(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលថ្វាយព្រះបង្គំ និងប្រគេនទេយ្យទាន ព្រះវិមលសាគរ ហ្វាន់ ហឿន ព្រះមេគណខេត្តព្រះសីហនុ នៅវត្តដោយមានការចូលរួចពីលោក លោកស្រីអភិបាលរងខេត្ត លោកអភិបាលស្រុកព្រៃនប់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោកស្រីនាយករដ្ឋបាលស្រុកព្រៃនប់ នាយកទីចាត់ការទំនាក់ទំនងសាធារណៈ នាយកទីចាត់ការផែនការ និងវិនិយោគ ព្រមទាងព្រះសង្ឃដែលគង់នៅចាំព្រះវស្សា គណៈកម្មការអាចារ្យវត្ត លោកតា លោកយាយជាច្រើន។

ពិធីចូលថ្វាយបង្គំ ធ្វើនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នៅវត្តពោធិ៍ពេជ្រគិរី (ហៅវត្តភ្នំពេជ្រ) ស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ឱកាសនោះដែរ លោក គួច ចំរើន បាននាំយកបច្ច័យរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនជូនព្រះវិមលសាគរ ហ្វាន់ ហឿន ព្រះមេគុណខេត្តព្រះសីហនុ គង់នៅវត្តពោធិ៍ពេជ្រគិរី ស្ថិតក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីសាងសង់បង្ហើយសាលាគណខេត្ត។

បន្ថែមទៀតនោះលោក គួច ចំរើន បាននាំយកទឹកសុទ្ធ៤០កេស, ទឹកផ្លែរឈើ៤០ ភេសជ្ជៈ៤០កេស, បច្ច័យប្រគេនជូនព្រះសង្ឃក្នុងមួយអង្គ២០ម៉ឺនរៀល ស្លាដក១, យាយជី តាជីក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល និងក្នុង ។

ក្នុងឱកាសនោះ ព្រះវិមលសាគរ ហ្វាន់ ហឿន ព្រះមេគណខេត្តព្រះសីហនុ មានសង្ឃដីការថ្លែងអំណរគុណ ដល់លោកអភិបាលខេត្តព្រះសីហនុ ដែលចំណាយពេលវេលាដ៏មានតម្លៃពីការងារដ៏មមាញឹក ឆ្លៀតដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចូលថ្វាយបង្គំ សំណេះសំណាល និងបាននាំយកទេយ្យទាន និងបច្ច័យមួយចំនួនមកប្រគេនជូនដល់ព្រះសង្ឃ និងសូមជូនពរដល់លោកអភិបាលខេត្តព្រះសីហនុ និងក្រុមគ្រួសារ ព្រមទាំងមន្ត្រីរាជការទាំងអស់ជួបតែសេចក្តីសុខគ្រប់ប្រការឱកាសឆ្នាំថ្មី២០២៣៕