបន្លែ និងការចិញ្ចឹមសត្វជាដើម។

អ្នកមានបំណងវិនិយោគដាំដុះដំឡូងមី បន្លែបង្ការ និងចិញ្ចឹមសត្វជាដើម នៅទីតាំងដីខាងលើនេះ អាចទាក់ទងសាកសួរព័ត៌មានតាមទូរស័ព្ទលេខ ០៩៩ ៨២៩ ៥៤៥ និង ០១៥២២២២០២៕