(ប៉ារីស)៖ ក្រុមជម្រើសជាតិ ប៉ូឡូញ, វ៉េល និងព័រទុយហ្គាល់ បានឡើងទៅឈរចាំមុននៃវគ្គ៨​ក្រុម​​​ចុងក្រោយ​មុនគេហើយ បន្ទាប់ពីគូប្រជែងរៀងៗខ្លួនយប់មិញ ខណៈរាត្រីនេះនៅមាន ៣ប្រកួត​បន្តទៀត​ក្នុងវគ្គ១៦ក្រុម នៃបាល់ទាត់ UEFA Euro 2016 នៅប្រទេសបារាំង។

ម្ចាស់ផ្ទះបារាំង ប៉ះសាធារណរដ្ឋអៀរឡង់ ចាប់ផ្តើមម៉ោង៨៖០០នាទី​យប់នេះមុនគេ ក្នុងពហុកីឡដ្ឋាន Parc Olympique Lyonnais ស្ថិតក្នុងទីក្រុង Lyon ដោយមានអាជ្ញាកណ្តាលលោក Nicola Rizzuli ជនជាតិអ៊ីតាលី ជាអ្នកកាត់សេចក្តី។

សូមបញ្ជាក់ផងដែរថា នេះជាការជំនួបនៃការប្រកួតលើកទី៤០ហើយ ក្នុងព្រឹត្តិការណ៍ពាន​រង្វាន់បាល់​ទាត់ប្រចាំទ្វីប​អឺរ៉ុប UEFA Euro 2016 លើកទី១៥នេះ ហើយក៏ជាលើកទី២ផង ដែលប្រារព្ធធ្វើនៅប្រទេសបារាំង។

ប្រសិនបើបារាំង ទម្លាក់អៀរឡង់រាត្រីនេះ ឡើងទៅវគ្គ៨ក្រុម នឹងត្រូវជួបអង់គ្លេស ឬអ៊ីស្លង់ ដែលប៉ះគ្នានៅរាត្រីថ្ងៃស្អែក គ្រាដែលអាល្លឺម៉ង់ ត្រូវប៉ះអ៊ីតាលី ឬក្រុមការពារតំណែងជើងឯកអេស្ប៉ាញ ក្រោយពីអាល្លឺង់ ទម្លាក់ស្លូវ៉ាគី យប់នេះសិននៅម៉ោង ១១យប់ មុនពេលប៊ែលហ្ស៊ិក ជួប ហុងគ្រី នៅម៉ោង ២រំលងអាធ្រាត្រ ក្នុងវគ្គ១៦ក្រុមដូចគ្នា៕

Advertising