(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ និង ជានាយកទីចាត់ការការងារ​ព្រំដែនអគ្គបញ្ជាការ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦នេះ បានប្រគល់ថវិកា ១៨លានរៀល ជូនគ្រួសារសពលោក ឧត្តមសេនីយ៏ត្រីពៅ ស៊ីដេង អតីតនាយទាហានបម្រើការងារនៅទីចាត់ការព្រំដែន ដែលបានទទួលមរណភាពកាលពីខែកញ្ញា ឆ្នាំ២០១៥  នៅសង្កាត់បឹងកក់ទី២ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានឲ្យដឹងថា ថវិកាដែលលោកបានយកមកប្រគល់ជូនក្រុមគ្រួសារសពនាពេលនេះ ជាថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់ជួយសម្រួល និង ដោះស្រាយការលំបាកបានខ្លះៗដល់ក្រុមគ្រួសារសព។

លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំអគ្គបញ្ជាការក្រសួងការពារជាតិ ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចគិតិព្រឹត្តបណ្ឌិត តែងបានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ក៏ដូចជាគ្រួសារកងទ័ពនៅគ្រប់ទិសទីមិនដែលខានឡើយ។

ឧត្តមសេនីយ៍ឯក សៀក សុជាតិ បានផ្តាំផ្ញើដល់ក្រុមគ្រួសារសពលោក ពៅ ស៊ីដេង ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ និងប្រឹងប្រែងកសាងសេដ្ឋកិច្ចគ្រួសារឲ្យមានជីវភាពធូរធា។

លោកស្រី គុណ វណ្ណាទី ជាភរិយាគ្រួសារសពលោក ពៅ ស៊ីដេង បានគោរពថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំអគ្គបញ្ជា ការ និង ក្រសួងការពារជាតិ ជាពិសេសសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ លោកស្រី បានបួងសួងដល់វត្ថុស័ក្តិសិទ្ធតាមជួយថែរក្សាសម្តេច និង បុត្រាបុត្រី ចៅប្រុសចៅស្រី ឲ្យមានសុខភាពល្អ អាយុយឺនយូរ ដើម្បីបន្តដឹកនាំមាតុភូមិកម្ពុជា ឲ្យមានការអភិវឌ្ឍការរីកចម្រើន និងមានសុខសន្តិភាពជាបន្តទៀត៕

Advertising