(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងភាពសប្បាយរីករាយ នៅចុងសប្តាហ៍នេះ ជាមួយនឹងការលេងកីឡាវាយកូនហ្គោល បន្ទាប់ពីរងចូលបង់ថ្លៃ​ផាកពិន័យ​ចំពោះការជិះម៉ូតូមិនពាក់មួកសុវត្ថិភាព នាថ្មីៗនេះ។ សម្តេចបានអះអាងថា ក្រោយពីការបង់ប្រាក់ផាកពិន័យរួច សម្តេចមានអារម្មណ៍ជ្រះថ្លា ហើយលេងកីឡាវាយកូនហ្គោលបានយ៉ាងល្អ ដោយសប្បាយរីករាយថែមទៀត។

នៅលើបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃអាទិត្យនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡោះងថា «បន្ទាប់ពីការងារពេញមួយសប្តាហ៍ រាប់ទាំងទទួលរងការផាកពិន័យ​ពីនគរបាល​ចរាចរណ៍ផង ថ្ងៃនេះលេងកូនហ្គោលយ៉ាងល្អ និងសប្បាយជាមួយសហការី»

សូមជំរាបថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ សប្តាហ៍មុននេះ ខណៈដែលទៅចូលរួមគោរពវិញ្ញាណក្ខន្ធ លោកតា សាយ ភូថង, សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និងបានជិះម៉ូតូឌុប នៅលើស្ពានកោះកុង ដោយពុំបានត្រៀមខ្លួនជាមុន។ ពេលនោះ មានក្រុមប្រជាពលរដ្ឋលើកឡើងថា សម្តេចភ្លេចពាក់មួកសុវត្ថិភាព។ ប៉ុន្តែទោះជាយ៉ាងណា កាលពី​ថ្ងៃទី២៤ ខែមិថុនា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានចូលទៅបង់ការផាកពិន័យជូននគរបាលផងដែរ ដើម្បីធ្វើជាគំរូដល់ជនដទៃទៀត ឱ្យមានការគោរពច្បាប់។

ក្រៅពីលើកឡើងអំពីរឿងផាកពិន័យ នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងសម្លៀកបំពាក់វាយកូនហ្គោលយ៉ាងស្រស់ស្អាត ក៏បានលើកឡើងអំពីការយក​ចិត្តទុកដាក់របស់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ចំពោះសម្តេច​ផងដែរ។ សម្តេចថា «ប្រពន្ធខ្ញុំប្រាប់ឱ្យខ្ញុំស្លៀកពាក់ឱ្យស្អាតដើម្បីឱយស័ក្ដិសមជាមួយគាត់ដែលជាជីដូនស្អាត»